សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយក្នុងប្រទេសកាណាដា លើកឡើងថា ខ្មែរមិនមែនកើតមកដើម្បីបែកបាក់ទេ តែកើតមកដើម្បីភាពរឹងមាំ ការរួបរួម និងភាពក្លាហាន ព្រោះខ្មែរមានឈាមជ័ររបស់បុព្វបុរសដែលជាអ្នកកសាងអាណាចក្រដ៏រុងរឿង។
សាស្ត្រាចារ្យខាងផ្នែកនយោបាយ និងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យ Ryerson ក្នុងប្រទេសកាណាដា បណ្ឌិត ពៅ សូរពង្ស បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនជុំវិញការបែកបាក់សាមគ្គីជាតិអំឡុងពេលសង្គ្រាមកម្ពុជា-ថៃ នាពេលនេះថា ខ្មែរត្រូវតែឈប់ច្បាំងជាតិឯង តែត្រូវជំនួសដោយការច្បាំងសម្រាប់គ្នាទៅវិញទៅមក ដើម្បីឱ្យក្លាយជាបេះដូងនៃប្រជាជាតិមួយពិតប្រាកដ នោះទើបក្លាយជាកម្លាំងដ៏រឹងមាំសម្រាប់ការពារជាតិ។
សាស្ត្រាចារ្យនយោបាយរូបនេះលើកឡើងថា ដើម្បីកសាងជាតិឱ្យថ្លៃថ្នូរ និងស៊ីវិល័យ ខ្មែរត្រូវក្រោកឡើងដោយសេចក្តីថ្លៃថ្នូរ មិនមែនដោយកំហឹងឡើយ ដែលមានន័យថា ខ្មែរត្រូវកសាងជាតិរបស់ខ្លួនដោយសេចក្តីស្រឡាញ់សម្រាប់ពូជសាសន៍ខ្លួន មិនមែនដោយភាពស្អប់ គំនុំគុំកួនទេ នោះទើបជាតិខ្មែរមានការឯកភាពគ្នាដោយពិតប្រាកដ។
បណ្ឌិត ពៅ សូរពង្ស បញ្ជាក់ថា ដើម្បីកម្ពុជារុងរឿង ពលរដ្ឋខ្មែរគ្រប់រូបមិនមែននាំគ្នាកាន់ទុក្ខដែលធ្លាប់កើតក្នុងអតីតកាលនោះទេ ប៉ុន្តែត្រូវក្រោកឡើងដោយប្រាជ្ញា និងគោលបំណងជាក់លាក់ ព្រោះខ្មែរមានទេពកោសល្យជាអ្នកកសាង និងដឹកនាំអាណាចក្រដ៏ធំធេង ដូច្នេះខ្មែរត្រូវធ្វើខ្លួនដូចជាភ្លើងដែលឆេះមិនរលត់ជារៀងរហូត ទើបពន្លឺនៃជាតិសាសន៍របស់ខ្លួនបន្តភ្លឺត្រចះត្រចង់ទៅថ្ងៃអនាគត។
គេសង្កេតឃើញថា ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ កាលពីចុងខែឧសភា ឆ្នាំ២០២៥ រហូតដល់ពេលនេះ កម្លាំងសាមគ្គីជាតិរបស់កម្ពុជា មិនបានពួតផ្តុំគ្នាតែមួយទេ ទាំងខាងរដ្ឋាភិបាល និងក្រុមប្រឆាំង ព្រោះភាគីទាំងសងខាងខំប្រឹងដើម្បីកេងចំណេញនយោបាយរៀងៗខ្លួន ទោះពួកគេអះអាងថាប្រទេសថៃ កំពុងឈ្លានពានទឹកដីខ្លួនក៏ដោយ។
ជាក់ស្តែង ជម្លោះព្រំដែនកម្ពុជា-ថៃ ផ្ទុះឡើងត្រឹមតែជាង ៣០ថ្ងៃ (៣៤ថ្ងៃ) ប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីកំណើត រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋស្តីទី ក៏បានប្រកាសឱ្យប្រើច្បាប់ដកសញ្ជាតិខ្មែរជាផ្លូវការតែម្តង សម្រាប់ពលរដ្ឋខ្មែរណាដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ដោយគប់គិតជាមួយរដ្ឋបរទេស៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

