នៅសល់តែ ៤ថ្ងៃទៀត ឱសានវាទរបស់លោក ដូណាល់ ត្រាំ ដែលដាក់សង្កត់កលោក ពូទីន ឱ្យព្រមបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន នឹងផុតរលត់។ តែយ៉ាងណា លោក ពូទីន ដូចជាមិនបារម្ភបន្តិចទេចំពោះទណ្ឌកម្មបន្ថែមទៀតរបស់សហរដ្ឋអាមេរិកទៅលើសេដ្ឋកិច្ចរុស្ស៊ី។
កាលពីថ្ងៃទី៣ សីហា បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែបង្ហាញក្តីសង្ឃឹមចំពោះកិច្ចចរចាសន្តិភាពជាថ្មីម្តងទៀតជាមួយប្រទេសអ៊ុយក្រែន ខណៈលោក ពូទីន អះអាងថា កងទ័ពរុស្ស៊ី កំពុងមានប្រៀបខ្លាំងនៅសមរភូមិជួរមុខ ដែល BBC ថាលោក ពូទីន កំពុងសម្លឹងទៅរកជ័យជម្នះ។
ថ្លែងនៅលើវេទិកាមួយកាលពីពេលថ្មីៗនេះ លោក ពូទីន ថ្លែងដោយមានជំនឿចិត្តថា ទោះបីជាមានការគំរាមកំហែងដោយវិធានការទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិកក្តី តែកិច្ចពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន កំពុងស្ថិតក្នុងស្ថានការណ៍ជាក់ស្តែងនៅសមរភូមិ។
ប្រធានាធិបតីរុស្ស៊ី បានលើកឡើងទៀតថា លោកបានដឹងពីការខកចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលនៅតែបន្តអូសបន្លាយ ព្រោះតែរុស្ស៊ី នៅតែបើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងគៀវ តែលោក ពូទីន ថាវាជាសង្គ្រាមប្រតិកម្ម។
ទំនងលោក ពូទីន ចង់និយាយថា គឺជាយុទ្ធនាការរបស់រុស្ស៊ី វាយប្រហារដោយដ្រូន និងមីស៊ីលទៅលើក្រុងគៀវ ព្រោះជាការសងសឹកចំពោះប្រតិបត្តិការសំណាញ់ពីងពាងរបស់អ៊ុយក្រែន កាលពីថ្ងៃទី១ កក្កដា វាយប្រហាររុស្ស៊ី យ៉ាងធ្ងន់ធ្ងរ ដោយកម្ទេចយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដល់ ៤១គ្រឿង បង្កឱ្យរុស្ស៊ី ខាតបង់ជាង ៧ពាន់លានដុល្លារ។
ថ្លែងនៅទីកន្លែងប្រវត្តិសាស្ត្រ Valaam ស្ថិតនៅលើកោះមួយភាគពាយព្យនៃប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ពូទីន បាននិយាយពីការរំពឹងរបស់លោកចំពោះកិច្ចចរចាជាមួយអ៊ុយក្រែន ដែលលោកថាកិច្ចចរចានៅតែបន្ត ក៏ប៉ុន្តែលោក ពូទីន នៅតែបន្តទាមទារឱ្យអ៊ុយក្រែន ទទួលស្គាល់អំពីស្ថានភាពសង្គ្រាមនាពេលនេះនៅគ្រប់សមរភូមិដែលកងទ័ពរុស្ស៊ី កំពុងមានប្រៀបខ្លាំងជាងកងទ័ពអ៊ុយក្រែន។
បែបនេះក្ដី ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៊ី គ្រប់ពេលវេលា ដើម្បីកិច្ចចរចាសន្តិភាព។
ឆ្លើយតបទៅនឹងសម្ពាធកាន់តែខ្លាំងពីលោកខាងលិច ដែលទាមទារឱ្យរុស្ស៊ី យល់ព្រមលើបទឈប់បាញ់ លោក ពូទីន បាននិយាយថា៖ «ការខកចិត្តនៃលោកខាងលិចចំពោះបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន គឺមិនមែនជាកំហុសរបស់លោកទេ តែមកពីប្រទេសទាំងនោះដាក់ក្តីរំពឹងខ្ពស់ពេកថាអ៊ុយក្រែន នៅបន្តប្រយុទ្ធរឹងមាំនៅសមរភូមិ។»
អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានចោទប្រកាន់រុស្ស៊ី ម្តងហើយម្តងទៀតថា រុស្ស៊ីច្រានកិច្ចចរចាសន្តិភាព និងបទឈប់បាញ់ ព្រោះក្រុងមូស្គូ មានគោលដៅលេបយកទឹកដីអ៊ុយក្រែន ដែលធ្វើឱ្យកិច្ចចរចារុស្ស៊ី និងអ៊ុយក្រែន ចំនួន ៣លើកដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួកគី ជួបរឿងបរាជ័យ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី សួរថា តើរុស្ស៊ី កំពុងត្រៀមខ្លួនយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់សង្គ្រាមដោយសេចក្តីថ្លៃថ្នូរ ឬគ្រាន់តែការព្យាយាមពន្យារពេលវេលាបន្ថែមសម្រាប់បន្តសង្គ្រាម និងការពន្យារពេលដើម្បីប្រឈមមុខនឹងទណ្ឌកម្មពីលោកខាងលិច ឬយ៉ាងណា។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ី បានបន្តការវាយប្រហារយ៉ាងសាហាវដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយលើតំបន់ជាច្រើននៅអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មនុស្សយ៉ាងតិចណាស់ ៣១នាក់រួមទាំងកុមារចំនួន ៥នាក់ បានស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្ដែងការខកចិត្តជាខ្លាំងដោយគំរាមដាក់ទណ្ឌកម្មជាថ្មីលើរុស្ស៊ី ជាមួយនឹងការកំណត់ឱសានវាទត្រឹមថ្ងៃទី៨ សីហា ឱ្យរុស្ស៊ី ព្រមទទួលយកបទឈប់បាញ់ ប៉ុន្តែវិមានក្រឹមឡាំង ថ្លែងថា លោក ពូទីន មិនបាននិយាយអ្វីទាក់ទងនឹងកាលឱសានវាទចុងក្រោយរបស់លោក ត្រាំ នោះទេ ក៏ប៉ុន្តែមិត្តជិតស្និទ្ធរបស់លោក ពូទីន គឺលោក Alexander Lukashenko មេដឹកនាំប្រទេសបេឡារុស្ស បានហៅឱសានវាទរបស់លោក ត្រាំ ថាមិនអាចជួយដោះស្រាយបញ្ហាសង្គ្រាមបានទេ។
លោក Lukashenko និយាយថា គេមិនអាចធ្វើនយោបាយដោយការកំណត់ពេល ៥០ថ្ងៃ ឬ ១០ថ្ងៃបែបនេះបាននោះទេ។ គ្មាននរណាគេធ្វើដូចលោក ត្រាំ នោះទេ នៅពេលភាគីមួយមានចំណុចខ្សោយខ្លាំង មិនព្រមចុះចាញ់ បែរជាបង្ខំឱ្យភាគីខ្លាំងចុះចាញ់ គឺមិនសមនឹងពេលវេលានោះទេ។
កាលបរិច្ឆេទដែលបានកំណត់ចុងក្រោយរបស់លោក ត្រាំ គឺថ្ងៃទី៨ ខែសីហា ប្រសិនបើរុស្ស៊ី មិនចុះហត្ថលេខាលើបទឈប់បាញ់ នោះលោក ត្រាំ នឹងដាក់ទណ្ឌកម្មថ្មី ហើយប្រទេសដែលបន្តធ្វើពាណិជ្ជកម្មទិញប្រេងរុស្សី ក៏នឹងរងផលប៉ះពាល់ពីទណ្ឌកម្មនេះយ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា សារព័ត៌មានរដ្ឋរុស្ស៊ី មានការសង្ស័យថា សេតវិមានអាចនឹងមិនអនុវត្តការគំរាមកំហែងក្នុងការដាក់ទណ្ឌកម្មនេះលើរុស្ស៊ី នោះទេ ខណៈលោក ពូទីន និយាយថា ការឈប់បាញ់នៅពេលនេះ មិនមែនជាជម្រើសល្អបំផុតសម្រាប់រុស្ស៊ី ទេ។
យ៉ាងណា មន្ត្រីអ៊ុយក្រែន បានរាយការណ៍ថា ទីក្រុងគៀវ បានទទួលសញ្ញាវិជ្ជមានពីសហរដ្ឋអាមេរិកអំពីការដាក់ទណ្ឌកម្មជាថ្មីទៅលើរុស្ស៊ី និងប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយកម្រិតធ្ងន់ធ្ងរ។
ព្រោះតែមិនជឿថាលោក ពូទីន ប្រគល់សន្តិភាពឱ្យអ៊ុយក្រែន វិញ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី កាលក្នុងឱកាសខួប ៥០ឆ្នាំនៃកិច្ចព្រមព្រៀងហ៊ែលស៊ីនគី ស្ដីពីសន្តិសុខអឺរ៉ុប ១ សីហា ១៩៧៥ លោក ហ្សេឡេនស្គី អំពាវនាវឲ្យពិភពលោកត្រូវតែរួមគ្នាផ្ដួលរំលំរបបដឹកនាំនៅទីក្រុងមូស្គូ បើពុំនោះទេ រុស្ស៊ីនឹងបន្តគំរាមសន្តិភាពតំបន់អឺរ៉ុបទាំងមូល។
លោក ហ្សេឡេនស្គី បានហៅលោក ពូទីន ជាបិសាចដែលនៅបន្តហុតឈាមប្រជាជនអ៊ុយក្រែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

