28 C
Phnom Penh

កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ ដោះលែង​យោធិន ១៨​នាក់​ឱ្យ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ដោយ​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា បន្ត​ជំរុញ​ឱ្យ​ភាគី​ថៃ ដោះលែង​យោធិន​កម្ពុជា​ចំនួន ១៨​នាក់​មក​វិញ​ជាបន្ទាន់ និង​ដោយ​ឥត​មាន​លក្ខខណ្ឌ ដោយ​ទាមទារ​គោរព​តាម​ស្មារតី​ដែល​បាន​ឯកភាព​គ្នា​នូវ​លក្ខខណ្ឌ​ទាំង ១៣​ចំណុច បន្ទាប់ពី​យោធិន​កម្ពុជា ត្រូវ​បាន​ភាគី​ថៃ ចាប់​ខ្លួន​រយៈពេល ២​សប្តាហ៍​កន្លង​មក។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​ថា កម្ពុជា​បន្ត​អំពាវនាវ​ដល់​ភាគី​ថៃ អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​ខាង​លើ និង​ប្រគល់​ឱ្យ​មក​កម្ពុជា​វិញ​នូវ​កងកម្លាំង​របស់​យើង​ចំនួន ១៨​រូប ដើម្បី​ឱ្យ​ពួកគាត់​អាច​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​ដែល​កំពុង​រង់ចាំ។

ប្រភព​ដដែល​បាន​អះអាង​ថា កងយោធពល​ខេមរភូមិន្ទ សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ទាមទារ​រហូត​ដល់​ភាគី​ថៃ បំពេញ​កាតព្វកិច្ច​ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ អ្នកស្រី​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​មិន​ទុក​សមាជិក​គ្រួសារ​ណា​ម្នាក់​ចោល និង​ឯកា​ជាដាច់ខាត។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ជា​ថ្មី​ទៀត​របស់​កម្ពុជា នៅ​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ស្មារតី​ស្ថាបនា ដោយ​ស្មោះត្រង់ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​បាន​នូវ​បទ​ឈប់​បាញ់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពេញលេញ និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។

តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក Lloyd Gillett ប្រតិភូ​កងទ័ព​ថ្នាក់​តំបន់​នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ដែល​បាន​ចូល​ទៅ​ជួប​ជាមួយ​ទាហាន​កម្ពុជា ទាំង ១៨​រូប​ដែល​កំពុង​ឃុំ​ខ្លួន​ដោយ​ទាហាន​ថៃ បាន​អះអាង​ថា ទាហាន​ខ្មែរ​ទាំង ១៨​រូប​ដែល​ថៃ ឃុំ​ខ្លួន​នោះ បច្ចុប្បន្ន​ពួកគេ​មាន​សុវត្ថិភាព និង​សុខភាព​ល្អ​ទាំងអស់​គ្នា។

អ្នក​នាំពាក្យ​យោធា​ថៃ លោក Winthai Suvaree បាន​បញ្ជាក់​ថា ថៃ​នឹង​មិន​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​នោះ​ទេ ដរាបណា​កម្ពុជា​មិន​ឈប់​ដាក់​មីន។

នៅ​ថ្ងៃទី​១២ ខែ​សីហា នេះ អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​យោធិន​ខ្មែរ​ចំនួន ១៨​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​យោធា​ថៃ បន្ទាប់ពី​បទ​ឈប់​បាញ់​ត្រូវ​បាន​ប្រកាស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ប្រទេស​ថៃ ដោះលែង​យោធិន​ទាំងនេះ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដោយសារ​មាន​ការ​ព្រួយបារម្ភ​អំពី​សុខុមាលភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ ដោយ​ផ្អែក​លើ​ស្ថានភាព​ទាហាន​ពីរ​នាក់​ដែល​ត្រូវ​បាន​ដោះលែង​ពី​មុន។

កាលពី​ព្រឹក​ថ្ងៃទី​២៩ កក្កដា ក្រោយ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ បាន​ចូល​ជាធរមាន ពួក​ទាហាន​ថៃ បាន​ចូល​មក​ចាប់​ខ្លួន​ទាហាន​កម្ពុជា នៅ​ច្រក​ចុងតែ។ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​ដោយ​ទាហាន​ថៃ បាន​ហៅ​ទាហាន​ខ្មែរ​ឲ្យ​មក​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​គ្នា តែ​ភ្លាមៗ​នោះ ទាហាន​ថៃ បាន​បញ្ជា​ឲ្យ​ក្រុម​ខ្លួន​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ យក​កាំភ្លើង​ភ្ជង់ និង​ចាប់​ខ្លួន​ទាហាន​កម្ពុជា​តែម្តង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស