កម្ពុជា ជំរុញឱ្យថៃ ពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ដើម្បីផ្ទៀងផ្ទាត់ និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែសីហា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា អំពាវនាវឱ្យភាគីថៃ គោរពលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលក្នុងនោះរួមមានការព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីពីទីតាំងដែលខ្លួនឈរជើង នៅមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ១២រំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា។
អ្នកស្រីបានលើកឡើងថា ពាក់ព័ន្ធនឹងករណីមីននេះ កម្ពុជាក៏ធ្លាប់រំឭកទៅភាគីថៃ ជាច្រើនលើកដែរថា តំបន់ប្រាសាទតាមាន់ បណ្តោយព្រំដែន គឺនៅមានគ្រាប់មីនដែលសេសសល់ពីសង្គ្រាម កម្ពុជាមិនមានការប្រើប្រាស់ និងមិនប្រើមីនថ្មីជាដាច់ខាត។
អ្នកស្រីបន្តថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជា បានផ្ដល់សច្ចាប័ននៅឆ្នាំ១៩៩៩ ហើយក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលបោសសម្អាតមីន និងមិនប្រើប្រាស់មីនប្រឆាំងនឹងមនុស្សឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតជាផ្លូវការ និងដោយតម្លាភាពណាមួយដើម្បីបញ្ជាក់ការពិតនៅឡើយទេ ពាក់ព័ន្ធនឹងករណីដែលទាហានបានជាន់មីនជាថ្មីទៀតនៅតំបន់ប្រាសាទតាមាន់ធំ។
កាលពីថ្ងៃទី៧ ខែសីហា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌចំនួន ១៣ចំណុច ដែលជាយន្តការធានាឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ បន្ទាប់ពីប្រទេសទាំងពីរបាញ់ផ្លោងដាក់គ្នាអស់រយៈពេល ៥ថ្ងៃ ដែលបណ្តាលឱ្យកងទ័ព និងជនស៊ីវិលរងរបួស និងស្លាប់ទាំងសងខាង។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក ក្រសួងការបរទេសថៃ បានចង្អុលមកកម្ពុជា ថាជាអ្នកលួចដាក់គ្រាប់មីននៅក្នុងទឹកដីថៃ ដែលបង្កឱ្យទាហានថៃ ៣នាក់រងរបួសដោយសារជាន់មីន។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសថៃ នេះ ធ្វើឡើងដំណាលគ្នានឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ដែលលើកឡើងថា ហេតុការណ៍ផ្ទុះមីននោះកើតឡើងដោយសារទាហានថៃ ដើរល្បាតលើតម្រាយផ្លូវថ្មី ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

