28.7 C
Phnom Penh

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ថា​នឹង​ជួប​ប្រធានាធិបតី ហ្សេឡេនស្គី តែ​ដាក់​កំហិត​ត្រូវ​ជួប​នៅ​ទីក្រុង​មូស្គូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រសិនបើ​ប្រធានាធិបតី​អ៊ុយក្រែន រូប​នេះ យល់ព្រម​ទៅ​ជួប​លោក​នៅ​ទីក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន MSN នៅ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៥។

ថ្លែង​ចេញពី​ប្រទេស​ចិន ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក ពូទីន បាន​សង្កត់​ធ្ងន់​ថា៖ ការ​ជួប​ជាមួយ​លោក ហ្សេឡេនស្គី សម្រាប់​រូបលោក​មិន​ដែល​ច្រានចោល​លទ្ធភាព​នៃ​ជំនួប​នេះ​ទេ។ ប៉ុន្តែ​លោក​សួរ​ថា តើ​វា​មាន​ប្រយោជន៍​អ្វី​ទេ​សម្រាប់​រុស្ស៊ី?។

លោក ពូទីន បាន​រំលឹក​ពី​ជំហរ​វិមាន​ក្រឹមឡាំង ថា ជំនួប​បែប​នេះ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​រៀបចំ​យ៉ាង​ល្អ​ជា​មុន​សិន ដែល​ថា​បើ​ត្រូវ​ជួប​គ្នា គឺ​ត្រូវតែ​នាំមក​នូវ​លទ្ធផល​ពិតប្រាកដ។

តែ​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រូប​នេះ នៅតែ​បន្ត​ដាក់​លក្ខខណ្ឌ​ថា អ៊ុយក្រែន ត្រូវតែ​រៀបចំ​ការ​បោះឆ្នោត និង​ធ្វើ​ប្រជាមតិ​អំពី​បញ្ហា​ទឹកដី និង​បោះបង់​ការ​ប្រយុទ្ធ ប្រសិនបើ​ចង់​ឲ្យ​មាន​វឌ្ឍនភាព​ណា​មួយ​កើតឡើង។

ការ​ថ្លែង​របស់​លោក ពូទីន ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្ដែង​ការ​ខកចិត្ត​នឹង​លោក ដែល​បង្ហាញ​ភាព​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ឯ​ទីក្រុង​ប៉េកាំង អំឡុង​ពេល​លោក​ចូលរួម​រំលឹក​ខួប ៨០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ ដែល​អាណាចក្រ​ជប៉ុន ចាញ់​សង្គ្រាម​ត្រួតត្រា​លើ​ប្រទេស​ចិន និង​តំបន់​អាស៊ី។

លោក ត្រាំ បាន​ហៅ​កាយវិការ​លោក ពូទីន នៅ​ទីក្រុង​ប៉េកាំង គឺ​រឿង​ភូតភរ​លោក ព្រោះតែ​លោក ពូទីន ចាត់ទុក​រូបលោក​ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឱ្យ​មាន​ការ​ទុកចិត្ត និង​ចូលចិត្ត​ជាងគេ ហើយ​លើស​មេដឹកនាំ​ប្រទេស​ណា​ទាំងអស់។ លោក ត្រាំ បាន​គំរាម​ថា​នឹង​មាន​អ្វី​មួយ​កើតឡើង​ទៅ​លើ​រុស្ស៊ី ឆាប់ៗ​នេះ។

នៅ​ទីក្រុង​ប៉េកាំង នា​ឱកាស​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច លោក ពូទីន បាន​និយាយ​ថា លោក​មើល​ឃើញ​ឱកាស​បិទ​បញ្ចប់​សង្គ្រាម​នៅតែ​មាន ដែល​លោក​ថា​ព្រោះ​ជា​កិច្ចប្រឹងប្រែង​ដ៏​ស្មោះត្រង់​ពី​សហរដ្ឋ​អាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ។

លោក ពូទីន បញ្ជាក់​ដូចនេះ​ថា៖ សម្រាប់​ខ្ញុំ ប្រសិនបើ​អាច​ទទួល​យក​បាន វា​មាន​ន័យ​ថា​អាច​ទៅ​រួច​ក្នុង​ការ​ព្រមព្រៀង​លើ​ដំណោះស្រាយ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ​នេះ។ ជាពិសេស យើង​បាន​ឃើញ​ភាព​ស្មោះត្រង់​របស់​រដ្ឋការ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ធ្វើ​ឱ្យ​រុស្ស៊ី មើល​ឃើញ​ការ​បញ្ចប់​សង្គ្រាម​អាច​ចេញពី​ការ​ចរចា តែ​បើ​ពុំ​នោះ​ទេ មាន​តែ​ការ​បញ្ចប់​ដោយ​កម្លាំង​ទ័ព។

ចំពោះ​ក្រុម​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ដែល​កំពុង​រៀបចំ​ផែនការ​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន ក្រោម​គោលការណ៍​ការពារ​សន្តិសុខ​សម្រាប់​អ៊ុយក្រែន នៅ​ថ្ងៃទី​៤ កញ្ញា នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី អ្នកស្រី Maria Zakharova បន្ត​លើកឡើង​ថា រុស្ស៊ី​គ្មាន​ផែនការ​ពិភាក្សា​អំពី​ប្រធានបទ​ទាក់ទង​នឹង​កងទ័ព​បរទេស​ត្រូវ​ដាក់​ពង្រាយ​នៅ​អ៊ុយក្រែន នោះ​ទេ ទោះ​កាលៈទេសៈ​ណា​ក៏ដោយ។ អ្នកស្រី Maria Zakharova ចាត់ទុក​ជា​រឿង​មិន​អាច​ទទួលយក​បាន​ឡើយ។

ស្ត្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី រូប​នេះ បាន​ឆ្លើយតប​ចំពោះ​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen ដែល​បាន​លើកឡើង​អំពី​ផែនការ​បញ្ជូន​កងទ័ព​អឺរ៉ុប​ទៅ​អ៊ុយក្រែន ខណៈ​អ្នកស្រី​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រុស្ស៊ី​នឹង​មិន​និយាយ​អំពី​កិច្ច​អន្តរាគមន៍​ពី​កងទ័ព​បរទេស​នៅ​អ៊ុយក្រែន ទេ ទោះជា​ស្ថិត​ក្រោម​លក្ខខណ្ឌ​ជា​មូលដ្ឋាន និង​សន្តិសុខ​ណា​មួយ​ក៏ដោយ ព្រោះ​ជា​កងទ័ព​បរទេស​ពី​ក្រុម NATO។

អ្នកស្រី Von der Leyen បាន​និយាយ​ថា អឺរ៉ុប​កំពុង​រៀបចំ​ផែនការ​ដាក់​ពង្រាយ​កងទ័ព​ចម្រុះ​ជាតិ​សាសន៍​ទៅ​អ៊ុយក្រែន ជា​ផ្នែក​មួយ​នៃ​ការធានា​សន្តិសុខ​ក្រោយ​សង្គ្រាម ហើយ​ក៏​នឹង​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ។

កន្លង​មក តាម​ការ​អះអាង​របស់​មន្ត្រី​ការទូត​អឺរ៉ុប មាន​ជាង ១០​ប្រទេស​ក្នុង​ចំណោម​ជាង ៣០​ប្រទេស​បាន​សន្យា​ថា​នឹង​បញ្ជូន​ទ័ព​របស់​ពួកគេ​ទៅ​អ៊ុយក្រែន ក្នុង​នោះ​ក៏​មាន​ប្រទេស​ជប៉ុន ប្រទេស​អូស្ត្រាលី ផង​ដែរ។ តែ​ជំហាន​ដំបូង គឺ​ប្រទេស​អង់គ្លេស បារាំង នឹង​បញ្ជូន​ទ័ព​ចំនួន ៣​ម៉ឺន​នាក់​នាំ​មុខ​គេ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នៅ​ក្រោយ​ពេល​ដែល​អ៊ុយក្រែន និង​រុស្ស៊ី ព្រម​បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​គ្នា។

ចំណែក​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋការ​លោក ដូណាល់ ត្រាំ ប្រកាស​ថា​ក្រុង​វ៉ាស៊ីនតោន ក៏​ចូលរួម​ចំណែក​ផង​ដែរ តែ​បញ្ជូន​តែ​កង​យន្តហោះ​ល្បាត និង​យន្តហោះ​ស៊ើបការណ៍​ជួយ​ល្បាត​តាម​ឃ្លាំមើល​សកម្មភាព​កងទ័ព​រុស្ស៊ី នៅ​តំបន់​សមុទ្រ​ខ្មៅ និង​តំបន់​សមុទ្រ​បាល់ទិច៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស