30.7 C
Phnom Penh

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម ចាត់ទុក​មហាអំណាច​ចិន ជា​សម្ព័ន្ធមិត្ត​ដ៏​ចង្រៃ​បំផុត​របស់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេធាវី​នៃ​សាលាក្ដី​ខ្មែរក្រហម ចាត់ទុក​មហាអំណាច​ចិន ជា​សម្ព័ន្ធមិត្ត​ដ៏​ចង្រៃ​បំផុត​ដែល​ទំនង​ជា​ខ្លួន​មួយ​ចង់​ជិះ​ទូក​ពីរ ទាំង​ថៃ និង​កម្ពុជា ជាពិសេស​ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​ចិន និង​ថៃ ក្នុង​ពេល​កម្ពុជា មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេលនេះ។

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា ចិន​ទំនង​ជា​ចង់​ដណ្តើម​តំណែង​ជា​អ្នកដឹកនាំ​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា ទៅ​ថ្ងៃ​អនាគត។

លោក កង ឫទ្ធិគិរី លើកឡើង​ថា ទាំង​កម្ពុជា និង​ថៃ សុទ្ធតែ​បាន​ទិញ​អាវុធ​របស់​ចិន ប៉ុន្តែ​សង្គ្រាម ៥​ថ្ងៃ ថៃ​បាន​ប្រើ​យន្តហោះ​បស្ចិម​ប្រទេស​ផង និង​យន្តហោះ​អាមេរិក​ផង ខណៈ​កម្ពុជា ប្រើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​រុស្ស៊ី និង​ចិន ប៉ុណ្ណោះ។

អតីត​មេធាវី​រូប​នេះ​បញ្ជាក់​ថា សង្គ្រាម ៥​ថ្ងៃ​រវាង​កម្ពុជា-ថៃ ត្រូវ​សហរដ្ឋ​អាមេរិក​អន្តរាគមន៍​ខ្លាំង​ឱ្យ​មាន​បទ​ឈប់​បាញ់ ប៉ុន្តែ​ចិន ដូចជា​រារែក​ក្នុង​ការ​អន្តរាគមន៍​ចំពោះ​សង្គ្រាម​មួយ​នេះ ដែល​ខុស​ពី​ឆ្នាំ​២០០៨ ដែល​ចិន បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ថា​នៅ​ខាង​កម្ពុជា ក្នុង​ពេល​ដែល​កម្ពុជា មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេល​នោះ។

កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា សារព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួ (Xinhua) បាន​ចុះផ្សាយ​ថា ចិន​និង​ថៃ បាន​កំណត់​ពេល​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​កងទ័ព​ដែនអាកាស​រួម​គ្នា​រហូត​ដល់​ដំណាច់​ខែ​កញ្ញា ដែល​ធ្វើឡើង​ក្នុង​ប្រទេស​ថៃ ដោយ​ដាក់​ឈ្មោះ​ថា «ការ​វាយប្រហារ​របស់​សត្វ​ស្ទាំង ឬ Falcon Strike»។

ប្រភព​ដដែល​បញ្ជាក់​ថា ចិន​នឹង​បញ្ជូន​យន្តហោះ​យោធា​ជាច្រើន​ប្រភេទ និង​កងទ័ព​ការពារ​ដែនអាកាស ដើម្បី​ចូលរួម​ហ្វឹកហ្វឺន​សមយុទ្ធ​នេះ ក្នុង​នោះ ចិន​ក៏​បាន​បញ្ជូន​យន្តហោះ J10C ដែរ ដើម្បី​សាក​កម្លាំង​យន្តហោះ Gripen ដែល​ថៃ បាន​ទិញ​ពី​ប្រទេស​ស៊ុយអែត ហើយ​ក៏​ជា​យន្តហោះ​ដែល​ថៃ បាន​វាយប្រហារ​លើ​កម្ពុជា ដែរ។

យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនពីន (WANG Wenbin) បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា ភាគី​ចិន បាន​ឃាត់ និង​ជំរុញ​ឱ្យ​មាន​កិច្ចពិភាក្សា​យ៉ាង​សកម្ម​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ ដែល​បាន​កើតឡើង​តាំងពី​ដំបូង​មក​ម្ល៉េះ។

លោក វ៉ាង វិនពីន លើកឡើង​ថា កម្ពុជា​និង​ថៃ គឺជា​អ្នក​ជិតខាង​ល្អ ហើយ​មិន​មាន​ឧបសគ្គ ឬ​បញ្ហា​ណា​ដែល​មិន​អាច​ដោះស្រាយ​បាន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ចំណែក​ចិន សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​នឹង​ចាប់​យក​ឱកាស​នេះ ដើម្បី​ពន្លឿន​ដំណើរការ​ផ្សះផ្សា​គ្នា​បញ្ចប់​បញ្ហា។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៦ កញ្ញា នេះ​ថា ការ​ប្រកាស​សមយុទ្ធ​យោធា​រវាង​ចិន និង​ថៃ នា​ពេលនេះ ក៏​ទំនង​ជា​ធ្វើ​ឱ្យ​ភាគី​កម្ពុជា ខកចិត្ត​ចំពោះ​មិត្ត​ដែកថែប​ចិន ដែរ។

ចំណែក​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​លើកឡើង​កាលពី​ថ្ងៃទី​១៦ កញ្ញា ថា មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន មិនមែន​ជា​មិត្ត​ចង​ដៃ​ចង​ជើង​មិន​ឱ្យ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​នោះ​ទេ ត្បិត​ទំនាក់ទំនង​អន្តរជាតិ​គ្មាន​មិត្ត គ្មាន​សត្រូវ​ឡើយ គឺ​មាន​តែ​ផលប្រយោជន៍​ប៉ុណ្ណោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស