30.7 C
Phnom Penh

លោក ត្រាំ និង​លោក ហ្សេឡេនស្គី ប៉ះ​សម្ដី​គ្នា​ជា​ថ្មី ខណៈ​លោក ត្រាំ គំរាម​បោះបង់​ផែនការ​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​ម្តង​ទៀត​ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​សង្គ្រាម ខណៈ​លោក ត្រាំ បន្ទោស​លោក ហ្សេឡេនស្គី ដែល​បដិសេធ​ការ​ទទួលស្គាល់​ការ​កាន់កាប់​ពី​រុស្ស៊ី លើ​តំបន់​គ្រីមៀរ។

នេះ​បើ​តាម​សារព័ត៌មាន Japan Today ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មេសា។

លោក ត្រាំ ដែល​ធ្លាប់​ទាស់​ពាក្យសម្ដី​ជាមួយ​លោក ហ្សេឡេនស្គី ម្តង​ហើយ​ក្នុង​កិច្ចប្រជុំ​នៅ​ឯ​សេតវិមាន ហើយ​ម្ដង​នេះ​លោក​ចាត់ទុក​ជំហរ​លោក ហ្សេឡេនស្គី ថា​ធ្វើ​ឱ្យ​កាន់តែ​ពិបាក​ក្នុង​ការ​សម្រេច​បាន​សន្តិភាព។

លោក ត្រាំ បញ្ជាក់​ថា គ្មាន​នរណា​គេ​ស្នើ​ឱ្យ​លោក ហ្សេឡេនស្គី ទទួលស្គាល់​តំបន់​គ្រីមៀរ ជា​ដែនដី​រុស្ស៊ី នោះ​ទេ ប៉ុន្តែ​លោក ត្រាំ ថា​បើ​លោក ហ្សេឡេនស្គី ចង់បាន​គ្រីមៀរ មក​វិញ ម្ដេច​មិន​ប្រយុទ្ធ​យក​ដី​នេះ​មក​វិញ ព្រោះ​វា​មាន​រយៈពេល ១១​ឆ្នាំ​ហើយ​ដែល​វា​ធ្លាក់​ទៅ​ក្នុង​ដៃ​រុស្ស៊ី។

តំបន់​ជ្រោយ​គ្រីមៀរ គឺជា​ដែនដី​មួយ​នៃ​សមុទ្រ​ខ្មៅ។ ដែនដី​មួយ​នេះ​បាន​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ក្លែងក្លាយ​ដែល​យល់ព្រម​ដោយ​លោក វ៉ិចទ័រ យ៉ានុកកូវិច ឋានៈ​ប្រធានាធិបតី​អ៊ុយក្រែន ក្នុង​សម័យ​នោះ។ តែ​បើ​ទោះជា​ដឹង​ថា​តំបន់​ជ្រោយ​មួយ​នេះ​មាន​ប្រជាជន​រុស្ស៊ី ជាង ៨០​ភាគរយ​ក៏ដោយ លោក វ៉ិចទ័រ យ៉ានុកកូវិច នៅតែ​យល់ព្រម​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ។

ទីបំផុត លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា​ជាង ៨០​ភាគរយ យល់ព្រម​លើក​គ្រីមៀរ ដាក់​ចំណុះ​ក្រុង​មូស្គូ។ ក្រោយពី​សុខចិត្ត​ក្បត់​ជាតិ​ខ្លួន​ឲ្យ​ដី​ទៅ​រុស្ស៊ី លោក វ៉ិចទ័រ យ៉ានុកកូវិច និង​គ្រួសារ ប្រពន្ធ​កូន រត់​ទៅ​ជ្រកកោន​នៅ​ក្រុង​មូស្គូ ខណៈ​ប្រជាជន និង​កងទ័ព​អ៊ុយក្រែន ងើប​ឡើង​បះបោរ​ភ្លូកទឹក​ភ្លូកដី​ទាញ​ទម្លាក់​ពី​អំណាច ហើយ​កាត់ទោស​លោក​អំពី​បទ​ក្បត់​ជាតិ​សាសន៍​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី បាន​ប្រកាស​ទាត់ចោល​លក្ខខណ្ឌ​បង្ខំ​អ៊ុយក្រែន ទទួលស្គាល់​ដែនដី​គ្រីមៀរ ជា​របស់​រុស្ស៊ី ស្រប​ច្បាប់ ដែល​ស្នើ​ឡើង​ដោយ​លោក ដូណាល់ ត្រាំ។ លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ថា៖ «តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​អ៊ុយក្រែន ទោះជា​លោក​មាន​ឋានៈ​ជា​ប្រធានាធិបតី តែ​បុគ្គល​ដូច​រូបលោក​មិន​អាច​រំលោភ​រដ្ឋធម្មនុញ្ញ​បាន​ឡើយ។»

លោក​បញ្ជាក់​ទៀត​ថា រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ណាស់ គឺ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​មួយ ទោះ​មាន​ឋានៈ​អ្វី​ក៏ដោយ មិន​អាច​កាត់​ច្រៀក​ទឹកដី​អ៊ុយក្រែន ទៅ​ឱ្យ​ប្រទេស​ណា​មួយ​បាន​ឡើយ។

អ្នក​សង្កេតការណ៍​បាន​ហៅ​សារ​របស់​លោក ហ្សេឡេនស្គី គឺជា​ការ​វាយ​សំពង​ដ៏​ធ្ងន់ធ្ងរ​ទៅ​ជំហរ​មិន​ច្បាស់លាស់​ខាង​លោក ដូណាល់ ត្រាំ ចំពោះ​ក្រុង​មូស្គូ។ សារ​វាយ​ចំអក​នេះ​ហើយ​ដែល​នាំ​ឱ្យ​លោក ត្រាំ គំរាម​បោះបង់​ចោល​ផែនការ​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។ លោក​ថា ចាប់ពី​ពេលនេះ លោក ហ្សេឡេនស្គី ត្រូវ​ជ្រើសរើស​រវាង​សន្តិភាព និង​សង្គ្រាម។ លោក​ព្រមាន​ទៀត​ថា បើ​សង្គ្រាម​នៅតែ​បន្ត គឺ​ប្រទេស​អ៊ុយក្រែន នឹង​ត្រូវ​រុស្ស៊ី លេប​យក។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​សរសើរ​លោក ត្រាំ ដែល​បាន​យល់​ពី​ស្ថានភាព​សង្គ្រាម​នៅ​លើ​សមរភូមិ បញ្ជាក់​ថា​តំបន់​ចំនួន ៤ ដែល​កងទ័ព​រុស្ស៊ី កំពុង​កាន់កាប់​មាន​ដូចជា ខេត្ត Luhansk, ខេត្ត Donetsk, តំបន់ Kherson និង Zaporizhzhia ត្រូវតែ​ជា​របស់​រុស្ស៊ី។

ជាមួយ​គ្នា​នេះ​ដែរ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក JD Vance បាន​និយាយ​ថា វា​ដល់​ពេល​ហើយ​សម្រាប់​រុស្ស៊ី និង​អ៊ុយក្រែន ក្នុង​ការ​យល់ព្រម​ចំពោះ​សំណើ​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក ហើយ​បើ​ពុំ​នោះ​ទេ ចង់​ឱ្យ​អាមេរិក​ដើរ​ចេញពី​ដំណើរការ​សន្តិភាព​នេះ។

ដំណាល​គ្នា​ដែរ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio ក៏​បាន​លុប​ចោល​ផែនការ​ចូលរួម​កិច្ចចរចា​នៅ​ទីក្រុង​ឡុងដ៍ ដែល​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​អ៊ុយក្រែន អង់គ្លេស បារាំង និង​អាល្លឺម៉ង់។ លោក Marco Rubio ដែល​ប្រកាស​មិន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍ បន្ទាប់ពី​លោក ហ្សេឡេនស្គី ទាត់​ចោល​សំណើ​របស់​លោក ត្រាំ ដែល​បង្ខំ​ឱ្យ​អ៊ុយក្រែន ទទួលស្គាល់​តំបន់​គ្រីមៀរ ជា​ដែនដី​ស្រប​ច្បាប់​របស់​រុស្ស៊ី។

ករណី​ដែនដី​គ្រីមៀរ នេះ ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន អ្នកស្រី Yulia Svyrydenko បាន​និយាយ​ថា អ៊ុយក្រែន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិន​ដើម្បី​ចុះចាញ់​នោះ​ទេ។ រីឯ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អ៊ុយក្រែន វិញ លោក Andrii Sybiha បាន​និយាយ​ថា អ៊ុយក្រែន​នៅតែ​បន្ត​ប្ដេជ្ញា​ធ្វើការ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​រក​ទី​បញ្ចប់​ចំពោះ​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី។

ជុំវិញ​ស្ថានភាព​សង្គ្រាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មេសា មនុស្ស​យ៉ាងហោច ៩​នាក់ ត្រូវ​បាន​សម្លាប់ និង​ជាង ៧០​នាក់​ទៀត បាន​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​របស់​រុស្ស៊ី លើ​រដ្ឋធានី​គៀវ របស់​អ៊ុយក្រែន។ កងទ័ព​អាកាស​អ៊ុយក្រែន ប្រកាស​ថា រុស្ស៊ី​បាន​បាញ់​មីស៊ីល​យ៉ាងតិច ៧០​គ្រាប់ និង​ដ្រូន ១៤៥​គ្រឿង មក​លើ​អ៊ុយក្រែន កាលពី​អំឡុង​វេលា​យប់​ថ្ងៃ​ពុធ។ កាលពី​ថ្ងៃ​ពុធ ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​របស់​រុស្ស៊ី បាន​ដៅ​ចំ​រថយន្តក្រុង ១​គ្រឿង​នៅ​ទីក្រុង Marhanets ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ុយក្រែន បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច ៩​នាក់​ស្លាប់ និង​ជិត ៥០​នាក់​រង​របួស៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស