32 C
Phnom Penh

OHCHR ស្នើ​ឱ្យ​កម្ពុជា-ថៃ គោរព​បទ​ឈប់​បាញ់​ដោយ​ស្មោះត្រង់ និង​សាង​ទំនុកចិត្ត​រវាង​គ្នា​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យ​ឧត្ដមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា និង​ថៃ គោរព​បទ​ឈប់​បាញ់​ដោយ​ស្មោះត្រង់ និង​ពេញលេញ ដោយ​កសាង​នូវ​ទំនុកចិត្ត​រវាង​គ្នា​ឡើងវិញ បន្ទាប់ពី​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ភ្លាមៗ និង​គ្មាន​លក្ខខណ្ឌ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ របស់ OHCHR ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក Volker Türk បាន​ទទូច​ឱ្យ​ភាគី​កម្ពុជា-ថៃ គោរព​បទ​ឈប់​បាញ់ និង​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ការពារ​ជនភៀសសឹក​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ដោយ​ប្រដាប់​អាវុធ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល លោក Volker Türk ក៏​បាន​ស្នើ​ផង​ដែរ​ឱ្យ​ភាគី​ទាំង​ពីរ ចាត់​វិធានការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ញុះញង់ និង​ការ​បង្កើត​សាច់រឿង​បំភ្លៃ​ពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ផង​ដែរ។

លោក​ក៏​បាន​ស្នើ​ឱ្យ​ភាគី​ជម្លោះ​ទាំង​សងខាង គោរព​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ស្មោះត្រង់ ក្នុង​នោះ​រួម​មាន​ការ​ស្ដារ​សន្តិសុខ​តាម​ព្រំដែន ការ​ការពារ​ជនរងគ្រោះ និង​ការ​សង​សំណង​ទៅ​តាម​ច្បាប់ និង​បទដ្ឋាន​សិទ្ធិមនុស្ស និង​មនុស្សធម៌​អន្តរជាតិ។

មក​ទល់​ថ្ងៃទី​៣១ ខែ​កក្កដា នេះ ជា​ថ្ងៃទី​៣ ហើយ​ដែល​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ភ្លាមៗ និង​គ្មាន​លក្ខខណ្ឌ ក្រោយ​កិច្ចប្រជុំ​ពិសេស​មួយ​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ដែល​រៀបចំ​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង​ជា​ការ​ផ្ដួចផ្ដើម​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែល​បាន​និយាយ​តាម​ទូរសព្ទ​ជាមួយ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ ដោយ​តម្រូវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា បើ​កម្ពុជា និង​ថៃ ចង់បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហរដ្ឋ​អាមេរិក។

វិនាសកម្ម​ដែល​ថៃ បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ទាំង​កំរោល ដោយ​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ជាបន្តបន្ទាប់​រួម​មាន​យន្តហោះ F-16 ដ្រូន កាំភ្លើងត្បាល់ កាំភ្លើងធំ គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល​ជាដើម ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត ១៧​ម៉ឺន​នាក់​ភៀស​ខ្លួន​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស