29.3 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា៖ ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​ពី​សំណាក់​ភាគី​ថៃ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា ការ​បិទ​ព្រំដែន​ដោយ​ឯកតោភាគី​ពី​សំណាក់​ភាគី​ថៃ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៦ មិថុនា នេះ​ថា ការ​បិទ​ព្រំដែន​ពី​សំណាក់​ប្រទេស​ថៃ ដែល​មិន​បាន​ជូនដំណឹង​ដល់​កម្ពុជា​ជា​មុន បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូចជា សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ សិទ្ធិ​មាន​ជីវភាព​រស់នៅ​សមរម្យ សិទ្ធិ​មាន​ការងារ​ធ្វើ សិទ្ធិ​ទទួល​ព័ត៌មាន សិទ្ធិ​ទទួល​បាន​សុខភាព និង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ។

ប្រភព​ដដែល លើកឡើង​ថា ការ​បិទ​ព្រំដែន​ដោយ​ឯកតោភាគី​របស់​ថៃ គឺជា​ការ​រំលោភ​ដល់​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​មាត្រា​១៣ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១២។ ជាង​នេះ​ទៀត ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ក្នុង​មាត្រា​១១។ បន្ថែម​ពី​នេះ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​មាត្រា​២៣ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​មាត្រា​៦ ថែមទៀត។

គណៈកម្មាធិការ​ដដែល​នេះ បន្ត​ថា ចំណែកឯ​មាត្រា​១៩ ក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​ចែង​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ក៏​រង​នូវ​ការ​រំលោភបំពាន​ពី​ការ​បិទ​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ ដោយ​ឯកតោភាគី​នា​ពេលនេះ​ដែរ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​សុខភាព និង​ការ​អប់រំ​ដែល​ត្រូវ​បាន​ការពារ​ដោយ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​មាត្រា​១២ មាត្រា​១៣ និង​មាត្រា​១៤ ថែមទៀត។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា នៅ​ពេល​ដែល​ច្រក​ព្រំដែន​ដែល​មាន​សុវត្ថិភាព និង​ស្រប​ច្បាប់​ត្រូវ​បាន​បិទ នឹង​បង្ខំ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​មធ្យោបាយ​ឆ្លងកាត់​ព្រំដែន​ខុស​ច្បាប់ ជាពិសេស​កម្មករ​ដែល​កំពុង​ត្រូវការ​ការងារ​ធ្វើ នឹង​បង្កើន​ហានិភ័យ​នៃ​ការ​ជួញដូរ​មនុស្ស ជាពិសេស​ក្រុម​ជន​ងាយ​រងគ្រោះ ដូចជា ស្ត្រី កុមារ មនុស្ស​ចាស់ និង​ជន​មាន​ពិការភាព ជាដើម។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មិថុនា នេះ​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ ជាង ១០០​នាក់ (១០៥​នាក់) រួម​ទាំង​ក្មេងៗ និង​កុមារ​តូចៗ​ផង​នោះ ត្រូវ​បាន​ប៉ូលិស​ថៃ ដឹក​មក​ដាក់​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​២៥ ខែ​មិថុនា នេះ បន្ទាប់ពី​ពលករ​ទាំងនោះ​ត្រូវ​ដាក់​ឱ្យ​រង់ចាំ​តាំងពី​ម៉ោង ៥​ព្រឹក​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

អង្គការ​សង់ត្រាល់ អះអាង​ថា តាម​ការ​សង្កេត​ផ្ទាល់​ពី​ក្រុម​ការងារ​ស្មា (SMA) និង​បណ្ដាញ​ពលករ ព្រមទាំង​បាន​សាកសួរ​ពលករ​ខ្មែរ​ខ្លះ​ដែល​មិន​មាន​ឯកសារ កាលពី​ល្ងាច​ថ្ងៃ​ដដែល​នោះ បាន​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ខ្លះ​ត្រូវ​បាន​ប៉ូលិស​ថៃ ទៅ​ចាប់​ដល់​កន្លែង​ធ្វើការ ខណៈ​ពលករ​ខ្លះ​ទៀត​បាន​ដើរ​ពី​កន្លែង​ធ្វើការ​មក​កាន់​ច្រក​ព្រំដែន ដើម្បី​រង់ចាំ​ឲ្យ​ថៃ នាំ​ពួកគេ​មក​ប្រទេស​កម្ពុជា​វិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស