អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា បើកម្ពុជា-ថៃ មិនទាន់អាចចរចាគ្នាបញ្ចប់សង្គ្រាម ឬជម្លោះព្រំដែនរវាងប្រទេសទាំងពីរចប់សព្វគ្រប់ទេ កម្ពុជាក៏មិនទាន់ដល់ពេលដែលត្រូវបើកព្រំដែនឡើងវិញដែរ លើកលែងតែកម្ពុជារងនូវសម្ពាធធ្ងន់ធ្ងរពីប្រទេសទី៣ ដោយចៀសមិនរួច។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៥ ខែកញ្ញា ថា បើរដ្ឋាភិបាលកម្ពុជា បើកច្រកព្រំដែនឡើងវិញទាំងដែលកងទ័ពនៃប្រទេសទាំងពីរបានកាន់កាប់ទឹកដីតាមតំបន់ព្រំដែនដែលមិនទាន់មានការកំណត់ច្បាស់លាស់ នោះនឹងបង្កការលំបាកទៅថ្ងៃក្រោយកាន់តែខ្លាំងចំពោះការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។
បណ្ឌិត មាស នី លើកឡើងថា បញ្ហាសេដ្ឋកិច្ច គឺពិតជាកត្តាដែលត្រូវគិតគូរពិតមែនហើយ ប៉ុន្តែបូរណភាព គឺរឹតតែសំខាន់ថែមទៀត ស្របពេលដែលពលរដ្ឋតែងព្រួយបារម្ភពីការបាត់បង់ទឹកដីទៅប្រទេសថៃ ដែលកំពុងមានជម្លោះជាមួយកម្ពុជា នាពេលនេះ។
ជាក់ស្តែង ការវាតទីរបស់កងទ័ពថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់ផ្សេងទៀត ដែលភាគីថៃ បានសាងសង់លេណដ្ឋានក្នុងទឹកដីកម្ពុជា គឺជាបញ្ហាចម្បងបំផុតដែលរដ្ឋាភិបាលត្រូវដោះស្រាយឱ្យចប់សព្វគ្រប់មុននឹងជជែកពីការបើកព្រំដែនឡើងវិញ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមរូបនេះ បញ្ជាក់ថា ពេលនេះ ថៃកំពុងព្រួយបារម្ភពីការបាត់បង់ទីផ្សារនៅកម្ពុជា បើព្រំដែនរវាងប្រទេសទាំងពីរចេះតែបន្តបិទដោយគ្មានពេលកំណត់។ លោកបញ្ជាក់ថា ការព្រួយបារម្ភរបស់ថៃ គឺនៅត្រង់ថា បើការបិទនេះចេះតែបន្ត នោះទំនិញចិន និងទំនិញវៀតណាម ប្រាកដជាក្តោបក្តាប់ទីផ្សាររបស់កម្ពុជា ទៅថ្ងៃក្រោយជាមិនខាន ស្របពេលដែលតម្លៃក៏ទាបជាងទំនិញថៃ ផងដែរនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា-ថៃ ពិភាក្សាបើកព្រំដែនមួយចំនួនឡើងវិញតាមសំណើរដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១០ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថា កម្ពុជានិងថៃ ដែលបានពិភាក្សាគ្នាអំពីការបើកច្រកព្រំដែនមួយចំនួនតាមសំណើរដ្ឋាភិបាលជប៉ុន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ដើម្បីធានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៣ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់ថា ការបើកដំណើរការព្រំដែនឡើងវិញជាមួយកម្ពុជា តម្រូវឲ្យមានកិច្ចព្រមព្រៀងជាច្រើន និងការរៀបចំកម្លាំងយោធា ព្រមទាំងត្រូវគោរពតាមលក្ខខណ្ឌរបស់ថៃ ផងដែរ។
ចំណែកប្រធានការិយាល័យសម្របសម្រួលបេសកកម្មដើម្បីសន្តិសុខជាតិថៃ លោក វ៉ាន់ចាន់ណា សាវាឌី (Wanchana Sawasdee) កាលពីថ្ងៃទី១១ ខែកញ្ញា ត្រូវកាសែតថៃ Khaosod បានស្រង់សម្ដីថា បានជំទាស់នឹងការបើកច្រកព្រំដែនរវាងកម្ពុជា-ថៃ ដាច់អហង្ការ ទោះបីមានសំណើរបស់រដ្ឋាភិបាលជប៉ុន ក៏ដោយ។
ព្រំដែនកម្ពុជា-ថៃ មានប្រវែងជាង ៨០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៧ រួមមានខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តព្រះវិហារ ដែលមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន១០ និងច្រកទ្វារតំបន់ព្រំដែនចំនួន៥។
កន្លងមក គេសង្កេតឃើញថាតាមច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់ព្រំដែនរវាងប្រទេសទាំងពីរ បាននាំចូលកសិផល និងទំនិញថៃ ទៅកាន់ប្រទេសកម្ពុជា និងឆ្លងកាត់តាមទៅប្រទេសវៀតណាម រាប់រយឡានកុងតឺន័រក្នុងមួយថ្ងៃៗ ខណៈច្រកតំបន់ព្រំដែនក៏មានការនាំចូលទំនិញថៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ជាប្រចាំថ្ងៃដែរ។
ខេត្តប៉ៃលិន មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន១ ជាមួយថៃ គឺច្រកទ្វារអន្តរជាតិព្រំ រីឯខេត្តបាត់ដំបង មានច្រកទ្វារអន្តរជាតិជាមួយថៃ ចំនួន២ និងច្រកទ្វារតំបន់ព្រំដែនចំនួន៣ ខណៈខេត្តបន្ទាយមានជ័យ មានច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន២ និងច្រកទ្វារតំបន់ព្រំដែនចំនួន២ ផងដែរ។
ចំណែកឯខេត្តឧត្ដរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាមួយថៃ និងខេត្តកោះកុង មានច្រកទ្វារអន្តរជាតិចំនួនមួយ គឺច្រកចាំយាម ខណៈខេត្តព្រះវិហារ ក៏មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន១ ដែរ គឺច្រកអានសេះ។
ដោយឡែកខេត្តពោធិ៍សាត់ មានគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ស្ថិតក្នុងស្រុកវាលវែង ជាប់ជាមួយខេត្តត្រាត កាលពីពេលកន្លងទៅ ប៉ុន្តែមិនទាន់លេចចេញជារូបរាងនៅឡើយទេ រហូតដល់ពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ គេសង្កេតឃើញភាគីទាំងពីរបានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ ចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ មក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

