28.6 C
Phnom Penh

លោក អ៊ុំ សំអាន ថា​លុះត្រាតែ​មេដឹកនាំ​ខ្មែរ​មាន​រឿង​លាក់​បាំង ទើប​មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា លុះត្រាតែ​មេដឹកនាំ​ខ្មែរ​មាន​រឿង​លាក់​បាំង​នឹង​ពលរដ្ឋ​ខ្លួនឯង ទើប​មិន​ហ៊ាន​ប្តឹង​ករណី​នានា​ជាមួយ​ថៃ ដូចជា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​កោះ​គុត/គុជ ជាដើម ទៅ​តុលាការ​អន្តរជាតិ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា ពេល​ពាក្យបណ្ដឹង​របស់​កម្ពុជា​ចូល​ដល់​តុលាការ​អន្តរជាតិ ភស្តុតាង​នានា​ក៏​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​តុលាការ​នេះ​ដែរ ហើយ​រឿងរ៉ាវ​អាថ៌កំបាំង​ទាំងឡាយ​ក៏​នឹង​ត្រូវ​លាតត្រដាង​នៅ​ពេល​នោះ ដូច្នេះ​បើ​មេដឹកនាំ​ខ្មែរ​គ្មាន​អាថ៌កំបាំង​អ្វី​ដែល​ត្រូវ​លាក់បាំង​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទេ ជម្រើស​នៃ​ការ​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​គឺជា​ការ​ជ្រើសរើស​ដ៏​ល្អ​បំផុត។

លោក អ៊ុំ សំអាន លើកឡើង​ថា ដើម្បី​ចៀសវាង​ការ​ប្រឈម​ដាក់​គ្នា​ក្នុង​នាម​ប្រទេស​ជា​មិត្ត និង​ជា​អ្នក​ជិតខាង​ជុំវិញ​ទំនាស់​បូរណភាព​ទឹកដី កម្ពុជា​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​ឡើយ ព្រោះ​មាន​តែ​តុលាការ​អាជ្ញាកណ្ដាល​នេះ​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា ហើយ​គ្មាន​ជម្លោះ​ជាមួយ​ប្រទេស​ជា​មិត្ត​ថែម​ទៀត។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទោះ​លទ្ធផល​បែប​ណា​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​អាច​ទទួល​យក​បាន​ដែរ ព្រោះ​អ្នក​ដែល​ចង់​ការពារ​ទឹកដី​មិនមែន​មាន​តែ​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​នេះ​ទេ។ ផ្ទុយទៅវិញ បើ​រដ្ឋាភិបាល​នេះ​មិន​ព្រម​ប្តឹង​ករណី​ទាំងនោះ​ទៅ​តុលាការ​អន្តរជាតិ ហាក់ដូចជា​ចាត់ទុក​ថា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​វាសនា​ប្រទេស​ជាតិ​មិន​ស្នេហា​ជាតិ មិន​ស្នេហា​ទឹកដី​ដូច​ក្រុម​ខ្លួន​ទៅវិញ។

ក្នុង​វីដេអូ​ឃ្លីប​មួយ​ប្រវែង​ជាង ២​នាទី ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​ការ​ឆ្លើយឆ្លង​គ្នា​រវាង​កងទ័ព​ថៃ និង​កងទ័ព​កម្ពុជា ដែល​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​នៅ​ព្រំប្រទល់​លើ​ប្រាសាទ​តាមាន់ធំ ដែល​ក្នុង​នោះ ទាហាន​ខ្មែរ​និយាយ​ទៅ​កាន់​ទាហាន​ថៃ ថា បើ​ពួកគេ​ចង់​ឆ្លង​មក​ចូល​ទឹកដី​របស់​កម្ពុជា ត្រូវ​រាយការណ៍​ជា​មុន ប៉ុន្តែ​បើ​មក​ឆៅៗ​បែប​នេះ គឺ​ភាគី​កម្ពុជា​មិន​អនុញ្ញាត​ដាច់ខាត។ ទាហាន​ខ្មែរ​ដែល​ប្រចាំការ​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ព្រមាន​ទាហាន​ថៃ ថា បើ​ហ៊ាន​មក​ម្ដង​ទៀត ច្បាស់​មាន​បញ្ហា​មិន​ខាន។

កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២៥ មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​កើត​ឡើង​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​ទាហាន​ថៃ ដែល​ឈរជើង​យាមកាម​នៅ​ទីនោះ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ច្រៀង​ចម្រៀង​ជាតិ​បទ​ដែនដី​ខ្មែរ​ប្រែ​ថា​សុវណ្ណ​ភូមិ។

ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​នេះ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ​កងពលតូច​ថ្មើរ​ជើង​លេខ​៤២ យោធភូមិភាគ​៤ ព្រមាន​ទៅ​កាន់​ទាហាន​ថៃ ថា បើ​មាន​ពលរដ្ឋ​ថៃ មក​តំបន់​ប្រាសាទ​តាមាន់ធំ ក៏​មិន​ត្រូវ​ឱ្យ​មាន​ការ​ច្រៀង​ចម្រៀង​ជាតិ​ថៃ ដែរ។ លោក​បញ្ជា​ទៅ​កាន់​កងទ័ព​ខ្មែរ​ថា កម្ពុជា​មិន​ខ្លាច​ទេ បើ​ថៃ​បាញ់ ខ្មែរ​ក៏​បាញ់​វិញ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស