28.4 C
Phnom Penh

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​អះអាង​ថា​ខ្លួន​បាន​តាមដាន​យ៉ាង​សកម្ម​លើ​ករណី​ទាហាន​ខ្មែរ ១៨​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) អះអាង​ថា ខ្លួន​បាន​តាមដាន​យ៉ាង​សកម្ម​លើ​ករណី​ទាហាន​ខ្មែរ ១៨​នាក់ ដែល​ទាហាន​ថៃ បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រោយ​មាន​បទ​ឈប់​បាញ់។

ប្រធាន​គណៈប្រតិភូ​ប្រចាំ​តំបន់​នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) លោក ច័ជ ម៉ុនតានី បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៥ គឺ ICRC បាន​ចូលរួម​ក្នុង​កិច្ចសន្ទនា​ទ្វេភាគី​ជាមួយ​ភាគី​ជម្លោះ​កម្ពុជា-ថៃ ដោយ​ឈរ​លើ​គោលការណ៍​មនុស្សធម៌ មិន​លម្អៀង អព្យាក្រឹត និង​ឯករាជ្យ។

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៥ គណៈប្រតិភូ​ប្រចាំ​តំបន់​នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) បាន​ប្រាប់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ថា ទាហាន​ខ្មែរ​ទាំង ១៨​នាក់​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា។

ក្រុម​ការងារ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ក៏​បាន​ប្រគល់​សារ​ដែល​ទទួល​បាន​ពី​ក្រុម​គ្រួសារ ជូន​ដល់​ទាហាន​ទាំង ១៨​នាក់ ហើយ​ពួកគេ​ក៏​បាន​សរសេរ​សារ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​វិញ ស្រប​តាម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៥ ទាមទារ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) អន្តរាគមន៍​ជាបន្ទាន់​ទៅ​កាន់​ភាគី​ថៃ ដើម្បី​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ និង​ធ្វើ​មាតុភូមិ​និវត្តន៍​កងទ័ព​កម្ពុជា ១៨​នាក់ ស្រប​តាម​ច្បាប់​អន្តរជាតិ។

ក្នុង​ញត្តិ​ថ្មី​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ និង​ជំរុញ​ឲ្យ OHCHR ធ្វើ​សកម្មភាព​ជាក់ស្តែង និង​ទាន់​ពេលវេលា ដើម្បី​គេច​ចេញ​ពី​ការ​បកស្រាយ​ថា OHCHR បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​អន្តរជាតិ និង​សិទ្ធិ​មនុស្សធម៌​អន្តរជាតិ។

ញត្តិ​ដដែល​បាន​លើកឡើង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ OHCHR ដែល​ខ្វះខាត​សកម្មភាព​ជាក់ស្តែង និង​ទាន់​ពេលវេលា ដើម្បី​ធ្វើ​អន្តរាគមន៍​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដែល​ថៃ ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់។ ភាព​អសកម្ម​បែប​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សិទ្ធិ និង​ខូច​កិត្តិយស​របស់​កងទ័ព​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្កើត​នូវ​គំរូ​អាក្រក់​ចំពោះ​ការ​រួច​ផុត​ពី​ទោសទណ្ឌ ហើយ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ចុះ​ខ្សោយ​ទៀត​ផង។

កងទ័ព​ថៃ បាន​ប្រើ​ល្បិច​លួច​ចាប់​កងទ័ព​កម្ពុជា ប្រមាណ ២០​រូប​នៅ​វេលា​ម៉ោង ៧៖៥០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា រយៈពេល​ប្រមាណ​ជាង ៧​ម៉ោង​តែប៉ុណ្ណោះ​ក្រោយ​ពី​បទ​ឈប់​បាញ់​ចូល​ជាធរមាន​នៅ​ម៉ោង ០០ ឈាន​ចូល​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥។

ចាប់តាំងពី​ចាប់​ខ្លួន​យក​ទៅ ថៃ​បាន​បញ្ជូន​យោធិន​កម្ពុជា មក​តែ ២​រូប​តែប៉ុណ្ណោះ ដែល​ការ​បញ្ជូន​មក​វិញ​នោះ គឺ​ក្នុង​សភាព​ម្នាក់​រង​របួស​រាងកាយ​ធ្ងន់ធ្ងរ​មិន​អាច​ដើរ​ថ្មើរ​ជើង​បាន ចំណែក​ម្នាក់​ទៀត​អាច​ដើរ​ថ្មើរ​ជើង​បាន ប៉ុន្តែ​រង​របួស​ផ្នែក​ស្មារតី៕

កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)
កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)
ទាហាន​កម្ពុជា ដែល​ត្រូវ​យោធា​ថៃ ប្រើ​កលល្បិច​ចាប់​ខ្លួន​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥។
ទាហាន​កម្ពុជា ដែល​ត្រូវ​យោធា​ថៃ ប្រើ​កលល្បិច​ចាប់​ខ្លួន​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥។

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស