ក្រសួងការបរទេសកម្ពុជា អះអាងថា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងជួបទ្វេភាគីជាមួយលោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ សប្តាហ៍នេះ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសខ្មែរបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃចន្ទនេះថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ មកកម្ពុជារយៈពេល ២ថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ដើម្បីធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងវិស័យផ្សេងៗមួយចំនួនទៀតផងដែរ។
ប្រភពដដែលអះអាងថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាខាងមុខនេះ នាយករដ្ឋមន្ត្រីថៃ នឹងពិភាក្សាពីការកំណត់ទិសដៅសកម្មភាពក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ក្រៅពីជួបជាមួយនឹងលោក ហ៊ុន ម៉ាណែត អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏នឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងមានជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមទាំងជួបជាមួយអ្នកស្រី ឃួន សុដារី ប្រធានរដ្ឋសភាផងដែរ។
កាសែតថៃ The Nation Thailand បានស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងសុប (Jirayu Houngsub) កាលពីថ្ងៃទី១៩ មេសា ថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី ផែថងថាន គឺដើម្បីអបអរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ហើយក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាព្រំដែនផងដែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មេសា នេះថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ គឺចំពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាព្រំដែនជាមួយគ្នា ដូច្នេះកម្ពុជាក្រៅពីពិភាក្សាលើទំនាក់ទំនងទ្វេភាគី និងចំណងមិត្តភាព សេដ្ឋកិច្ច សន្តិសុខ បញ្ហាព្រំដែន គឺជារឿងសំខាន់បំផុតដែលត្រូវលើកយកមកពិភាក្សាក្នុងដំណើរទស្សនកិច្ចនេះ។
លោក អ៊ុំ សំអាន ជំរុញឱ្យលោក ហ៊ុន ម៉ាណែត យកបញ្ហាកោះគុត បញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងបញ្ហាប្រាសាទតាក្របី ទៅពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីបញ្ជាក់ជំហររបស់ខ្លួនក្នុងការទាមទារយកទឹកដីខ្មែរ ដែលថៃ បានរំលោភទាំងបំពានយកទៅកាន់កាប់នាពេលកន្លងមក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

