ខណៈដែលមនុស្សម្នារំពឹងថាអាចនឹងមានជំនួបចរចាត្រីភាគីរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី រួមនឹងសមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅចុងខែសីហា ឬដើមខែកញ្ញា ដែលផ្ដោតការព្រមព្រៀងនៃគម្រោងការធានាសន្តិសុខដ៏រឹងមាំសម្រាប់ប្រទេសអ៊ុយក្រែន ក្រោយពីរុស្ស៊ី ព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នៅថ្ងៃទី២១ សីហា នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានច្រានចោលផែនការរបស់ក្រុមមេដឹកនាំអឺរ៉ុប។
តាមការចុះផ្សាយរបស់សារព័ត៌មានអ៊ុយក្រែន Kyiv Independent លោក Sergey Lavrov បានហៅការបញ្ជូនទ័ពអឺរ៉ុបទៅអ៊ុយក្រែន ដែលអះអាងថាជាផ្នែកមួយនៃការចូលរួមធានាសន្តិសុខប្រទេសអ៊ុយក្រែន គឺជាកម្លាំងទ័ពអន្តរាគមន៍បរទេស ដែលទីក្រុងមូស្គូ មិនគាំទ្រនោះទេ។
ការបញ្ជាក់ជំហររបស់ប្រមុខការទូតរុស្ស៊ី លោក Sergey Lavrov ជាការឆ្លើយតបភ្លាមៗចំពោះមេដឹកនាំអឺរ៉ុប ដែលកំពុងចរចារៀបចំកញ្ចប់ផែនការក្នុងគម្រោងធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
គម្រោងធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន ដែលមានប្រទេសចូលរួមជាង ៣០ប្រទេសនេះ ផ្ដើមឡើងដោយប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីអង់គ្លេស ដែលលោក ដូណាល់ ត្រាំ ក៏បានប្រកាសគាំទ្រដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី តែងតែទាមទារឱ្យមានការធានាសន្តិសុខដ៏រឹងមាំសម្រាប់ប្រទេសអ៊ុយក្រែន ក្រោយពីរុស្ស៊ី ព្រមបញ្ចប់សង្គ្រាម ដែលធ្វើយ៉ាងណាត្រូវទប់ស្កាត់ឱ្យបានការឈ្លានពានម្ដងទៀតរបស់រុស្ស៊ី។
តាមសារព័ត៌មានអ៊ុយក្រែន Kyiv Independent នៅក្នុងសប្ដាហ៍នេះ ក្រុមមេដឹកនាំអឺរ៉ុបត្រូវបិទបញ្ចប់ការពិភាក្សាអំពីកញ្ចប់ផែនការក្នុងគម្រោងធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន។
ក្នុងគម្រោងធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន តម្រូវឱ្យមានកងកម្លាំងទ័ពសន្តិសុខពីបណ្ដាប្រទេសអឺរ៉ុប ដែលគេថាស្ថិតក្នុងក្រុមចម្រុះសុឆន្ទៈសម្រាប់ប្រទេសអ៊ុយក្រែន មានជាង ៣០ប្រទេស។ ក្រុមនេះ គេហៅថាក្រុមសន្តិសុខអ៊ុយក្រែន ដែលប្រទេសបារាំង និងអង់គ្លេស ឈានមុខគេក្នុងការបញ្ជូនកងទ័ពពី ២០០០០នាក់ទៅ ៣០០០០នាក់ជាជំហានដំបូងទៅអ៊ុយក្រែន ដើម្បីតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់ និងរក្សាសន្តិសុខលើដែនអធិបតេយ្យនៃប្រទេសអ៊ុយក្រែន។
ចំណែកសហរដ្ឋអាមេរិក មិនបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមនោះទេ តែសន្យាបង្ហោះផ្កាយរណប និងយន្តហោះល្បាតជួយឃ្លាំមើលលម្ហអាកាស និងលម្ហសមុទ្រនៃប្រទេសអ៊ុយក្រែន។
នៅក្នុងជំនួបនៅសេតវិមាន កាលថ្ងៃទី១៨ សីហា មេដឹកនាំអឺរ៉ុប និងលោក ត្រាំ បានយល់ព្រមឱ្យមានការដាក់ពង្រាយកងសន្តិសុខនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដើម្បីបញ្ជាក់ថា បទឈប់បាញ់ត្រូវតែគោរពម៉ត់ចត់ គ្មានការបំពានបានឡើយ។ អ្វីជាការបារម្ភរបស់ប្រទេសអ៊ុយក្រែន និងអឺរ៉ុប គឺបារម្ភរុស្ស៊ី បង្កឈ្លានពានអ៊ុយក្រែន ម្ដងទៀត។
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ក្នុងនោះមានប្រទេសជប៉ុន ដែលមិនស្ថិតនៅអឺរ៉ុប ក៏បានប្រកាសពីការត្រៀមកងរក្សាសន្តិសុខរបស់ខ្លួនទៅចូលរួមនឹងក្រុមកងរក្សាសន្តិសុខអឺរ៉ុបនៅលើទឹកដីអ៊ុយក្រែន ដែរ។
ប្រមុខការទូតរុស្ស៊ី លោក Sergey Lavrov រំលឹកថា វត្តមានទ័ពបរទេសនៅអ៊ុយក្រែន មិនអាចទទួលយកបានឡើយ។ លោកបញ្ជាក់ថា ការគាំទ្ររបស់រុស្ស៊ី លើគោលការណ៍ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន វាត្រូវមានការយល់ព្រមពីរុស្ស៊ី។ ប្រមុខការទូតរុស្ស៊ី លោក Sergey Lavrov ថារុស្ស៊ី មិនមើលឃើញទ័ពអឺរ៉ុបជាទ័ពរក្សាសន្តិភាពអន្តរជាតិនោះទេ។
ប៉ុន្តែក្រុមប្រទេសអឺរ៉ុប ប្រកាសថា គម្រោងការនេះមិនចាំបាច់ឆ្លងកាត់ការយល់ព្រមពីរុស្ស៊ី នោះទេ ព្រោះវាជាសិទ្ធិរបស់អ៊ុយក្រែន និងអឺរ៉ុប ហើយក៏ជាកិច្ចព្រមព្រៀងទ្វេភាគី។ លោកប្រធានាធិបតីបារាំង Emmanuel Macron អះអាងថា កម្លាំងទ័ពសន្តិសុខនេះមិនយកចេញពីកងអង្គភាពនៃកងទ័ពយោធាណាតូនោះទេ។
ក្នុងស្ថានភាពដែលរំពឹងថាសន្តិភាពអាចនឹងមាន ប្រសិនបើមានជំនួបកំពូលរវាងលោក ពូទីន និងលោក ហ្សេឡេនស្គី រួមនឹងលោក ត្រាំ នៅពេលខាងមុខនេះ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា អ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីល បើកការវាយប្រហារដ៏ធំបំផុតតាមផ្លូវអាកាស គិតចាប់តាំងពីពាក់កណ្តាលខែកក្កដា។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន អ្នកស្រី Yulia Svyrydenko បានបង្ហោះសារលើបណ្ដាញសង្គមថា ការវាយប្រហារថ្មីចុងក្រោយនេះ បង្ហាញថា រុស្ស៊ីមិនមានភាពប្រាកដប្រជាចំពោះការស្វែងរកកិច្ចព្រមព្រៀងសន្តិភាព បើទោះបីសហរដ្ឋអាមេរិក បានប្រឹងប្រែងធ្វើការទូតយ៉ាងខ្លាំងក្នុងពេលប៉ុន្មានថ្ងៃមកនេះក៏ដោយ។
អ្នកស្រី Svyrydenko និយាយថា រុស្ស៊ីបានប្រើប្រាស់អាវុធចម្រុះក្នុងការវាយប្រហារដ៏ធំរបស់ខ្លួន គឺរួមមានទាំងដ្រូន មីស៊ីលគ្រូស មីស៊ីលបាលិស្ទិក។
ជាមួយគ្នានេះ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា រុស្ស៊ីបានប្រើយន្តហោះដ្រូនចំនួន ៥៧៤គ្រឿង រួមជាមួយមីស៊ីល ៤០គ្រាប់ ប៉ុន្តែដ្រូន ៥៤៦គ្រឿង និងមីស៊ីល ៣១គ្រាប់ ត្រូវបានបាញ់ទម្លាក់។
កិច្ចចរចាត្រីភាគីដែលរំពឹងថាអាចនឹងកើតមានរវាងលោក ពូទីន លោក ហ្សេឡេនស្គី និងលោក ដូណាល់ ត្រាំ តែនៅពេលនេះ ទីក្រុងមូស្គូ បាននិយាយបន្ថោកបន្ទាបថាអាចមានលទ្ធផលមិនល្អ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

