រដ្ឋបាលខេត្តបន្ទាយមានជ័យ អះអាងថា ភាគីថៃ អាចចេញបណ្ណកម្មសិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ប៉ុន្តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ដែនអធិបតេយ្យកម្ពុជា នោះទេ ជាពិសេសតំបន់ដែលប្រទេសទាំងពីរពុំទាន់បានឯកភាពបោះបង្គោលខណ្ឌសីមា។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៥ ខែសីហា នេះថា ការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋថៃ នៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញបណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាពអំពីការខណ្ឌសីមាលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ដែលពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។
លោក អ៊ុំ រាត្រី បន្ថែមថា ក្នុងករណីចេញបណ្ណធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងជំទាស់ភ្លាម ព្រោះថាសកម្មភាពនេះ គឺរំលោភលើស្មារតី MOU ឆ្នាំ២០០០ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ដំណើរការនៃការចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី២៤ ខែសីហា កាសែតក្នុងស្រុកថៃ The Nation Thailand បានចុះផ្សាយថា អាជ្ញាធរខេត្តស្រះកែវ បានសន្យាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋថៃ ដែលមានសិទ្ធិនៅក្នុងភូមិ Nong Chan ស្រុក Khok Sung ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ទាក់ទងទៅនឹងបញ្ហាព្រំដែននេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានរំឭកជាថ្មីថា កម្ពុជានៅតែមានការប្ដេជ្ញាចិត្តអនុវត្តបទឈប់បាញ់ និងស្មារតីជាអ្នកជិតខាងល្អ ដោយប្រកាន់យកមធ្យោបាយសន្តិវិធី ដើម្បីដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។
អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខែសីហា នេះថា ប្រទេសទាំងពីរគួរតែធ្វើការជាមួយគ្នា ដើម្បីលើកស្ទួយការកសាងជំនឿទុកចិត្ត ការកាត់បន្ថយភាពតានតឹង និងកិច្ចសហប្រតិបត្តិការ ជាជាងសាបព្រោះនូវការចោទប្រកាន់ដែលមានហានិភ័យ ធ្វើឱ្យភាពតានតឹងកើនឡើង។
ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានអូសបន្លាយពេលអស់ ២ខែ ២៧ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៥ ខែសីហា នេះ ក្នុងនោះ កម្ពុជាបានធ្វើកិច្ចការទូតដើម្បីជំរុញឱ្យភាគីថៃ គោរពបទឈប់បាញ់យ៉ាងខ្លាំងក្លា ក្នុងបំណងធ្វើឱ្យប្រទេសទាំងពីរវិលទៅរកស្ថានភាពគ្មានជម្លោះវិញ ប៉ុន្តែភាគីថៃ នៅតែបង្ហាញពីគោលបំណងមិនចង់ផ្សះផ្សាជាមួយកម្ពុជា ទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

