32.7 C
Phnom Penh

លោក ត្រាំ ថា​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន និង​មេដឹកនាំ​អឺរ៉ុប បញ្ចប់​ទៅ​ដោយ​លទ្ធផល​ល្អ ឈាន​ទៅ​រៀបចំ​ជំនួប ពូទីន-ហ្សេឡេនស្គី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ជាមួយ​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន និង​បណ្តា​មេដឹកនាំ​អឺរ៉ុប នៅ​សេតវិមាន នា​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែ​សីហា បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ជាមួយ​នឹង​ការ​រៀបចំ​សម្រាប់​ជំនួប​រវាង​មេដឹកនាំ​រុស្ស៊ី-អ៊ុយក្រែន អាច​ធ្វើឡើង​រយៈពេល ២​សប្ដាហ៍​ទៀត។

នេះ​បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth Social របស់​លោក ត្រាំ ដែល​ចុះផ្សាយ​បន្ត​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក នៅ​ថ្ងៃទី​១៩ សីហា។

សារ​របស់​លោក ត្រាំ បាន​រៀបរាប់​ដូចនេះ​ថា៖ «ខ្ញុំ​មាន​ជំនួប​ដ៏​ល្អ​ជាមួយ​ភ្ញៀវ​កិត្តិយស​ដ៏​ធំ មាន​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី លោក​ប្រធានាធិបតី​បារាំង Emmanuel Macron លោក​ប្រធានាធិបតី​ប្រទេស​ហ្វាំងឡង់ Alexander Stubb នាយករដ្ឋមន្ត្រី​អ៊ីតាលី អ្នកស្រី Giorgia Meloni នាយករដ្ឋមន្ត្រី Keir Starmer នៃ​ចក្រភព​អង់គ្លេស អធិការបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ Friedrich Merz ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen អគ្គលេខាធិការ​ណាតូ Mark Rutte នៅ​ក្នុង​សេតវិមាន ដែល​បាន​បញ្ចប់​ទៅ​ក្នុង​បរិយាកាស​យ៉ាង​ល្អ និង​មាន​កិច្ចព្រមព្រៀង​មួយ​ចំនួន។»

សារ​របស់​លោក ត្រាំ បាន​បញ្ជាក់​ទៀត​ថា៖ «កិច្ចប្រជុំ​ដ៏​ពិសេស​នេះ យើង​បាន​ពិភាក្សា​អំពី​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ដែល​ការ​ធានា នឹង​ត្រូវ​បាន​ផ្តល់​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងៗ ដោយ​មាន​ការ​សម្របសម្រួល​ជាមួយ​សហរដ្ឋ​អាមេរិក។ យើង​ជួប​គ្នា​ដោយ​ក្ដី​សប្បាយ​ចិត្ត​ចំពោះ​លទ្ធភាព​នៃ​សន្តិភាព​សម្រាប់​រុស្ស៊ីអ៊ុយក្រែន។ នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ប្រធានាធិបតី ពូទីន ហើយ​បាន​ចាប់ផ្តើម​ការ​រៀបចំ​សម្រាប់​ជំនួប ពូទីនហ្សេឡេនស្គី នៅ​ទីតាំង​កំណត់​ណា​មួយ។ បន្ទាប់ពី​ជំនួប​ដ៏​ធំ​នេះ យើង​នឹង​មាន​ជំនួប​ត្រីភាគី ដែល​មាន​ប្រធានាធិបតី​ទាំង​ពីរ​នេះ រួម​ទាំង​ខ្លួន​ខ្ញុំ​ផង​ដែរ ហើយ​សង្ឃឹម​ថា​អាច​នឹង​មាន​នៅ​ចុង​ខែ​សីហា នេះ។»

លោក ត្រាំ បាន​ហៅ​ព្រឹត្តិការណ៍​ជំនួប​ដ៏​ធំ​នេះ​ពុំ​ធ្លាប់​មាន​ទេ​នៅ​សេតវិមាន តែ​លោក​ថា​គឺជា​ជំហាន​ដំបូង​ដ៏​ល្អ​មួយ​ផ្ដោត​លើ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP អនុប្រធានាធិបតី​អាមេរិក លោក JD Vance រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក Marco Rubio និង​បេសកជន​ពិសេស លោក Steve Witkoff កំពុង​សម្របសម្រួល​ជាមួយ​ភាគី​រុស្ស៊ី និង​អ៊ុយក្រែន ឱ្យ​មាន​ជំនួប​ត្រីភាគី​ដ៏​ឆាប់​ខាងមុខ​នេះ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយពី​ជំនួប​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ និង​ក្រុម​មេដឹកនាំ​អឺរ៉ុប នៅ​ឯ​សេតវិមាន លោក ហ្សេឡេនស្គី បាន​និយាយ​ថា រូបលោក​បាន​ត្រៀម​ខ្លួន​ហើយ​ដើម្បី​ជួប​លោក ពូទីន ដែល​ជា​ជំនួប​តទល់​លើកដំបូង​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី គិត​ចាប់តាំងពី​ទីក្រុង​មូស្គូ បាន​បើក​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

យ៉ាងណា លោក ហ្សេឡេនស្គី កំពុង​ស្ថិត​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ក្នុង​ការ​ធ្វើ​សម្បទាន​ទឹកដី ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី ស្រប​ពេល​ដែល​កងកម្លាំង​របស់​រុស្ស៊ី បង្កើន​ការ​វាយលុក​យ៉ាង​ខ្លាំង​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ជាពិសេស​នៅ​ខេត្ត​ដូណែត ក្នុង​តំបន់​ដុនបាស ដែល​រុស្ស៊ី ទាមទារ​ឱ្យ​អ៊ុយក្រែន បោះបង់​ចោល​ដែនដី​ភាគ​ខាងកើត​អ៊ុយក្រែន មួយ​នេះ​ឱ្យ​រុស្ស៊ី។

ជាមួយ​គ្នា​នេះ មុន​កិច្ចប្រជុំ​នៅ​សេតវិមាន លោក ត្រាំ បាន​ជំរុញ​ឱ្យ​អ៊ុយក្រែន បោះបង់​គំនិត​ចង់​យក​ឧបទ្វីប​គ្រីមៀរ មក​វិញ និង​ការ​សុំ​ចូល​ជា​សមាជិក​អង្គការ​ណាតូ ដែល​សំណុំរឿង​ទាំង​ពីរ​នេះ​សុទ្ធតែ​ជា​លក្ខខណ្ឌ​ទាមទារ​របស់​រុស្ស៊ី ដាក់​ទៅ​លើ​អ៊ុយក្រែន។

តែ​បើ​តាម​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ជំនួប​ពិភាក្សា​កំពូល​ជាមួយ​លោក ត្រាំ បាន​ផ្ដោត​លើ​របៀប​រៀបចំ​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ក្នុង​ករណី​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព ជាជាង​ការ​ធ្វើ​សម្បទាន​ទឹកដី​ពី​អ៊ុយក្រែន។

តាម​លោក ហ្សេឡេនស្គី ផែនការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ទំនង​នឹង​សម្រេច​ចេញ​ជា​ផ្លូវការ​ក្នុង​ទម្រង់​ណា​មួយ​នៅ​អំឡុង​សប្តាហ៍​ក្រោយ ឬ​ក៏ ១០​ថ្ងៃ​ទៀត។

លោក ហ្សេឡេនស្គី ចាត់ទុក​ថា​វា​ជា​រឿង​ដ៏​សំខាន់​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​សញ្ញា​ច្បាស់លាស់​ថា ខ្លួន​នឹង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​សម្របសម្រួល ហើយ​ក៏​ជា​អ្នក​ចូលរួម​ក្នុង​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ផង​ដែរ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ថា ការ​ធានា​សន្តិសុខ ប្រហែលជា​ត្រូវ​បែងចែក​ទៅ​ដៃគូ​សម្ព័ន្ធភាព​អ៊ុយក្រែន ហើយ​ព័ត៌មាន​លម្អិត​ច្រើន​ទៀត នឹង​ចេញ​មក​បន្តបន្ទាប់ បន្ទាប់ពី​មាន​លិខិត​ផ្លូវការ​ក្នុង​រយៈពេល ១០​ថ្ងៃ​ទៀត​នេះ ថា​តើ​មាន​វិធានការ​យ៉ាងណា​ចំពោះ​ការ​ជួយ​ពង្រឹង​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ុយក្រែន។

ចំពោះ​កំណត់ត្រា​របស់​អ្នក​សង្កេតការណ៍​ជុំវិញ​ជំនួប​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ជាមួយ​លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន និង​មេដឹកនាំ​អឺរ៉ុប កាលពី​ថ្ងៃទី​១៨ សីហា គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​ដែល​សេតវិមាន​បាន​បើក​ទ្វារ​យ៉ាង​ធំ​ទទួល​ជួប​ភ្ញៀវ​បរទេស​ឋានៈ​ជា​ប្រមុខរដ្ឋ ជា​នាយករដ្ឋមន្ត្រី ជា​មេដឹកនាំ​សហគមន៍​អឺរ៉ុប និង​មេដឹកនាំ​អង្គការ​យោធា​ណាតូ ត្រូវ​បាន​ចាត់ទុក​ជា​ការ​បំបែក​ព្រឹត្តិការណ៍​ស្ថានភាព​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន នៅ​សេតវិមាន។ ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ថ្មី​មួយ​ទៀត​ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន ក្នុង​ខែ​សីហា ឆ្នាំ​២០២៥ នេះ បន្ទាប់ពី​ជំនួប​កំពូល​រវាង​លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​ដែនដី​អាឡាស្កា ជា​រដ្ឋ​ទី​៤៩ របស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៥ សីហា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស