28.8 C
Phnom Penh

ប្រទេស​រុស្ស៊ី ថា​ត្រៀម​ខ្លួន​ចរចា​ជាមួយ​ប្រទេស​អ៊ុយក្រែន ជា​លើក​ទី​៣ បន្ទាប់ពី​លោក ត្រាំ ព្រមាន​ទុក​ពេល​ឱ្យ ៥០​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​រាយការណ៍​ថា ភាគី​រុស្ស៊ី បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បន្ត​ការ​ចរចា​ជាមួយ​អ៊ុយក្រែន ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គ្រាម​ជាមួយ​នឹង​អ៊ុយក្រែន។

បើ​តាម​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov ភាគី​រុស្ស៊ី បាន​យល់ព្រម​ថា​ការ​ចរចា​ជុំ​ទី​៣ ជាមួយ​អ៊ុយក្រែន គួរ​មាន​ឡើង​វិញ។

លោក Peskov បាន​បញ្ជាក់​ថា «ជា​ការ​ប្រសើរ​ណាស់ ហើយ​ច្បាស់​ណាស់​ថា​ទីក្រុង​គៀវ មើល​ទៅ​ដូចជា​មិន​ចង់​ប្រញាប់​ចរចា​ទេ។ តែ​សម្រាប់​ក្រុង​មូស្គូ តែង​រង់ចាំ​ការ​បញ្ជាក់​ពេលវេលា ដើម្បី​បើក​ចរចា ហើយ​ភាគី​រុស្ស៊ី ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បន្ត​ចរចា​ឡើងវិញ។»

ប៉ុន្តែ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ព្រមាន​ថា ការ​ចរចា​អាច​នឹង​កើតមាន​វិញ​បាន លុះត្រាតែ​បរិយាកាស​មួយ​ផ្ដល់​ឱកាស​ឱ្យ​ភាគី​រុស្ស៊ី អាច​ទទួលយក​បាន តែ​បើ​ពុំ​នោះ​ទេ ប្រតិបត្តិការ​ពិសេស​នៅតែ​បន្ត។

ទន្ទឹម​នឹង​នេះ​ដែរ កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ខណៈ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ជំនួប​ជាមួយ​លោក Lavrov ប្រមុខ​ការទូត​រុស្ស៊ី លោក Rubio ប្រមុខ​ការទូត​អាមេរិក បាន​និយាយ​ថា យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​គឺ​ដើម្បី​បន្ត​ការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែងរក​លទ្ធផល​នៃ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

លោក Rubio បាន​ពណ៌នា​ការ​ពិភាក្សា​របស់​លោក​ជាមួយ​លោក Lavrov ថា ភាព​ស្មោះត្រង់ និង​មាន​សារសំខាន់។

តែ​យ៉ាងណា ការ​ដែល​ទីក្រុង​មូស្គូ បង្ហាញ​ឆន្ទៈ​ចង់​ឱ្យ​មាន​កិច្ចចរចា​ជា​ថ្មី​ជាមួយ​អ៊ុយក្រែន ក៏​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែ​កក្កដា ឱ្យ​បិទ​បញ្ចប់​សង្គ្រាម​របស់​ខ្លួន​ជាមួយ​អ៊ុយក្រែន ដែល​លោក ត្រាំ ទុក​ពេល ៥០​ថ្ងៃ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​មួយ​ដ៏​ធ្ងន់ធ្ងរ។

លោក ត្រាំ បាន​និយាយ​ថា រូបលោក​មិន​សប្បាយ​ចិត្ត​ទាល់តែសោះ​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន។ លោក ត្រាំ ប្រកាស​ថា​លោក​កំពុង​អស់​ភាព​អត់ធ្មត់​ចំពោះ​ការ​ច្រានចោល​ពី​មេដឹកនាំ​រុស្ស៊ី ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ជាង ៣​ឆ្នាំ​មក​នេះ។

ជាមួយ​នឹង​ឱសានវាទ​គំរាម​រុស្ស៊ី តាមរយៈ​ការ​ដំឡើង​ពន្ធគយ​លើ​ប្រទេស​ដៃគូ​រុស្ស៊ី លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា ប្រព័ន្ធ​មីស៊ីល Patriot នឹង​ទៅ​ដល់​អ៊ុយក្រែន នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ហើយ​ថា​លោក​កាន់តែ​រីករាយ​ខ្លាំង​ទៀត ព្រោះ​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​ឯកភាព​គ្នា​ដំឡើង​ថវិកា​ការពារ​ជាតិ​ដល់ ៥​ភាគរយ​ដែល​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់ NATO។

ភ្លាមៗ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ទូរសព្ទ​ទៅ​ថ្លែង​អំណរគុណ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​ធ្វើ​សេចក្ដី​សម្រេច​ប្រឆាំង​នឹង​រុស្ស៊ី ហើយ​សម្រេច​វិល​មក​គាំទ្រ​អ៊ុយក្រែន វិញ ដោយ​ព្រម​ផ្ដល់​អាវុធ​ឱ្យ​អ៊ុយក្រែន ដើម្បី​ឱ្យ​អ៊ុយក្រែន មាន​សមត្ថភាព​ប្រយុទ្ធ​ការពារ​ជីវិត​ជនស៊ីវិល​ពី​ការ​វាយប្រហារ​របស់​រុស្ស៊ី។

មិន​មាន​ការ​ឆ្លើយតប​ជា​ផ្លូវការ​ពី​ទីក្រុង​គៀវ ចំពោះ​ការ​អំពាវនាវ​ពី​ក្រុង​មូស្គូ ដែល​ស្នើ​ឱ្យ​ជំនួប​ចរចា​លើក​ទី​៣ ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៤ កក្កដា ថា ពេលនេះ អ៊ុយក្រែន​ពិត​ជា​ត្រូវការ​សន្តិភាព។ តែ​លោក​ថា សន្តិភាព​អាច​ធ្វើ​ទៅ​បាន ទាល់តែ​ប្រើ​កម្លាំង​បាយ​វាយបក​វិញ ដើម្បី​បង្ខំ​អ្នក​ឈ្លានពាន​ព្រម​បញ្ឈប់​សង្គ្រាម។

លោក ហ្សេឡេនស្គី បញ្ជាក់​ថា​ត្រូវតែ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បង្ខំ​រុស្ស៊ី បញ្ឈប់​ការ​សម្លាប់​ប្រជាជន​អ៊ុយក្រែន ទើប​សន្តិភាព​ពិតប្រាកដ​នឹង​មាន ហើយ​ធានា​សន្តិសុខ​ថា​ត្រូវតែ​មាន​ឡើងវិញ​សម្រាប់​ប្រទេស​អ៊ុយក្រែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស