26.6 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ អះអាង​ថា​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ចំនួន​ពីរ​ប្រឈម​នឹង​ការ​លុប​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា កិច្ចព្រមព្រៀង​ចំនួន​ពីរ គឺ​កិច្ចព្រមព្រៀង​ឆ្នាំ​២០០០ និង​កិច្ចព្រមព្រៀង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ អាច​ប្រឈម​នឹង​ការ​លុបចោល ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​សម្រាប់​ប្រទេស​ទាំង​ពីរ​ដែល​កំពុងតែ​ផ្ទុះ​ឡើង​នា​ពេលនេះ។

កាសែត The Star បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល កាលពី​ថ្ងៃទី​២៨​ខែ​កញ្ញា ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​នឹង​ធ្វើ​សំណើ​រៀបចំ​ប្រជាមតិ​មួយ​ស្ដីពី «តើ​គួរ​លុប​ចោល​កិច្ចព្រមព្រៀង​ពីរ​ស្ដីពី​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ថៃ និង​កម្ពុជា ដើម្បី​ដោះស្រាយ​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ ឬ​យ៉ាងណា

ប្រភព​ដដែល លើកឡើង​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ប្រទេស​ទាំង​ពីរ​បាន​ពឹង​ផ្អែក​លើ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០០ ដែល​ផ្ដល់​ក្របខ័ណ្ឌ​សម្រាប់​ការងារ​វាស់វែង និង​បោះ​បង្គោល​ព្រំដែន​គោក​រួម​គ្នា។ ចំណែកឯ​កិច្ចព្រមព្រៀង​មួយ​ទៀត គឺ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០១ ដែល​បាន​ផ្ដល់​ក្របខ័ណ្ឌ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សក្ដានុពល​នៃ​ការ​ចែករំលែក​ធនធាន​នៅ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា ខណៈ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ បាន​រង​ការ​រិះគន់​អស់​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និង​ជាពិសេស​បន្ទាប់ពី​ការ​ប៉ះទង្គិច​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា។

នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ បញ្ជាក់​ថា ដើម្បី​ចៀសវាង​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​បន្ថែម​ទៀត រដ្ឋសភា​ថៃ បាន​បង្កើត​គណៈកម្មាធិការ​ដើម្បី​សិក្សា​លើ​បញ្ហា​នេះ​រួចរាល់​ហើយ ខណៈ​រដ្ឋាភិបាល​ថៃ ក៏​ត្រៀម​ស្នើ​ធ្វើ​ប្រជាមតិ​លើ​បញ្ហា​នេះ​សម្រាប់​គោលនយោបាយ​របស់​ខ្លួន​ផង​ដែរ។

កាលពី​ថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៥ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​ឯកសារ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ចុះ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០០០ ស្ដីពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ដែល​ហៅ​កាត់​ថា MOU ឆ្នាំ​២០០០។

អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០០ មាន ៩​មាត្រា ដែល​បាន​ចែង​អំពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ មាត្រា​១ បាន​ចែង​យ៉ាង​ច្បាស់​ថា ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ គឺ​សំអាង​ទៅ​លើ​ឯកសារ ដូចជា ចំណុច «ក» គឺ​ប្រើ​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​ចំណុច «ខ» ការ​ប្រើប្រាស់​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧។ ចំណែក​ចំណុច «គ» បាន​បញ្ជាក់​បន្ថែម​ថា បណ្តា​ផែនទី​ដែល​ជា​លទ្ធផល​នៃ​កិច្ចការ​ខណ្ឌ​ព្រំសីមា​របស់​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិន-សៀម ដែល​បង្កើត​ឡើង​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ រវាង​បារាំង-សៀម និង​ឯកសារ​ដទៃ​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត​នៃ​អនុសញ្ញា និង​សន្ធិសញ្ញា​ដដែល​នេះ។

ដោយឡែក​កិច្ចព្រមព្រៀង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ គឺជា​ការ​ឯកភាព​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​លើ​អនុស្សរណៈ​យោគយល់ កិច្ចចរចា​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ត្រួតស៊ីគ្នា (OCA) ក្នុង​ដែនសមុទ្រ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដែល​ត្រូវ​បាន​ធ្វើ​តាំងពី​ខែ​មិថុនា ឆ្នាំ​២០០១ កន្លង​ទៅ។

សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ត្រួតស៊ីគ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ (OCA) គឺជា​ចំណុច​ទាមទារ​រវាង​កម្ពុជា-ថៃ តាំងពី​ដើម​ទសវត្សរ៍​១៩៧០ មក ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០១ កម្ពុជា និង​ថៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​លើ​ការ​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​នោះ។

យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ​ព្រំដែន​អះអាង​ថា តំបន់​ត្រួតស៊ីគ្នា​ចំនួន ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ គឺ​ស្ថិត​ក្នុង​ដែនសមុទ្រ​ទំហំ ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ដែល​ថៃ បាន​ដណ្តើម​កាន់កាប់​ពី​កម្ពុជា តាមរយៈ​នៃ​ការ​ចុះហត្ថលេខា​ទ្វេភាគី​ជាមួយ​វៀតណាម ឆ្នាំ​១៩៩៧ ដោយ​យោង​តាម​សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា ដែនសមុទ្រ​ខ្មែរ​ទំហំ ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ដែល​ថៃ បាន​ដណ្តើម​កាន់កាប់​កាលពី​ឆ្នាំ​១៩៩៧ នោះ គឺ​ថៃ បាន​រំលោភ​យក​ដែនសមុទ្រ​ខ្មែរ​ទំហំ ៤​ពាន់​គីឡូម៉ែត្រ​ការ៉េ​ទៅ​កាន់កាប់​ដោយ​មិន​បាន​ចរចា​ជាមួយ​កម្ពុជា ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស