35.9 C
Phnom Penh

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ ស្រែក​យំ​សុំ​ឱ្យ​អន្តរជាតិ​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​ទាហាន​ថៃ រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ​ផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកច័ន្ទ ខេត្ត​បន្ទាយមានជ័យ ស្រែកយំ​អង្វរ​សុំ​ឱ្យ​អន្តរជាតិ ជួយ​រក​យុត្តិធម៌ ដោយសារតែ​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវ​បាន​ទាហាន​ថៃ រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ភូមិ​ព្រែកច័ន្ទ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ស្រែក​យំ​អង្វរ​សុំ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ម៉ាឡេស៊ី ជួយ​រក​យុត្តិធម៌ បជន្ទាប់ពី​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវ​បាន​ទាហាន​ថៃ រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ​កាលពី​រសៀល​ថ្ងៃ​ពុធ នេះ។

កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ បាន​អះអាង​ថា កងទ័ព​ថៃ បាន​រាយ​បន្លា​លួស និង​ប្រើ​សម្បក​កង់ឡាន​ហ៊ុមព័ទ្ធ​ផ្ទះ​របស់​ពួកគាត់​ដែល​ស្ថិត​នៅ​ភូមិ​ព្រែកច័ន្ទ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ កម្ពុជា-ថៃ បាន​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់​រហូត​បង្កើត​បាន​នូវ​លក្ខខណ្ឌ​ចំនួន ១៣​ចំណុច​កាលពី​ថ្ងៃទី​៧ ខែ​សីហា កន្លង​ទៅ ដែល​ក្នុង​លក្ខខណ្ឌ​ទាំងនោះ បាន​ហាមប្រាម​ភាគី​ទាំង​ពីរ​មិន​ឱ្យ​វាយប្រហារ​លើ​ជនស៊ីវិល និង​គោលដៅ​យោធា រួម​ទាំង​ហាម​មិន​ឱ្យ​ចល័ត​កងទ័ព​ផង​ដែរ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ភាគី​ថៃ នៅតែ​បន្ត​រំលោភ​បំពាន​លើ​កម្ពុជា និង​បទ​ឈប់​បាញ់​នេះ​ជាបន្តបន្ទាប់ ដោយ​ការ​រាយ​បន្លា​លួស​ចូល​ក្នុង​ទឹកដី​កម្ពុជា ដូចជា​នៅ​ច្រក​អានសេះ ខេត្ត​ព្រះវិហារ និង​ច្រក​ណងចាន់ ខេត្ត​បន្ទាយមានជ័យ ដោយ​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​ខ្មែរ ជាដើម។

ជុំវិញ​បញ្ហា​នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា ក្នុង​កិច្ចប្រជុំ​មេគង្គ-ឡានឆាង លើក​ទី​១០ នៅ​ប្រទេស​ចិន នៅ​ថ្ងៃទី​១៤ សីហា នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​ជំរុញ​ឱ្យ​កម្ពុជា និង​ថៃ ដោះស្រាយ​ជម្លោះ​ព្រំដែន​តាម​កិច្ចសន្ទនា និង​កិច្ចពិភាក្សា​គ្នា។

ប្រភព​ដដែល អះអាង​ថា ចិន​ជឿជាក់​លើ​ភាគី​ទាំង​ពីរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​តាមរយៈ​កិច្ចសន្ទនា និង​ការ​ចរចា ខណៈ​ចិន ក៏​គាំទ្រ​អាស៊ាន​ក្នុង​ការ​ដើរ​តួនាទី​ប្រកប​ដោយ​ភាព​វិជ្ជមាន​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ការ​រួបរួម​របស់​អាស៊ាន​ផង​ដែរ។

លោក វ៉ាង យី បញ្ជាក់​ថា ចិន​ក៏​គាំទ្រ​ដល់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ពង្រឹង​កិច្ចសន្ទនា​ដែរ ដោយ​សង្ឃឹម​ថា កម្ពុជា-ថៃ អាច​កសាង​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា ក៏ដូចជា​ស្ដារ​មិត្តភាព​ឡើងវិញ​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា កម្ពុជា​ប្ដេជ្ញា​ធ្វើការ​ប្រកប​ដោយ​ស្មារតី​ស្ថាបនា ដោយ​ស្មោះត្រង់ ដើម្បី​ធានា​ការ​អនុវត្ត​បទ​ឈប់​បាញ់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ដោះស្រាយ​រាល់​វិវាទ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស