31.7 C
Phnom Penh

ចិន​សន្យា​គាំទ្រ​ការពារ​រុស្ស៊ី កាន់តែ​រឹងមាំ ខណៈ​អាមេរិក​ព្រមាន​បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី និង​ប៉ះពាល់​ដល់​ចិន​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ព្រមាន​ថា ប្រសិនបើ​ប្រទេស​រុស្ស៊ី មិន​ព្រម​ចូលរួម​ចរចា​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​រយៈពេល ៥០​ថ្ងៃ​ទៀត​នេះ​ទេ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ពន្ធ​ធ្ងន់​លើ​ប្រទេស​ដែល​បង្ក​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​និង​ប្រទេស​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​រុស្ស៊ី។

ជាមួយ​គ្នា​នេះ លោក ត្រាំ ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ថ្មីៗ​ដល់​អ៊ុយក្រែន មាន​ដូចជា ប្រព័ន្ធ​ការពារ​ដែនអាកាស និង​អាវុធ​ដែល​អាច​បាញ់​ទៅ​ដល់​ទីក្រុង​មូស្គូ។

វិធានការ​ថ្មី​នេះ បង្ហាញ​អំពី​ការ​ប្រែប្រួល​នយោបាយ​អាមេរិកាំង​ចំពោះ​រុស្ស៊ី និង​ជម្លោះ​នៅ​អ៊ុយក្រែន ប៉ុន្តែ​ការ​ប្រកាស​របស់​លោក ត្រាំ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទំហំ​ទណ្ឌកម្ម ៥០០​ភាគរយ​ទៅ​លើ​ប្រទេស​ទិញ​ប្រេង​រុស្ស៊ី ដែល​ពិត​ណាស់ ទណ្ឌកម្ម​នេះ​មិន​ត្រឹម​ប៉ះពាល់​តែ​រុស្ស៊ី ទេ តែ​វា​ប៉ះពាល់​ដល់​ប្រទេស​ដែល​ទិញ​ប្រេង​ពី​រុស្ស៊ី ទៀត ជាពិសេស​ប្រទេស​ចិន។

ក្នុង​របត់​ថ្មី​នេះ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ប្រកាស​ថា ប្រទេស​ទាំង​ពីរ ចិន​និង​រុស្ស៊ី ត្រូវ​ពង្រឹង​ការ​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត។ ការ​ប្ដេជ្ញា​របស់​លោក ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov ពោល​គឺ​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី និង​បង្ខំ​ឲ្យ​រដ្ឋអំណាច​ក្រុង​មូស្គូ បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

ក្នុង​ជំនួប​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី លោក Sergei Lavrov នៅ​រដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃទី​១៥ កក្កដា នៅ​ចំពោះ​មុខ​ប្រមុខ​ការទូត​រុស្ស៊ី លោក ប្រធានាធិបតី​ចិន បាន​ប្រកាស​ថា ចិន​និង​រុស្ស៊ី ត្រូវ​បន្ត​បំពេញ​ឲ្យ​បាន​នូវ​ការ​ប្រកាន់ខ្ជាប់​ជំហរ​រួម​គ្នា ដែល​លោក​បាន​ឯកភាព​គ្នា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ចិន​និង​រុស្ស៊ី ក៏​ត្រូវ​តែ​ពង្រឹង​ការ​ជួយ​ជ្រោមជ្រែង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ឲ្យ​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​លើ​ឆាក​អន្តរជាតិ។ នេះ​បើ​តាម​សម្រង់​សារព័ត៌មាន​នៃ​ប្រទេស​អ៊ុយក្រែន Kyiv Independent ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ កក្កដា។

ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី លើ​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ មក ប្រទេស​ចិន បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ការទូត និង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ជិតស្និទ្ធ​ជាមួយ​ប្រទេស​រុស្ស៊ី ទោះជា​មាន​ចិត្ត​ប្រកាន់​ជំហរ​ថា​ខ្លួន​ជា​រដ្ឋ​អព្យាក្រឹត​ចំពោះ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ក៏ដោយ។

ដោយសារតែ​លោក ពូទីន ចេះ​តែ​ធ្វើ​ឱ្យ​លោក ត្រាំ ខកចិត្ត​ជាច្រើន​លើក​ច្រើនសា​មក​ហើយ ទីបំផុត លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដាក់​ឱសានវាទ​ចំនួន ៥០​ថ្ងៃ​ឲ្យ​រុស្ស៊ី ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន តែ​បើ​មិន​ដូច្នោះ​ទេ រុស្ស៊ី​នឹង​ទទួល​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុង​ជំនួប​ជាមួយ​លោក Mark Rutte អគ្គលេខាធិការ​អង្គការ​តូអង់ ឬ​ណាតូ (NATO) នៅ​សេតវិមាន លោក ដូណាល់ ត្រាំ ក៏​អះអាង​ថា ទណ្ឌកម្ម​ពាណិជ្ជកម្ម​ជា​អាវុធ​ដ៏​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​ជម្លោះ។

កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែ​កក្កដា នេះ លោក Mark Rutte បាន​ព្រមាន​ថា ប្រទេស​មួយ​ចំនួន​ដូចជា ប្រេស៊ីល ចិន និង​ឥណ្ឌា អាច​នឹង​ទទួល​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​ទំនាក់ទំនង​ធ្វើ​អាជីវកម្ម​ជាមួយ​ប្រទេស​រុស្ស៊ី។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ជួប​លោក ត្រាំ កាលពី​ថ្ងៃ​ចន្ទ ដោយ​បាន​ឯកភាព​គ្នា​ចំពោះ​ចំណាត់ការ​ថ្មី​នេះ លោក Mark Rutte បាន​និយាយ​ថា លោក​លើក​ទឹកចិត្ត​ឱ្យ​ប្រទេស​ទាំង​បី​នេះ គឺ​ចិន ឥណ្ឌា និង​ប្រេស៊ីល គួរតែ​ដក​ខ្លួន​ពី​ការ​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី បើ​ពុំ​នោះ នឹង​ត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ។

ចំពោះ​អឺរ៉ុប វិញ លោក Mark Rutte បាន​និយាយ​ថា អឺរ៉ុប​នឹង​ស្វែងរក​ថវិកា​ដើម្បី​ធានា​ថា អ៊ុយក្រែន​អាច​ស្ថិត​នៅ​ជំហរ​ដ៏​រឹងមាំ​ក្នុង​កិច្ចចរចា​សន្តិភាព។ តាម​អគ្គលេខាធិការ​អង្គការ NATO នៅ​ក្រោម​ការ​ព្រមព្រៀង​គ្នា​ជាមួយ​លោក ត្រាំ សហរដ្ឋ​អាមេរិក​កំពុង​ចាប់ផ្តើម​ផ្តល់​ការ​គាំទ្រ​សព្វាវុធ​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​ដល់​ប្រទេស​អ៊ុយក្រែន គឺ​មិន​ត្រឹមតែ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទេ ថែម​មាន​ទាំង​មីស៊ីល គ្រាប់រំសេវ អាវុធ​ផ្សេងៗ​ទៀត ជាពិសេស​អាវុធ​វាយលុក ដែល​លោក​ថា​នឹង​ធានា​បង់​ចំណាយ​ថ្លៃ​ដឹកជញ្ជូន និង​ចំណាយ​លើ​តម្លៃ​អាវុធ​ទាំងនោះ ដោយ​ការ​រ៉ាប់រង​ពី​ក្រុម​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ជា​សមាជិក​អង្គការ NATO។

អ្នក​សង្កេតការណ៍​បាន​ហៅ​ជំនួយ​យោធា​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន លើក​នេះ ជា​ជំនួយ​ផ្ទាល់​របស់ NATO ដែល​ទីក្រុង​មូស្គូ តែងតែ​ប្រឆាំង​ទម្រង់​ផ្ដល់​ជំនួយ​យោធា​បែប​នេះ​ដល់​ប្រទេស​អ៊ុយក្រែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស