អ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាមិនអាចខ្ចីលុយប្រទេសផ្សេងសម្រាប់ទិញអាវុធដើម្បីច្បាំងការពារទឹកដីរបស់ខ្លួនបានឡើយ ហើយក៏គ្មានប្រទេសណាចិត្តល្អផ្តល់អាវុធឲ្យកម្ពុជា ដោយគ្មានការទិញដូរនោះដែរ ព្រោះមិត្ត និងសត្រូវរបស់កម្ពុជា អាចប្រែមុខមាត់គ្រប់ពេល។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីចុងសប្តាហ៍ថា ការពង្រឹងសមត្ថភាពការពារខ្លួន គឺជាភាពចាំបាច់ដែលមិនអាចខ្វះបាន ក្នុងនោះ ការអភិវឌ្ឍកម្លាំងប្រដាប់អាវុធការពារជាតិ គឺពិតជាត្រូវការលុយច្រើនបំផុត ហើយលុយទាំងនេះក៏ត្រូវកើតចេញពីសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កម្ពុជាដែរ។
បណ្ឌិត មាស នី លើកឡើងថា ទោះមានលុយច្រើនហើយក៏ដោយ ក៏មិនប្រាកដថាប្រទេសដទៃនឹងលក់អាវុធ ឬគ្រាប់រំសេវឲ្យខ្លួនពេលត្រូវការនោះទេ ដូច្នេះដើម្បីធានានិរន្តរភាពក្នុងការការពារជាតិ កម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតគ្រាប់រំសេវសំខាន់ៗដោយខ្លួនឯងនាពេលអនាគត។
លោកបន្តថា រដ្ឋាភិបាលត្រូវតែថែទាំកងទ័ពឱ្យបានត្រឹមត្រូវ ទាំងសុខមាលភាព សមត្ថភាព និងជីវភាពរស់នៅ ដូចជា យុទ្ធជន និងគ្រួសាររបស់ពួកគេ ជាដើម ក្នុងនោះ ការប្រព្រឹត្តអំពើពុករលួយ និងការប្រព្រឹត្តណាមួយដែលឈានដល់ការធ្វើស្រែលើខ្នងយុទ្ធជន ត្រូវតែមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត។
អ្នកសង្កេតការណ៍រូបនេះបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់ថៃ លើកម្ពុជា ក្នុងពេលនេះ បានប្រាប់ពលរដ្ឋខ្មែរគ្រប់រូប ទាំងរាស្ត្រ និងរដ្ឋាភិបាល ឱ្យដឹងថា ជាតិខ្មែរត្រូវតែរួមគ្នាគិតគូរពីអនាគតជាតិសម្រាប់រយៈពេលវែង ព្រោះថាទាល់តែខ្មែររឹងមាំទាំងអស់គ្នា ទើបសត្រូវមិនហ៊ានមើលងាយ។
របាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា បង្ហាញកាលពីពេលថ្មីៗនេះថា សង្គ្រាមកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ កងទ័ពថៃ បានប្រើយន្តហោះចម្បាំង F-16 និងយន្តហោះ Gripen ដើម្បីទម្លាក់គ្រាប់បែក Mk-82 និងគ្រាប់បែក MK-84 លើទឹកដីកម្ពុជា។ បន្ថែមពីនេះ ទាហានថៃ ក៏បានប្រើដ្រូនទម្លាក់គ្រាប់បែកត្បាល់ M-261 និងដ្រូនទម្លាក់គ្រាប់បែក M-472 រួមទាំងដ្រូនអត្តឃាត និងដ្រូនឈ្លបយកការណ៍ផងដែរ។
របាយការណ៍ដដែល បញ្ជាក់ថា យោធាថៃ ក៏បានប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ គ្រាប់បែកចង្កោម និងប្រើយន្តហោះបញ្ចេញផ្សែងពុលមកលើទឹកដីកម្ពុជា ថែមទៀត ខណៈកម្ពុជា មិនបានប្រើអាវុធធុនធ្ងន់វាយបកទៅលើប្រទេសថៃ វិញទេ។
ទាក់ទិននឹងបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែសីហា នេះថា ប្រទេសស៊ុយអែត បានចុះហត្ថលេខាលក់យន្តហោះចម្បាំងម៉ាក JAS 39 Saab Gripen ចំនួន ៤គ្រឿងឲ្យប្រទេសថៃ ក្នុងតម្លៃសរុបជាង ៥០០លានដុល្លារអាមេរិក (៥៥៦លានដុល្លារ) ក្នុងវគ្គទី១ នៃផែនការបញ្ជាទិញចំនួន ១២គ្រឿងកាលពីដើមខែសីហា នេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

