ក្រោយពីហៅប្រធានាធិបតីរុស្ស៊ី ថាដូចជាមនុស្សឆ្កួតកាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ព្រមានថាលោកទុកពេលពីរសប្តាហ៍ឱ្យលោក ពូទីន ទទួលយកបទឈប់បាញ់គ្នាជាមួយប្រទេសអ៊ុយក្រែន បើពុំដូច្នេះទេ លោកនឹងបង្កើនការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ក្នុងកម្រិតធ្ងន់បំផុត។
នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២៩ ឧសភា។
បន្ទាប់ពីទីក្រុងមូស្គូ បង្កើនការវាយប្រហារទៅលើអ៊ុយក្រែន ជាមួយការបាញ់ដ្រូនជាង ៦០០គ្រឿង និងគ្រាប់មីស៊ីលជាច្រើនសិបគ្រាប់ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ឧសភា លោក ត្រាំ បានប្រមាថលោក ពូទីន ថាឆ្កួតសុទ្ធ ហើយថាលោក ពូទីន ពេលនេះកំពុងលេងជាមួយភ្លើងសង្គ្រាម។
ការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងគៀវ នាពេលថ្មីៗនេះ ត្រូវបានគេចាត់ទុកថាវាជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយក្នុងសង្គ្រាមជាង ៣ឆ្នាំមកនេះ។
នៅពេលដែលត្រូវបានសួរថា តើលោកគិតថាលោក ពូទីន មានឆន្ទៈក្នុងការបញ្ចប់សង្គ្រាម ឬអត់នោះ លោក ត្រាំ បានឆ្លើយថា លោកនឹងបកស្រាយបន្ទាប់ពីរយៈពេលពីរសប្តាហ៍ បើរុស្ស៊ី មិនព្រមធ្វើឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់។
កាលពីថ្ងៃទី១៩ ឧសភា លោក ត្រាំ បានសន្ទនាគ្នាតាមទូរសព្ទរយៈពេលពីរម៉ោងជាមួយលោក ពូទីន តែក្នុងថ្ងៃសន្ទនាគ្នានោះ ក៏រុស្ស៊ី បន្តវាយប្រហារស្រោចដោយដ្រូនទៅលើអ៊ុយក្រែន រហូតរុស្ស៊ី បាញ់មីស៊ីលបាលីស្ទិកលើទឹកដីអ៊ុយក្រែន ទៀតផង។ ពេលនោះ លោក ត្រាំ ដាក់ជាចម្ងល់ថា លោកពូទីន និយាយជាមួយលោកសុទ្ធតែរឿងល្អៗ តែរុស្ស៊ី នៅបន្តវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ ដូចនេះហើយដែលលោក ត្រាំ ហៅលោក ពូទីន ថាកំពុងភូតភរលោក ឬក៏លោក ពូទីន ជាមនុស្សឆ្កួតទៅហើយ។
យ៉ាងណា គេមិនទទួលបាននូវការឆ្លើយតបជាវិជ្ជមានពីទីក្រុងមូស្គូ នោះទេ ខណៈដែលរុស្ស៊ី នៅតែប្រកាន់ជំហរឈ្លានពានអ៊ុយក្រែន។
លោក ត្រាំ បញ្ជាក់ថា ទណ្ឌកម្មកាលពីក្នុងរដ្ឋការលោក បៃដិន មិនទាន់កាត់បន្ថយអ្វីទេ។ តែបើក្រុងមូស្គូ មិនព្រមបន្ទន់ជំហរទេ គឺរដ្ឋការរបស់លោកលែងទុកពេលឱ្យរុស្ស៊ី ទៀតហើយ។ តែជាមួយគ្នានេះ សេតវិមានច្រានចោលការចោទប្រកាន់ថារដ្ឋការលោក ត្រាំ ផ្គាប់ចិត្តទីក្រុងមូស្គូ ទើបធ្វើឱ្យក្រុងមូស្គូ បន្តទិញពេលវេលាទៅមុខទៀត។ តែបែបនេះក្ដី វិធីសាស្ត្រសម្រុះសម្រួលខាងរដ្ឋការលោក ត្រាំ ត្រូវបានគេមើលឃើញថាវាបានធ្វើឱ្យវិមានក្រឹមឡាំង កាន់តែមានអំណាចច្រើនឡើង។
ជារឿយៗ លោក ត្រាំ ត្រូវបានគេមើលឃើញថា លោកតែងតែបន្ទន់ជំហរទៅតាមការទាមទាររបស់លោក ពូទីន ព្រោះតែលោក ត្រាំ បានផ្លាស់ប្ដូរគ្រប់វិធីសាស្ត្រ រួមមានការអំពាវនាវសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃភ្លាមៗ ហើយថ្មីៗនេះ ទាមទារឲ្យអ៊ុយក្រែន មានកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ដើម្បីឈានទៅរកដំណោះស្រាយសន្តិភាពរួមគ្នា។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អំពីការរៀបចំសំណើជាក់លាក់សម្រាប់ជុំថ្មីទី២ នៃការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន។
តាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសរុស្ស៊ី លោក Lavrov បានប្រាប់លោក Rubio អំពីការអនុវត្តការព្រមព្រៀងគ្នារវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាមេរិក អំឡុងជំនួបតាមទូរសព្ទកាលពីពេលកន្លងទៅ។ លោក Lavrov បាននិយាយថា រុស្ស៊ី កំពុងស្នើឱ្យមានកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន ជុំបន្ទាប់ក្នុងទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួកគី នៅថ្ងៃទី២ ខែមិថុនា ក្នុងគោលបំណងសម្រេចបាននូវដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាព។
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ថា ទីក្រុងមូស្គូ នៅតែរង់ចាំការឆ្លើយតបពីអ៊ុយក្រែន ចំពោះសំណើរបស់រុស្ស៊ី ក្នុងការរៀបចំកិច្ចចរចាសន្តិភាពជុំបន្ទាប់នៅទីក្រុងអ៊ីស្តាន់ប៊ុល នាថ្ងៃទី២ ខែមិថុនា ដើម្បីចាប់ផ្តើមការពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយថា ទីក្រុងគៀវ បានដាក់អនុស្សរណៈរបស់ខ្លួនស្ដីពីដំណោះស្រាយរួចហើយ។ លោកបានអំពាវនាវឱ្យរុស្ស៊ី បង្ហាញជំហរទន់ភ្លន់របស់ខ្លួនជាបន្ទាន់ ជាជាងរង់ចាំដល់សប្តាហ៍ក្រោយ។
កិច្ចចរចាដោយផ្ទាល់រវាងភាគីទាំងពីរកាលពីថ្ងៃទី១៦ ខែឧសភា បានជួបរឿងបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលទីក្រុងមូស្គូ បាននិយាយថា មិនអាចសម្រេចបានទេ មុនពេលលក្ខខណ្ឌមួយចំនួនរបស់ខ្លួនមិនត្រូវបានបំពេញ។ នេះគឺព្រោះតែរុស្ស៊ី ដាក់លក្ខខណ្ឌឱ្យអ៊ុយក្រែន ដកទ័ពចេញពីសមរភូមិ ហើយយល់ព្រមបញ្ចប់សង្គ្រាម ព្រមជាមួយនឹងការប្រគល់ទឹកដីទាំងឡាយដែលធ្លាក់ក្នុងដៃរបស់រុស្ស៊ី ជាដែនដីរបស់រុស្ស៊ី ដែលភាគីអ៊ុយក្រែន ទាត់ចោលទាំងស្រុង។
តែបែបនេះក្ដី ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី នៅតែបន្តស្នើឱ្យមានកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
វិមានក្រឹមឡាំង ធ្លាប់បាននិយាយថា ជំនួបរវាងមេដឹកនាំទាំងពីរ នឹងអាចកើតឡើងទៅបាន លុះត្រាតែមានកិច្ចព្រមព្រៀងណាមួយសិន។ ចំណែកលោក ត្រាំ វិញ បានបង្ហាញការធុញទ្រាន់ចំពោះលោក ពូទីន និងលោក ហ្សេឡេនស្គី ដោយសារនៅតែមិនព្រមឯកភាពគ្នាសម្រេចបានកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម។
យ៉ាងណាមិញ លោក ពូទីន បានទាត់ចោលជាថ្មីទៀតនូវសំណើលោក ហ្សេឡេនស្គី ដែលសុំឱ្យមានកិច្ចចរចាត្រីភាគីរវាងរូបលោក និងលោក ពូទីន រួមជាមួយលោក ត្រាំ ផងដែរ។
ជាមួយនឹងការទាត់ចោលនេះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបន្ថែមលក្ខខណ្ឌថ្មីទៀត គឺការទាមទារឱ្យមេដឹកនាំលោកខាងលិច សន្យាជាលាយលក្ខណ៍អក្សរថាឈប់ពង្រីកបក្សសម្ព័ន្ធយោធាណាតូ ឆ្ពោះទៅភាគខាងកើត និងដកទណ្ឌកម្មមួយចំនួនចេញពីប្រទេសរុស្ស៊ី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

