អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកសម្ដីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលថាក្រុមប្រឆាំងកម្ពុជាអុជអាលឲ្យមានអរិយភាពព្រំដែនរវាងកម្ពុជា និងថៃ ថាជាចេតនាញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មីនា នេះថា ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះហាក់កំពុងបង្ហាញពីការគប់គិតជាមួយគ្រួសារលោក ហ៊ុន សែន ដើម្បីជាលេសបង្ក្រាបអ្នកប្រជាធិបតេយ្យខ្មែរ ទាំងនៅកម្ពុជា និងទាំងនៅប្រទេសថៃ។
លោក ម៉ែន ណាត លើកឡើងថា បើលោក ហ៊ុន សែន ជឿតាមលោក ថាក់ស៊ីន នោះកម្ពុជានឹងបន្តចាញ់កលល្បិចញុះញង់របស់ថៃ ដែលកំពុងមានមហិច្ឆតាឈ្លានពានលើបូរណភាពទឹកដីខ្មែរដូចករណីថៃ កំពុងគ្រប់គ្រងកោះគុត និងប្រាសាទតាមាន់តូច ហើយកំពុងបន្តមហិច្ឆតាលេបយកប្រាសាទតាមាន់ធំ ប្រាសាទតាក្របី រួមទាំងតំបន់សមុទ្រត្រួតស៊ីគ្នា OCA ដូច្នោះដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា ល្បិចកលរបស់ថៃ គឺជាការរំលោភបំពានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ រួមទាំងបំពានច្បាប់សមុទ្រអន្តរជាតិ UNCLOS ឆ្នាំ១៩៨២ និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្ដីពីបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលប្រទេសថៃ ក៏ជាភាគីហត្ថលេខីដែរនោះ។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីចៀសវាងការប្រឈមដាក់គ្នាក្នុងនាមប្រទេសជាមិត្ត និងជាអ្នកជិតខាង កម្ពុជាត្រូវតែប្តឹងថៃ នូវសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រួមទាំងរឿងកោះគុតទៅតុលាការអន្តរជាតិឱ្យខាងតែបាន។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន Thai Enquirer បានស្រង់សម្ដីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថាក្រុមប្រឆាំងកម្ពុជាបានប៉ុនប៉ងបង្កជម្លោះអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសកម្មភាពរបស់ពួកគេមិនត្រូវបានអើពើពីរដ្ឋាភិបាលកម្ពុជាឡើយ។
អតីតមេដឹកនាំថៃរូបនេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ មានការយល់ដឹងយ៉ាងច្បាស់អំពីសន្ធិសញ្ញាទាក់ទងនឹងតំបន់ជម្លោះ ដោយភាគីទាំងពីរបានទទួលស្គាល់គោលជំហរគ្នាទៅវិញទៅមករួចហើយ ស្របពេលដែលទំនាក់ទំនងរបស់លោកជាមួយលោក ហ៊ុន សែន នៅតែរឹងមាំដូចមុនដដែល។ ជាងនេះទៀត កូនស្រីរបស់លោក គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្ត្រីនៅពេលនេះ និងកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីដែរនោះ ក៏មានទំនាក់ទំនងល្អនឹងគ្នាដែរ។
រយៈពេលជាង ៤ទសវត្សរ៍ កម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលហ៊ុន ត្រូវគេកត់សម្គាល់ឃើញថាទឹកដីខ្មែរភាគខាងលិចត្រូវបាត់បង់ទៅប្រទេសថៃជាច្រើនអន្លើ មិនខុសពីទឹកដីភាគខាងកើតដែលបាត់បង់ទៅប្រទេសវៀតណាម នោះទេ ដូចជាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងដែនសមុទ្រទំហំ ៣ម៉ឺនគីឡូម៉ែត្រក្រឡា ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

