26.9 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ថា បើ​កងទ័ព​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ករណី​ផ្ទុះ​មីន​ក៏​មិន​អាច​កើត​មាន​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា បើ​កងទ័ព​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ខ្ជាប់ខ្ជួន ករណី​ផ្ទុះ​មីន​ក៏​មិន​អាច​កើតមាន​ដែរ ព្រោះ​កងទ័ព​ថៃ ជា​អ្នក​ចល័ត​កម្លាំង​ដោយ​បំពាន​កិច្ចព្រមព្រៀង ទើប​បាន​ជា​ជាន់​គ្រាប់មីន​ដែល​នៅ​សល់​ពី​សង្គ្រាម​ក្នុង​ទឹកដី​កម្ពុជា។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែ​សីហា នេះ លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ភាគី​ថៃ កំពុងតែ​យក​រឿង​ផ្ទុះ​គ្រាប់មីន​ធ្វើ​ជា​ប្រធានបទ ដើម្បី​ចោទ​ទម្លាក់​កំហុស​លើ​កម្ពុជា ដោយ​តាំងខ្លួន​ជា​អ្នក​រងគ្រោះ ដើម្បី​បំភាន់​សហគមន៍​អន្តរជាតិ។

លោក ប៉ែន បូណា អំពាវនាវ​ឱ្យ​ភាគី​ថៃ គោរព និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ដោយ​ស្មោះត្រង់​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​ចូល​ជាធរមាន​ចាប់ពី​ថ្ងៃទី​២៨ ខែ​កក្កដា មក ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​នៅ​ប្រទេស​ម៉ាឡេស៊ី នោះ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ការ​ពង្រាយ​កង់ឡាន បន្លា​លួស និង​ការ​ចល័ត​សព្វាវុធ​របស់​កងទ័ព​ថៃ ចូល​ក្នុង​ទឹកដី​កម្ពុជា គឺជា​ភស្តុតាង​មិន​អាច​ប្រកែក​បាន​ឡើយ ដែល​ទង្វើ​នេះ​គឺ​បាន​បំពាន​បទ​ឈប់​បាញ់ ត្រង់​ចំណុច​ទី​២ និង​ទី​៤ នៃ​កំណត់ហេតុ​កិច្ចព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ (GBC) យ៉ាង​ធ្ងន់ធ្ងរ។

កាសែត The Nation ស្រង់​សម្ដី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ជេរ៉ាយុ ហួងសាប់ (Jirayu Huangsab) នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា រដ្ឋាភិបាល​ថៃ បាន​ចោទប្រកាន់​កម្ពុជា​ជា​ផ្លូវការ​ហើយ​ពី​ការ​លួច​លាក់​គ្រាប់មីន​ប្រឆាំង​មនុស្ស​នៅ​តាម​ព្រំដែន ដែល​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ និង​គោលការណ៍​មនុស្សធម៌។

ប្រភព​ដដែល អះអាង​ថា ទីក្រុង​បាងកក កំពុង​ជូនដំណឹង​ដល់​សហគមន៍​អន្តរជាតិ​ចំពោះ​សកម្មភាព​ដែល​កម្ពុជា បាន​បំពាន​លើ​អនុសញ្ញា​អូតាវ៉ា​ស្ដីពី​គ្រាប់មីន​នេះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ រូប​នេះ​បញ្ជាក់​ថា ថៃ​ក៏​គ្រោង​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សម្រាប់​គណៈប្រតិភូ​ការទូត​មកពី​ប្រទេស​ដែល​ជា​ភាគី​នៃ​អនុសញ្ញា​អូតាវ៉ា​ទៅ​កាន់​ខេត្ត​អុប៊ុន និង​ខេត្ត​ស៊ីសាកេត នៅ​ថ្ងៃទី​១៦ សីហា ខាងមុខ​នេះ​ផង​ដែរ ដើម្បី​ប្រមូល​ភស្តុតាង​អំពី​គ្រាប់មីន​ទាំងនោះ។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៣ ខែ​សីហា ដោយ​អំពាវនាវ​ឱ្យ​ភាគី​ថៃ គោរព​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ស្មារតី​នៃ​ការ​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​ក្នុង​នោះ​រួម​មាន​ការ​ព្រមព្រៀង​គ្នា​រក្សា​កម្លាំង​យោធា​របស់​ខ្លួន​នៅ​ក្នុង​ទីតាំង​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់ទី​ពី​ទីតាំង​ដែល​ខ្លួន​ឈរជើង នៅ​មុន​ពេល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចូល​ជាធរមាន នៅ​ម៉ោង ១២ រំលង​អាធ្រាត្រ​ថ្ងៃទី​២៨ ខែ​កក្កដា។

អ្នកស្រី​បាន​លើកឡើង​ថា ពាក់ព័ន្ធ​នឹង​ករណី​មីន​នេះ កម្ពុជា​ក៏​ធ្លាប់​រំឭក​ទៅ​ភាគី​ថៃ ជាច្រើន​លើក​ដែរ​ថា តំបន់​ប្រាសាទ​តាមាន់ បណ្តោយ​ព្រំដែន គឺ​នៅ​មាន​គ្រាប់មីន​ដែល​សេសសល់​ពី​សង្គ្រាម កម្ពុជា​មិន​មាន​ការ​ប្រើប្រាស់ និង​មិន​ប្រើ​មីន​ថ្មី​ជាដាច់ខាត។

អ្នកស្រី​បន្ត​ថា កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាម​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (អនុសញ្ញា​អូតាវ៉ា) ដែល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​នៅ​ឆ្នាំ​១៩៩៩ ហើយ​ក៏​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ចំពោះ​សមិទ្ធផល​បោស​សម្អាត​មីន និង​មិន​ប្រើប្រាស់​មីន​ប្រឆាំង​នឹង​មនុស្ស​ឡើយ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា រូប​នេះ អះអាង​ថា មក​ទល់​ពេលនេះ មិន​មាន​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ និង​ដោយ​តម្លាភាព​ណា​មួយ ដើម្បី​បញ្ជាក់​ការពិត​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ករណី​ដែល​ទាហាន​ថៃ បាន​ជាន់​មីន​ជា​ថ្មី​ទៀត​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស