28.4 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជួប​បណ្ដា​អង្គទូត​ប្រចាំ​កម្ពុជា ដើម្បី​ពន្យល់​ពី​ការ​វិវឌ្ឍ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មិថុនា នេះ បាប​ជួប​ជាមួយ​បណ្ដា​អង្គទូត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពន្យល់​ពី​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ហើយ​កម្ពុជា​ក៏​បាន​ពន្យល់​អំពី​ការ​បញ្ជូន​សំណុំរឿង​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ផង​ដែរ។

យោង​តាម​ហ្វេសប៊ុក​របស់​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មិថុនា នេះ បាន​សរសេរ​ថា លោក ប្រាក់ សុខុន បាន​ពន្យល់​ពី​ការ​វិវឌ្ឍ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ទៅ​កាន់​បណ្តា​អង្គទូត​បរទេស​ចំនួន ២៧ ប្រចាំ​នៅ​កម្ពុជា។ លោក​ក៏​បាន​រៀបរាប់​ឡើងវិញ​ពី​សារបាន​នៃ​ព្រឹត្តិការណ៍​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដែល​ទាហាន​ថៃ បាន​ចូល​ឈ្លានពាន​នៅ​លេណដ្ឋាន​កម្ពុជា នៅ​តំបន់​មុំ​បី ក្នុង​ខេត្ត​ព្រះវិហារ ដែល​បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត។

ប្រភព​ដដែល​អះអាង​ថា លោក ប្រាក់ សុខុន ក៏​បាន​លើកឡើង​ពី​វិធានការ និង​សកម្មភាព​ជា​ឯកតោភាគី​របស់​ថៃ ដូចជា​ការ​បំពាន និង​គំរាមកំហែង​មក​លើ​កម្ពុជា ដូចជា​ការ​បន្ថយ​ម៉ោង​បើក​ច្រក​ទ្វារ​ព្រំដែន ការ​ផ្តាច់​អ៊ីនធឺណិត និង​ឈប់​ផ្គត់ផ្គង់​អគ្គិសនី ជាដើម។

លោក ប្រាក់ សុខុន បញ្ជាក់​ទៀត​ថា ដោយសារតែ​ការ​បំពាន និង​ការ​គំរាម​របស់​ភាគី​ថៃ យ៉ាង​ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​តាមរយៈ​យោធា ការទូត និង​ផ្លូវច្បាប់ ដើម្បី​ការពារ​នូវ​ភាព​យុត្តិធម៌ សេចក្តី​ត្រឹមត្រូវ សុចរិតភាព ប្រយោជន៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា។

ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ កាន់តែ​មាន​ភាព​តានតឹង​ខ្លាំង​ចាប់ពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយសារ​ទ័ព​ថៃ បាន​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​តំបន់​មុំ​បី ហើយ​ផ្ដើម​បាញ់​ទាហាន​កម្ពុជា បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់។ ករណី​នេះ កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង។ បន្ទាប់​មក ថៃ​បន្ត​បំពាន និង​គំរាមកំហែង​កម្ពុជា​ជាបន្តបន្ទាប់ រហូត​រីក​រាលដាល​ដល់​ការ​បង្រួម​ម៉ោង​ចេញ​ចូល​តាម​ច្រក​ព្រំដែន ព្រោះតែ​ថៃ សម្រេច​បិទ​ច្រក​ព្រំដែន​ជា​ឯកតោភាគី ហើយ​ថែមទាំង​គំរាម​ក្នុង​ការ​ផ្តាច់​អ៊ីនធឺណិត និង​ឈប់​ផ្គត់ផ្គង់​អគ្គិសនី​ជាមួយ​កម្ពុជា​ថែមទៀត។

ករណី​នេះ នៅ​ថ្ងៃទី​១៦ ខែ​មិថុនា កម្ពុជា​បាន​ដាក់​លិខិត​ផ្លូវការ​របស់​ខ្លួន​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្នើសុំ​ឲ្យ ICJ ជួយ​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស