អាជ្ញាធរអ៊ុយក្រែន នៅទីក្រុងគៀវ បានឱ្យដឹងថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនបាញ់ស្រោចមកលើរដ្ឋធានីគៀវ ពេញមួយយប់កាលពីរំលងអាធ្រាត្រចូលថ្ងៃទី៤ កក្កដា បណ្តាលឱ្យមនុស្សយ៉ាងហោច ២៣នាក់របួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ហើយធ្វើឱ្យអគារ និងយានជំនិះឆាបឆេះពាសពេញរដ្ឋធានីនៃប្រទេសដែលកំពុងហួងហែងដោយសង្គ្រាមឈ្លានពានពីប្រទេសរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ក្រោយការបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្នអំពីការវាយប្រហារតាមផ្លូវអាកាសអស់រយៈពេលប្រមាណ ៨ម៉ោង ហើយបញ្ចប់ទៅវិញនៅម៉ោង ៥ទៀបភ្លឺ នាថ្ងៃសុក្រ ទី៤ កក្កដា នេះ អភិបាលទីក្រុងគៀវ លោក Vitali Klitschko បាននិយាយថា ក្នុងចំណោមអ្នករងរបួស គឺ ១៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសង្កាត់ចំនួន ៦ ក្នុងចំណោមសង្កាត់ទាំង ១០ នៃទីក្រុងគៀវ បានរងការបំផ្លិចបំផ្លាញ។
តាមការប្រកាសពីកងទ័ពអាកាសអ៊ុយក្រែន ការវាយប្រហារដែលធ្វើឡើងជាច្រើនលើកមកនេះ រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនសរុប ៥៣៩គ្រឿង និងមីស៊ីល ១១គ្រាប់ បាញ់មកលើទឹកដីអ៊ុយក្រែន ភាគច្រើនកំណត់គោលដៅលើរដ្ឋធានីគៀវ។ តែកងទ័ពអាកាសអ៊ុយក្រែន អះអាងថា ដ្រូន និងគ្រាប់មីស៊ីលដល់ទៅ ៤៧៨ ត្រូវបានបាញ់ស្កាត់។
ការវាយប្រហារពីទ័ពរុស្ស៊ី ដោយប្រើប្រាស់ដ្រូនដ៏ច្រើននេះ ធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយពីលោក ត្រាំ និងលោក ពូទីន បានសន្ទនាគ្នាតាមទូរសព្ទជាងមួយម៉ោងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣ កក្កដា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចសន្ទនាតាមទូរសព្ទរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ពុំមានវឌ្ឍនភាពអ្វីជុំវិញកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នោះទេ។ លោកប្រាប់អ្នកកាសែតថា លោកមិនសប្បាយចិត្តក្នុងកិច្ចសន្ទនានោះទេ។
តាមទីប្រឹក្សានយោបាយលោក ពូទីន ម្នាក់ឈ្មោះ Yuri Ushakov លោក ពូទីន ប្រាប់លោក ត្រាំ ថា សហរដ្ឋអាមេរិកមិនចាំបាច់រវល់រឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នោះពេកទេ ហើយថាក្រុងមូស្គូ នឹងមិនបោះបង់ទិសដៅរបស់ខ្លួននោះឡើយ ដែលអ្នកវិភាគបស្ចិមប្រទេសសំដៅទៅលើការដណ្តើមកាន់កាប់ គ្រប់គ្រង ត្រួតត្រាទឹកដីអ៊ុយក្រែន។
រុស្ស៊ី នៅតែបន្តដាក់លក្ខខណ្ឌបញ្ចប់សង្គ្រាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន ជាមួយនឹងការទាមទារលុបបំបាត់ចោលឫសគល់នៃជម្លោះ ក្នុងនោះរួមមានការទាមទារឱ្យអ៊ុយក្រែន បោះបង់ចោលមហិច្ឆតាចង់ក្លាយជាសមាជិកណាតូ (NATO) ហើយថាទីក្រុងគៀវ ត្រូវតែទទួលស្គាល់ដែនដីទាំង ៤ តំបន់នៅភាគខាងកើត និងខាងត្បូងជារបស់រុស្ស៊ី។
ដែនដីទាំង ៤ នេះមានខេត្តលូហ្គាន់ ខេត្តដូណែត ក្នុងតំបន់ដុនបាស់ នៅភាគខាងកើត និងតំបន់ហ្សាប៉ូរីហ្សា និងខឺសុន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលកំពុងធ្លាក់ក្នុងដៃកងទ័ពរុស្ស៊ី និងកំពុងប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលមានជាតិសាសន៍ វប្បធម៌ ភាសា និងប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

