ក្រសួងការពារជាតិនៃប្រទេសកម្ពុជា អះអាងថា កងទ័ពថៃ បានប្រើប្រាស់គ្រឿងចក្រកាយដីធ្វើលេណដ្ឋានអំពីបេតុងនៅតំបន់អានសេះ បន្ទាប់ពីពួកគេបានរាយលួសបន្លាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលទង្វើនេះកាន់តែបង្ហាញអំពីការរំលោភលើបទឈប់បាញ់គ្នា និងរំលោភបំពានបូរណភាពទឹកដីខ្មែរយ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ សីហា នេះថា នៅវេលាម៉ោង ៩:០៩នាទីព្រឹក យោធាថៃ បានប្រើគ្រឿងចក្រកាយដី រហូតដល់ម៉ោង ៩:៥០នាទី រួចក៏មានរថយន្តថៃ មួយគ្រឿង ដឹកបេតុងធ្វើលេណដ្ឋាន រួមទាំងសម្បកកង់ឡាន និងលូ មកទម្លាក់នៅមុខប៉ុស្តិ៍ពួកគេ ខណៈម៉ោង ៩:៥៣នាទី កងទ័ពថៃ ជីកលេណដ្ឋានតែម្តង។
រហូតដល់ម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃ មួយគ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសចម្ងាយពីទីតាំងកងទ័ពកម្ពុជា ប្រហែល ១៥ម៉ែត្រ និងបន្តដាក់លូ រួមទាំងកង់ឡានចូលទៅក្នុងលេណដ្ឋានដែលទាហានថៃ បានជីកនោះ។
ក្រសួងការពារជាតិកម្ពុជា ជំរុញភាគីថៃ ឱ្យបញ្ឈប់នូវអំពើអរិភាពទាំងឡាយដែលមិនត្រឹមតែសម្ដីនោះទេ គឺត្រូវអនុវត្តនូវសកម្មភាពជាក់ស្តែង ព្រោះសហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ គឺមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
ជុំវិញបញ្ហានេះ សារព័ត៌មាន ខៅស៊ុត (Khaosod) បានចុះផ្សាយនៅថ្ងៃទី៥ សីហា នេះថា យោធាថៃ បញ្ជាក់យ៉ាងច្បាស់ថា ទីតាំងចុងអានម៉ា គឺស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃ ទាំងស្រុង។ ប្រភពដដែលចោទថា កម្ពុជាធ្លាប់បានរំលោភយកតំបន់នេះដោយការសាងសង់សំណង់ និងការតាំងទីលំនៅដែលគ្មានការអនុញ្ញាត ខណៈភាគីថៃ បានចេញការតវ៉ាជាច្រើនដងទាក់ទងនឹងការរំលោភបំពានទាំងនេះ ដោយមិនមានចំណាត់ការកែតម្រូវពីកម្ពុជា ទេ។
ទាក់ទងនឹងការជីកកាយលេណដ្ឋាន ឬស្នាមភ្លោះនេះ សារព័ត៌មានឯករាជ្យមួយចំនួនបានស្រង់សម្ដីអ្នកនាំពាក្យបញ្ជាការដ្ឋានយោធាភូមិភាគទី២ នៃកងទ័ពថៃ ឧត្ដមសេនីយ៍ទោ Winthai Suvaree ដែលនិយាយថា យោធាថៃ ស្ថាបនាស្នាមភ្លោះនៅតំបន់អានសេះ ឬអានម៉ា គឺធ្វើឡើងក្នុងដែនប្រតិបត្តិការសឹកក្នុងទឹកដីថៃ និងជាការឆ្លើយតបទៅការសង់សំណង់អចិន្ត្រៃយ៍ដែលភាគីខ្មែរប្រើកម្លាំងការងារស៊ីវិលក្បែរព្រំដែនប្រទេសទាំងពីរ។
កាសែតបាងកកប៉ុស្តិ៍ ផ្សាយកាលពីថ្ងៃទី៣ សីហា ថា កងកម្លាំងយោធានៃប្រទេសទាំងពីរដែលប្រចាំការនៅតំបន់ព្រំប្រទល់ដែនខេត្តព្រះវិហារ ខាងខ្មែរ និងខេត្តឧប៊ុនរាជធានី ខាងថៃ បានធ្វើកិច្ចព្រមព្រៀងល្បាតរួមគ្នាម្ខាងមានទាហាន ៥នាក់ ដោយមិនកាន់អាវុធ រៀងរាល់ ១៥នាទីម្តង មិនគិតថាម៉ោងណានោះឡើយ ក្នុងបរិវេណ ២០០ម៉ែត្រនៅម្តុំជុំវិញវិមានតាអុំ ស្រុកណាមយឺន ខេត្តឧប៊ុន ខាងថៃ ដែលកងកម្លាំងខ្មែរកាន់កាប់។ យោធាថៃ ថាគេបានកាន់កាប់តំបន់នោះទាំងស្រុងវិញ។ រឿងនេះ អ្នកវិភាគនយោបាយថាមកពីលទ្ធផលនៃការកំណត់ព្រំដែនមិនបានច្បាស់លាស់។
ទោះជាបែបនេះ កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ កម្ពុជាបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សេនានុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅពិនិត្យនៅតំបន់អានសេះ និងទីតាំងជម្លោះផ្សេងទៀត ខណៈភាគីថៃ ដែលចូលរួមក្នុងដំណើរទស្សនកិច្ចនេះ មិនបានអះអាងថាតំបន់ដែលអនុព័ន្ធយោធាទាំងនោះបានចុះទៅពិនិត្យនៅតំបន់អានសេះ នោះជាទីតាំងរបស់ថៃ ឡើយ។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ សីហា នេះថា ម្សិលមិញទាហានថៃ រាយលួសបន្លាលើដីខ្មែរ ប៉ុន្តែថ្ងៃនេះ ទាហានថៃ ជីកលេណដ្ឋានរំលោភដីខ្មែរបន្ថែមទៀត។
លោកបន្តថា ទាហានខ្មែរខិតខំបាញ់គ្នាដើម្បីការពារទឹកដីរយៈពេល ៦ថ្ងៃ មានទាហាន និងពលរដ្ឋស្លាប់ច្រើន ប៉ុន្តែចុងក្រោយ រដ្ឋាភិបាលបែរជាបណ្តែតបណ្តោយឱ្យទាហានថៃ រាយលួសបន្លាក្នុងដីខ្មែរ និងជីកលេណដ្ឋានរំលោភដីខ្មែរទៅវិញ។
លោក អ៊ុំ សំអាន អះអាងថា ពេលនេះ ទាហានថៃ ដើរចូលយកដីខ្មែរដោយគ្មានអស់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ដោយដឹងថាទាហានខ្មែរគោរពតាមបទបញ្ជាពីបទឈប់បាញ់។
មន្ត្រីបក្សប្រឆាំងរូបនេះ ជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ព្រោះលោកគិតថា បើនៅបន្តបណ្តែតបណ្តោយឱ្យទាហានថៃ ដើរយកដីខ្មែរស្រេចតែចិត្តដោយបែបនេះ ទាហានថៃ អាចនឹងចូលមកកាន់កាប់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់ផ្សេងទៀតដោយងាយ។ ចំណែកឯខាងទាហាន និងរដ្ឋាភិបាលថៃ គេនៅតែប្រកាន់ខ្ជាប់ថាទឹកដីកន្លែងខ្លះជារបស់គេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

