ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅយប់ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនខ្មែរ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍។
ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង ១៩:២២នាទីយប់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះទៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ម្តងទៀត ដើម្បីពិនិត្យទីកន្លែងនៃការផ្ទុះការប៉ះទង្គិចដែលបង្កឡើងដោយភាគីថៃ បន្ទាប់ពីបានចុះ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ដែលទើបតែបានចាកចេញពីទីតាំងនោះមិនបានប៉ុន្មាននាទីផង។
គួរបញ្ជាក់ថា តាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៨ កញ្ញា នេះ ទីលំនៅឋានប្រជាពលរដ្ឋខ្មែររស់នៅនោះ ភាគីថៃថាជាផ្នែកនៃភូមិបានយ៉ាកែវ ក្នុងខេត្តស្រះកែវ រីឯភាគីខ្មែរថាជាផ្នែកនៃភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ហើយដែលជាតំបន់គ្មានគោលខណ្ឌសីមាច្បាស់លាស់បន្សល់ទុកពីសម័យបារាំង នាឆ្នាំ១៩០៧។
អ្នកតាមដានស្ថានការណ៍ ធ្លាប់និយាយថា ការកំណត់ព្រំប្រទល់រដ្ឋសីមាជាកាតព្វកិច្ចរដ្ឋាភិបាលជាអ្នកដោះស្រាយ ពោលគឺមិនត្រូវបណ្តោយឲ្យពលរដ្ឋស៊ីវិលទៅប្រឈមមុខនឹងកងកម្លាំងប្រដាប់អាវុធដូច្នោះឡើយ។
យ៉ាងណាមិញ ប្រភពរាជរដ្ឋាភិបាល អះអាងថា ទង្វើនៃកងកម្លាំងចម្រុះថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC និង RBC ទាំងអស់កន្លងមក។ ជាងនេះទៅទៀត ការយកច្បាប់អាជ្ញាសឹក និងច្បាប់ក្នុងស្រុករបស់ថៃ មកអនុវត្តក្នុងដែនអធិបតេយ្យប្រទេសកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យខ្មែរ និងច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត។
ក្រសួងការពារជាតិកម្ពុជា បានអះអាងថានៅក្នុងហេតុការណ៍ខាងលើថា កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ។
ភាគីរដ្ឋាភិបាលកម្ពុជា បានអះអាងថា មានប្រជាពលរដ្ឋខ្មែរយ៉ាងហោច ២៤នាក់បានរងរបួសនៅក្នុងហេតុការណ៍ប៉ះទង្គិចនៅរសៀលថ្ងៃទី១៧ ខែកញ្ញា បន្ទាប់ពីកម្លាំងសមត្ថកិច្ចថៃ បានរុញច្រានប្រជាពលរដ្ឋខ្មែរដោយប្រើគ្រាប់បែកផ្សែង និងបានបាញ់កាំភ្លើងដោយប្រើគ្រាប់ជ័រ។ ក្នុងចំណោមអ្នករងគ្រោះ គឺមានទាហានខ្មែរម្នាក់ដែលត្រូវគ្រាប់ចំភ្នែកម្ខាង និងលោកសង្ឃ ១អង្គរងរបួសត្រង់ពោះ។
ដោយឡែកក្រសួងការពារជាតិថៃ បានចេញលិខិតប្រកាសប្រាប់បណ្ដាញព័ត៌មានអន្តរជាតិថាមានប្រជាជនខ្មែរប្រមាណជាង ២០០នាក់ បានធ្វើបាតុកម្មហិង្សាប្រឆាំងនឹងសកម្មភាពកងទាហានថៃ ដែលកំពុងដាក់លួសបន្លាខណ្ឌចែកព្រំដែន។ លិខិតដដែលនេះអះអាងទៀតថា កម្លាំងទាហានថៃ បានសម្រេចរុញច្រានបំបែកប្រជាជនខ្មែរ ដោយការប្រើគ្រាប់បែកផ្សែង និងបាញ់គ្រាប់កាំភ្លើងជ័រ ដោយសារតែប្រជាពលរដ្ឋខ្មែរបានគប់ដុំថ្មទៅលើកងកម្លាំងទាហានថៃ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

