កម្ពុជា-ថៃ ឯកភាពបញ្ឈប់ការពង្រីកទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុរបស់ទាហានថៃ ផងដែរ ដើម្បីកុំឱ្យមានភាពតានតឹងកាន់តែខ្លាំង និងជៀសវាងនូវការចែកចាយព័ត៌មានមិនពិត ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាផងដែរ។
គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចេញសេចក្តីប្រកាសព័ត៌មានរួមគ្នានៅថ្ងៃទី២៧ សីហា នេះថា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងជៀសវាងនូវការចែកចាយព័ត៌មានមិនពិត ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។
ប្រភពដដែល បញ្ជាក់ថា រាល់ការធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព រួមបញ្ចូលទាំងការល្បាត ការសាងសង់ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឬលេណដ្ឋានដែលមានលក្ខណៈការពារខ្លួន ជាដើម ត្រូវតែស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នា។
ជាងនេះទៀត ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញផងដែរ។
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្ដរមានជ័យ នាថ្ងៃទី២៧ ខែសីហា នេះ ដែលក្នុងនោះ ភាគីកម្ពុជាដឹកនាំដោយលោក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ចំណែកភាគីថៃ ដឹកនាំដោយលោក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ របស់ថៃ។
កិច្ចប្រជុំ វិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះ ត្រូវបានធ្វើឡើងចំនួនពីរលើករួចមកហើយ គឺប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ដែលភាគីថៃ ធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែសីហា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។
ជុំវិញកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ សីហា នេះថា លោកសូមអបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាពេលនេះ ដោយឈរលើស្មារតីនៃការឯកភាពគ្នាក្នុងការអនុវត្តបទឈប់បាញ់ទាំង ១៣ចំណុចនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ឱ្យមានប្រសិទ្ធភាព។
ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី២៦ សីហា នេះថា ទោះកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវធ្វើឡើងជាបន្តបន្ទាប់ក្តី ក៏ភាគីថៃ នៅតែរំលោភបំពានលើកម្ពុជាដដែល។
យ៉ាងណាក៏ដោយ សារព័ត៌មាន ខៅស៊ុត របស់ថៃ (Khaosod) បានដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វិឆាយាឆៃ ចុះផ្សាយកាលពីថ្ងៃទី២៦ សីហា ថា ចំពោះកម្ពុជាដែលបានដាក់សម្ពាធបង្ខំឱ្យថៃ រុះរើរបងបន្លាលួសចេញនោះ គឺរដ្ឋាភិបាលថៃ គ្មានសិទ្ធិសម្រេចលើរឿងនេះឡើយ ព្រោះបានប្រគល់សិទ្ធិការពារព្រំដែនឱ្យកងទ័ពថៃ ជាអ្នកដោះស្រាយអស់ហើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

