28 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បន្ត​ប្រមូលផ្ដុំ​ប្រឆាំង​មិន​ឱ្យ​ទាហាន​ថៃ ចូល​រាយ​បន្លា​លួស​ក្នុង​ទឹកដី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ ប្រមូលផ្ដុំ​ប្រឆាំង​តវ៉ា និង​បណ្តេញ​កងទ័ព​ថៃ មិន​ឱ្យ​ចូល​ទៅ​រាយ​បន្លា​លួស​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ឡើយ។

សារព័ត៌មាន​ក្នុង​ស្រុក SBT News បាន​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃទី​២៦ សីហា នេះ អំពី​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​នាំគ្នា​ប្រឆាំង​តវ៉ា​ការ​រាយ​បន្លា​លួស​របស់​កងទ័ព​ថៃ ដែល​ប៉ុនប៉ង​ចូល​ទៅ​រាយ​បន្លា​លួស​សាជាថ្មី​ក្នុង​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នោះ។

តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់ បង្ហាញ​ឱ្យ​ឃើញ​អំពី​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បាន​ប្រមូលផ្ដុំ​នៅ​ភូមិ​ជោគជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​រារាំង​កងទ័ព​ថៃ មិន​ឱ្យ​រាយ​បន្លា​លួស​ចូល​ក្នុង​ទឹកដី​ខ្មែរ។

ចំណែក​សារព័ត៌មាន ខៅ​ស៊ុត របស់​ថៃ (Khaosod) បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក ភូមិថាំ វិឆាយាឆៃ នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា ចំពោះ​កម្ពុជា​ដែល​បាន​ដាក់​សម្ពាធ​បង្ខំ​ឱ្យ​ថៃ រុះរើ​របង​បន្លា​លួស​ចេញ លោក​គ្មាន​សិទ្ធិ​សម្រេច​លើ​រឿង​នេះ​ទេ។

នាយករដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន រដ្ឋាភិបាល​ថៃ បាន​ប្រគល់​សិទ្ធិ​ការពារ​ព្រំដែន​ឱ្យ​កងទ័ព​ថៃ ជា​អ្នក​ដោះស្រាយ​អស់​ហើយ ខណៈ​ការ​រាយ​បន្លា​លួស​ពី​សំណាក់​កងទ័ព​ថៃ នា​ពេលនេះ គឺ​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​ស្រប​តាម​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​នៅ​ប្រទេស​ម៉ាឡេស៊ី ទាំងអស់។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោ​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា កងកម្លាំង​កម្ពុជា​មិន​បាន​បំពាក់​ប្រដាប់​ដោយ​អាវុធ​នៅ​ទីតាំង​កើតហេតុ​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ នោះ​ទេ ដើម្បី​បង្ហាញ​ពី​ប្ដេជ្ញាចិត្ត​ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព ដូច្នេះ​សូម​ពលរដ្ឋ​មេត្តា​យោគយល់​ពី​ទឹកចិត្ត​កងកម្លាំង​កម្ពុជា​នៅ​ទីតាំង​កើតហេតុ និង​រួម​គ្នា​អត់ធ្មត់​ដើម្បី​ប្រយោជន៍​ជាតិ។

លោក ទៀ សីហា លើកឡើង​ថា ពេលនេះ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ គឺ​ត្រូវ​ធ្វើ​ឡើង​ជាបន្តបន្ទាប់​ទៀត ដូចជា កិច្ចប្រជុំ​វិសាមញ្ញ RBC រវាង​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា និង​យោធភូមិភាគ​ទី​២ របស់​ថៃ នៅ​ថ្ងៃទី​២៧ ខែ​សីហា និង​កិច្ចប្រជុំ GBC នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែ​កញ្ញា នោះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​ការពារ​ប្រទេស​ជាតិ ការ​ការពារ​ព្រំដែន មិនមែន​ជា​រឿង​តូចតាច​ទេ ហើយ​ក៏​គ្មាន​ថ្នាក់ដឹកនាំ​ខ្មែរ​ណា​យក​ប្រជាជន​ជា​ខែល ឬ​ជា​ឈ្នាន់​ដើម្បី​ការពារ​ផល​ប្រយោជន៍​ខ្លួន​ឡើយ។

នៅ​ថ្ងៃទី​២៦ ខែ​សីហា នេះ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដែល​មាន​តំណាង​ចូលរួម ៥​ប្រទេស រួម​មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និង​វៀតណាម ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ម៉ាឡេស៊ី បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ទាហាន​ថៃ ចូល​មក​ឡោមព័ទ្ធ និង​រាយ​លួស​បន្លា​យក​ដី ព្រមទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​នោះ។

កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង ០២ និង ២០​នាទី យោធា​ថៃ ប្រដាប់​ដោយ​អាវុធ រួម​ទាំង​ឧបករណ៍​បញ្ចេញ​រលក​សំឡេង (Long Range Acoustic Device) បាន​ចូល​មក​រាយ​លួស​បន្លា​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ភូមិសាស្ត្រ​ទល់​មុខ​នឹង​ភូមិ​ណងចាន់ ឃុំ​ខកសុខ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​នៅ​ទីតាំង​នោះ រួម​មាន​ជនពិការ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ព​កូន ជាដើម បាន​រួម​កម្លាំង​គ្នា​ប្រឆាំង​តវ៉ា​មិន​ឱ្យ​ទាហាន​ថៃ រាយ​បន្លា​លួស​បន្ត​ទៀត និង​បាន​រុះរើ​បន្លា​ដែល​ទាហាន​ថៃ ទើប​នឹង​ដាក់​ពង្រាយ​ចេញ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស