35.9 C
Phnom Penh

លោក ហ្សេឡេនស្គី ដឹកនាំ​ពិធី​រំលឹក​ទិវា​ឯករាជ្យ​ជាតិ​ខួប​ទី​៣៤ ដោយ​សច្ចា​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​២៤ សីហា គឺជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន គឺជា​ខួប​ទី​៣៤ ដែល​សាធារណរដ្ឋ​អ៊ុយក្រែន សព្វថ្ងៃ​នេះ​បាន​ឯករាជ្យ​ពី​សហភាព​សូវៀត។

ប៉ុន្តែ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​អ៊ុយក្រែន ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដែល​នៅតែ​បន្ត បើ​ទោះបីជា​មាន​ការ​ប្រឹងប្រែង​ពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក៏ដោយ ក៏​ភាគី​រុស្ស៊ី នៅតែ​មិន​បាន​ធ្វើ​ឱ្យ​រីកចម្រើន​ទៅ​រក​សន្តិភាព​ឡើយ។

ទីក្រុង​មូស្គូ កំពុង​វាយ​សន្ធប់​កាន់តែ​ខ្លាំង​គាប​សង្កត់​អ៊ុយក្រែន ឱ្យ​ប្រគល់​ទឹកដី​ឲ្យ​ខ្លួន ជាពិសេស​នៅ​តំបន់​ដុនបាស់។

ក្នុង​ខួប​ទី​៣៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន ឆ្នាំ​នេះ ជា​ព្រឹត្តិការណ៍​ពោរពេញ​ទៅ​ដោយ​សេចក្តី​ឈឺចាប់​ជាទីបំផុត ព្រោះតែ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី វាយប្រហារ​លើ​អ៊ុយក្រែន កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង។

លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ដឹកនាំ​កម្មវិធី​គោរព​ទង់ជាតិ​អ៊ុយក្រែន នៅ​ក្នុង​បរិយាកាស​ដ៏​សែន​ក្តុកក្តួល។ តែ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ្សេឡេនស្គី បាន​រំលេច​នូវ​ខ្លឹមសារ គឺ​សច្ចា​វាយបក​ទៅ​លើ​ទីក្រុង​មូស្គូ រៀងរាល់​ថ្ងៃ​ដោយ​គ្មាន​ថ្ងៃ​បញ្ឈប់​ឡើយ។

លោក​បញ្ជាក់​ថា កងទ័ព​អ៊ុយក្រែន គ្មាន​ខ្លាច​ញញើត​នឹង​សត្រូវ​ឈ្លានពាន​ឡើយ។ ពួកគេ​កៀក​ស្មា​គ្នា​ដើម្បី​មាតុភូមិ​ជា​ទី​ស្រឡាញ់។

សេចក្ដី​ថ្លែងការណ៍​ទៅ​កាន់​កងទ័ព​ជួរមុខ លោក ហ្សេឡេនស្គី បាន​លើកឡើង​អំពី​ទង់ជាតិ​អ៊ុយក្រែន ដែល​មាន​ពណ៌​ខៀវ និង​ពណ៌​លឿង គឺជា​ព្រលឹង​ជាតិ​នៃ​ប្រជាជាតិ​អ៊ុយក្រែន ដែល​ទង់ជាតិ​នេះ​ត្រូវ​មាន​លើក​វា​ឡើង​នៅ​លើ​ទឹកដី​អ៊ុយក្រែន ទាំងអស់។

សម្រង់​សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ្សេឡេនស្គី មាន​ដូច្នេះ​ថា៖ «ទង់ជាតិ គឺជា​បុព្វហេតុ និង​ជា​សេចក្តី​សុបិន​របស់​ប្រជាជន​អ៊ុយក្រែន គ្រប់​រូប ដែល​រស់នៅ​ក្នុង​ទឹកដី​ដែល​ពួក​ចោរ​ឈ្លានពាន​កំពុងតែ​គ្រប់គ្រង។ យើង​ស្រឡាញ់ និង​លើក​តម្កើង​ទង់ជាតិ​របស់​យើង ព្រោះ​វា​ជា​ព្រលឹង​ជាតិ​យើង។ ប្រាកដ​ណាស់​ថា​យើង​ទាំងអស់​គ្នា​ប្ដេជ្ញា​មិន​បោះបង់​ទឹកដី​យើង ទៅ​ឲ្យ​ចោរ​ឈ្លានពាន​ដាច់ខាត ទោះ​កាលៈទេសៈ​ណា​ក៏ដោយ។ ទង់ជាតិ​នេះ ជា​និមិត្តរូប​ដ៏​មាន​តម្លៃ​ក្នុង​ជម្រៅ​ចិត្ត​របស់​កងទ័ព​យើង​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ការ​ឱប​ទង់ជាតិ ដើម្បី​យក​ឈ្នះ​សត្រូវ។ យើង​មិន​បោះបង់​ទង់ជាតិ​យើង​ឱ្យ​សត្រូវ​ជាន់ឈ្លី​នោះ​ទេ។ ប្រជាជន​អ៊ុយក្រែន ទាំង​ប្រុស​ទាំង​ស្រី ស្ម័គ្រ​ប្រយុទ្ធ​ការពារ​មិនមែន​តែ​នៅ​សមរភូមិ​នោះ​ទេ គឺ​នៅ​ក្រោយ​សមរភូមិ​យើង សាមគ្គី​គ្នា​រួម​កម្លាំង​គ្នា ព្រោះ​យើង​ត្រូវតែ​ការពារ​ជាតិ​របស់​យើង​ទាំងមូល។ ជាតិ​យើង​មិន​ស្លាប់​ទេ។ យើង​បន្ត​ងើប​ឈរ​ព្រម​គ្នា​វាយ​រុញ​សត្រូវ​ឈ្លានពាន​ទឹកដី​យើង។ យើង​គ្មាន​ពេល​ចាញ់​សត្រូវ​ទេ ហើយ​សត្រូវ​ក៏​គ្មាន​ឱកាស​ឈ្នះ​យើង​ដែរ។»

នេះ​ជា​សារ​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ក្នុង​ទិវា​ខួប ៣៤​ឆ្នាំ ដែល​ថ្លែង​ទៅ​កាន់​ជន​រួម​ជាតិ​អ៊ុយក្រែន និង​ទៅ​កាន់​កងទ័ព​នៅ​សមរភូមិ​មុខ កាលពី​ថ្ងៃទី​២៤ សីហា ជា​ទិវា​រំលឹក​ឯករាជ្យ​ពិតប្រាកដ​របស់​ប្រជាជាតិ​អ៊ុយក្រែន ដែល​អន្តរជាតិ​ទទួលស្គាល់​អ៊ុយក្រែន ជា​រដ្ឋ​អធិបតេយ្យ​ពេញលេញ​ក្រោយពី​បែក​ចេញពី​សហភាព​សូវៀត នៅ​ខែ​សីហា ឆ្នាំ​១៩៩១។

ពិធី​នេះ​ប្រារព្ធ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ នៅ​រដ្ឋធានី​គៀវ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ជូន​កងទ័ព​អ៊ុយក្រែន ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ការពារ​ឯករាជ្យ និង​បូរណភាព​ទឹកដី​អ៊ុយក្រែន។

ទីលាន​សាធារណៈ​នៅ​ទីក្រុង​គៀវ ប្រជាជន​អ៊ុយក្រែន បាន​ដាក់​បាច់​ផ្កា អុជ​ទៀន និង​ដាក់​ទង់ជាតិ​អ៊ុយក្រែន អម​ជាមួយ​រូបថត​ទាហាន​ដែល​ស្លាប់ និង​បាត់​ខ្លួន។

នាយករដ្ឋមន្ត្រី​កាណាដា លោក Mark Carney និង​ប្រេសិត​ពិសេស​របស់​លោក ដូណាល់ ត្រាំ លោក Keith Kellogg ក៏​បាន​ទៅ​ចូលរួម​ដែរ។

នាយករដ្ឋមន្ត្រី​កាណាដា ដែល​បាន​ជាន់​ទីក្រុង​គៀវ ជា​លើកដំបូង លោក​បាន​ប្ដេជ្ញា​ជួយ​អ៊ុយក្រែន ប្រយុទ្ធ​តតាំង​ដើម្បី​ឯករាជ្យ និង​សន្តិភាព ជាមួយ​នឹង​ការ​បញ្ចេញ​កញ្ចប់​ជំនួយ​យោធា​ក្នុង​ទំហំ​សាច់ប្រាក់ ៧០០​លាន​ដុល្លារ ដែល​ជំនួយ​នេះ​ត្រូវ​បាន​លោក Mark Carney ប្រកាស​ជា​សាធារណៈ​នៅ​ពេល​លោក​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ក្នុង​ទិវា​ឯករាជ្យ​ជាតិ​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ សីហា នៅ​ចំពោះ​ហ្វូង​មហាជន​អ៊ុយក្រែន និង​ចំពោះ​មុខ​លោក ហ្សេឡេនស្គី។

ក្នុង​ឱកាស​នេះ រដ្ឋាភិបាល​ន័រវែស សហការ​ជាមួយ​នឹង​អាល្លឺម៉ង់ ក្នុង​ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស​ទៅ​ឲ្យ​អ៊ុយក្រែន ក្នុង​ទំហំ​សាច់ប្រាក់ ៧០០​លាន​ដុល្លារ។

នៅ​មុន​មួយ​ថ្ងៃ​នៃ​ទិវា​ឯករាជ្យ​ជាតិ ២៤ សីហា ប្រទេស​ហុឡង់ដ៍ បាន​បញ្ជូន​ខែល​ការពារ​ប៉ាទ្រីយូត​មួយ​គ្រឿង​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន។

រហូត​មក​ដល់​ពេលនេះ សង្គ្រាម​របស់​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល​ជាង ៣​ឆ្នាំ ៦​ខែ​ហើយ។ បើ​ទោះជា​កងទ័ព​រុស្ស៊ី បាត់បង់​កើន​ឡើង​ជាង ១​លាន ៧​ម៉ឺន​នាក់ តែ​លោក វ៉្លាឌីមៀ ពូទីន នៅតែ​ប្រកាស​បន្ត​សង្គ្រាម​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន។

ផែនការ​សន្តិភាព​របស់​លោក ត្រាំ ដែល​លោក​សង្ឃឹម​ខ្លួនឯង​ថា​នឹង​មាន​ជំនួប​ត្រីភាគី​មួយ​រវាង​លោក ពូទីន និង​លោក ហ្សេឡេនស្គី រួម​នឹង​រូបលោក កំពុងតែ​ធ្លាក់​ក្នុង​បរាជ័យ ព្រោះ​លោក ពូទីន មិន​ព្រម​ជួប​លោក ហ្សេឡេនស្គី ដែល​ក្រុង​មូស្គូ លើកឡើង​ថា​លោក ហ្សេឡេនស្គី មិន​មាន​ភាព​ស្រប​ច្បាប់​តំណាង​ឱ្យ​ប្រជាជន​អ៊ុយក្រែន នោះ​ទេ ព្រោះ​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី​អ៊ុយក្រែន បាន​អស់​សុពលភាព​តាំងពី​ខែ​មេសា ឆ្នាំ​២០២៤។

លោក Sergey Lavrov ប្រមុខ​ការទូត​រុស្ស៊ី បាន​ថ្លែង​ស្ដីបន្ទោស​ថា​មកពី​ក្រុម​ប្រទេស​លោកខាងលិច គិតតែ​ពី​ញុះញង់​អ៊ុយក្រែន ហើយ​ប្រើ​កលល្បិច​រារាំង​ដើម្បី​កុំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី។

ក្រុម​ប្រទេស​អឺរ៉ុប​បាន​រួម​គ្នា​ខំ​ឱ្យ​មាន​យន្តការ​ដើម្បី​ការពារ​សន្តិសុខ​អ៊ុយក្រែន ឲ្យ​បាន​រឹងមាំ ក្រោយពី​អ៊ុយក្រែន និង​រុស្ស៊ី បញ្ចប់​សង្គ្រាម ព្រោះ​អឺរ៉ុប​បារម្ភ​រុស្ស៊ី អាច​មាន​ឱកាស​ឈ្លានពាន​អ៊ុយក្រែន ជា​ថ្មី​ម្ដង​ទៀត។

ក្រុម​ប្រទេស​អឺរ៉ុប​ប្រកាស​ហើយ​ថា អ៊ុយក្រែន​ត្រូវតែ​មាន​អធិបតេយ្យភាព​ពេញលេញ​ដូច​មុន​ឆ្នាំ​១៩៩១ ជា​ឆ្នាំ​ដែល​ប្រទេស​ទាំង​ពីរ រុស្ស៊ី​និង​អ៊ុយក្រែន កំណត់​បាន​នូវ​ខ្សែបន្ទាត់​ព្រំដែន​រួម​ជាមួយ​គ្នា ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ ក្រោយពី​អ៊ុយក្រែន និង​រុស្ស៊ី បញ្ចប់​ឋានៈ​ជា​រដ្ឋ​ចំណុះ​ឱ្យ​សហភាព​សូវៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស