ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី៨ តុលា ថា រដ្ឋាភិបាលរបស់លោកនឹងតែងតាំងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ពានណូបែលសន្តិភាព ប្រសិនបើលោក ត្រាំ គាបរុស្ស៊ី ឱ្យព្រមទទួលបទឈប់បាញ់។
នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Kyiv Independent នៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី៩ តុលា នេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យរូបលោកត្រូវបានពិចារណាសម្រាប់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឲ្យគណៈកម្មាធិការណូបែលសន្តិភាព និងប្រជាជននៅប្រទេសន័រវែស មានការចាប់អារម្មណ៍មុនពេលមានការប្រកាសផ្លូវការនៅថ្ងៃទី១០ ខែតុលា ដែលនឹងធ្វើឡើងនៅប្រទេសន័រវែស។
លោក ត្រាំ កំពុងខិតខំជាខ្លាំងសម្របសម្រួលផង គាបសង្កត់ផង ឱ្យទីក្រុងមូស្គូ និងទីក្រុងគៀវ ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។
ទាំងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានជួបចរចានឹងគ្នា ៣លើកមកហើយនៅក្នុងឆ្នាំ២០២៥ នេះ តែមិនអាចរកឃើញដំណោះស្រាយបទឈប់បាញ់អ្វីឡើយ។ បន្ថែមលើសពីនេះ លោក ត្រាំ បានជួបលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ផ្ទាល់ទៀតផង ក៏នៅតែមិនអាចគាបរុស្ស៊ី ឱ្យព្រមបន្ថយសង្គ្រាមនៅអ៊ុយក្រែន ឡើយ។
លោក ត្រាំ បានស្នើឱ្យលោក ពូទីន ជួបគ្នាផ្ទាល់ដោយមានរូបលោកផងដែរ។ លោក ហ្សេឡេនស្គី ព្រមជួបលោក ពូទីន តែលោក ពូទីន បដិសេធមិនព្រមជួបលោក ហ្សេឡេនស្គី។ បញ្ហានេះហើយដែលនាំឱ្យសង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរឡើង ដែលមកដល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំ ៦ខែហើយ។
ជាមួយនឹងការច្រានចោលជំនួបជាមួយលោក ហ្សេឡេនស្គី វិមានក្រឹមឡាំង នៅតែដាក់លក្ខខណ្ឌឱ្យអ៊ុយក្រែន ចុះចាញ់ ដោយព្រមប្រគល់ទឹកដីនៅតំបន់ភាគខាងកើតដែលទ័ពរុស្ស៊ី វាយកាន់កាប់យ៉ាងលំបាក ទៅឱ្យរុស្ស៊ី ទើបរុស្ស៊ី ព្រមបញ្ចប់សង្គ្រាម តែលោក ហ្សេឡេនស្គី ទាត់ចោល ដោយឆ្លើយតបថា អ៊ុយក្រែនគ្មានសល់ដីទំនេរដើម្បីកាត់ឱ្យរុស្ស៊ី ទៀតនោះទេ។ លោក ហ្សេឡេនស្គី ថារដ្ឋធម្មនុញ្ញមិនបានផ្ដល់បុព្វសិទ្ធិឱ្យលោក បើទោះជាលោកមានឋានៈជាប្រធានាធិបតីក៏ដោយ។
លោក ត្រាំ បានបញ្ជាក់ជាសាធារណៈអំពីតួនាទីដ៏សំខាន់របស់លោកក្នុងកិច្ចព្រមព្រៀង Abraham ឆ្នាំ២០២០ ដែលបានជួយឲ្យអ៊ីស្រាអែល បង្កើតទំនាក់ទំនងធម្មតាជាមួយប្រទេសអារ៉ាប់មួយចំនួន។ លោក ត្រាំ អះអាងថា បេសកកម្មសន្តិភាពរបស់លោក បានជួយបញ្ចប់ជម្លោះយ៉ាងហោចណាស់ប្រាំមួយតំបន់នៅទូទាំងពិភពលោក បន្ទាប់ពីលោកត្រឡប់ទៅកាន់តំណែងនៅសេតវិមាន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ជម្លោះទាំងនេះ រួមមានជម្លោះប្រដាប់អាវុធរវាងឥណ្ឌា និងប៉ាគីស្ថាន កាលពីក្នុងខែឧសភា ឆ្នាំ២០២៥។ ការប្រយុទ្ធគ្នារវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរវ៉ាន់ដា និងការប៉ះទង្គិចតាមព្រំដែនរវាងកងទ័ពថៃ និងកម្ពុជា ហើយចុងក្រោយនេះ លោក ត្រាំ កំពុងជោគជ័យនៃការធ្វើឱ្យអ៊ីស្រាអែល និងពួកហាម៉ាស-ប៉ាឡេស្ទីន មានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ក្រោយពីសង្គ្រាមដ៏សាហាវដែលអ៊ីស្រាអែល តាមកម្ទេចក្រុមហាម៉ាស់ ដល់តំបន់ហ្កាហ្សា។
សង្គ្រាមហាម៉ាស និងអ៊ីស្រាអែល រយៈពេល ២ឆ្នាំ បានបណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន រស់នៅដែនដីហ្កាហ្សា ជាង ៦៦០០០នាក់បានស្លាប់។ សង្គ្រាមនេះជាសង្គ្រាមសងសឹកដែលអ៊ីស្រាអែល បើកទ្វារព្រំដែនលើកទ័ពវាយលុកដែនដីហ្កាហ្សា តាមកម្ទេចពួកហាម៉ាស់ ដោយសារពួកហាម៉ាស់ លួចវាយប្រហារលើអ៊ីស្រាអែល ដោយបាញ់រ៉ុក្កែត ៥០០០គ្រាប់ចូលដែនដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សម្លាប់ប្រជាជនអ៊ីស្រាអែល ជាង ១២០០នាក់ភ្លាមៗនៅពេលនោះ។
ឥឡូវនេះ ផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ ត្រូវបានពួកហាម៉ាស់ យល់ព្រមអនុវត្ត ដោយបញ្ចប់សង្គ្រាមជាមួយនឹងអ៊ីស្រាអែល ហើយព្រមដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ទាំងអស់ដែលបានចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ បន្ថែមលើសពីនេះ ពួកហាម៉ាស់ ក៏យល់ព្រមដាក់ដែនដីហ្កាហ្សា ទាំងស្រុង ក្រោមផែនការសន្តិភាពរបស់លោក ត្រាំ។
តែសម្រាប់អ៊ីស្រាអែល កំពុងដាក់លក្ខខណ្ឌទៅប៉ាឡេស្ទីន មិនឱ្យមានអង្គការចាត់តាំងរបស់ពួកហាម៉ាស់ នៅលើដែនដីហ្កាហ្សា ទៀតឡើយ ដែលលក្ខខណ្ឌនេះក៏មានកំណត់នៅក្នុងផែនការរបស់លោក ត្រាំ ផងដែរ។
នេះជាជោគជ័យមួយទៀតរបស់លោក ត្រាំ ដែលធ្វើឱ្យសន្តិភាពចាប់មានបណ្ដើរៗនៅលើដែនដីហ្កាហ្សា នៃអាជ្ញាធរប៉ាឡេស្ទីន។
ចំពោះភាពតានតឹងនៅលើឧបទ្វីបកូរ៉េ វិញ បើយោងតាមមន្ត្រីសេតវិមាន លោក ដូណាល់ ត្រាំ នៅតែបើកចំហក្នុងការចូលរួមកិច្ចសន្ទនាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយគ្មានការកំណត់លក្ខខណ្ឌទុកជាមុន ដោយជំរុញឲ្យមានការរំពឹងទុកថា មេដឹកនាំទាំងពីរអាចជួបគ្នានៅពេលដែលលោក ត្រាំ ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅចុងខែតុលា។
នេះជាលើកទីមួយហើយដែលរដ្ឋការលោក ត្រាំ បញ្ជាក់ថាគ្មានលក្ខខណ្ឌតម្រូវជាមុន មុនការសន្ទនាដោយផ្ទាល់រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ដែលអាចនឹងមាន។ ការលើកឡើងនេះ កើតឡើងមុនដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា សម្រាប់កិច្ចប្រជុំកំពូល APEC ដែលជាកន្លែងដែលមានការរំពឹងទុកថា មេដឹកនាំសហរដ្ឋអាមេរិករូបនេះអាចស្វែងរកកិច្ចប្រជុំលើកទីបួនជាមួយលោក គីម ជុងអ៊ុន។
លោក ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ម្តងហើយម្តងទៀតក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញ ដែលលោកបានលើកឡើងពីការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ថែមទៀតផង។ បើដូច្នេះ ស្ថានភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ក៏អាចចុះថយវិញដែរ។
ក្នុងអំឡុងពេលថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៣ កញ្ញា កន្លងមកនេះ លោក ត្រាំ បាននិយាយថា៖ «មនុស្សគ្រប់គ្នានិយាយថាខ្ញុំគួរតែទទួលបានរង្វាន់ណូបែលសន្តិភាព ដោយលើកឡើងពីតួនាទីរបស់ខ្ញុំនៅមជ្ឈិមបូព៌ា និងជម្លោះចុងក្រោយរវាងថៃ និងកម្ពុជា។»
នៅពេលជួបជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់អាមេរិក កាលពីពេលថ្មីៗនេះ លោក ត្រាំ រិះគន់ថា៖ «គណៈកម្មាធិការណូបែលសន្តិភាពដែលជឿថា គណៈកម្មាធិការនេះនឹងផ្តល់រង្វាន់នោះឲ្យមនុស្សមួយចំនួនដែលមិនបានធ្វើអ្វីសំខាន់ទេសម្រាប់មនុស្សជាតិ។ នេះជាការប្រមាថដ៏ធំមួយចំពោះមនុស្សជាតិ។»
នៅពីក្រោយឆាកយុទ្ធនាការរបស់លោក ត្រាំ មានការចូលរួមពីបេសកជនមជ្ឈិមបូព៌ា Steve Witkoff និងរដ្ឋមន្ត្រីការបរទេស Marco Rubio។ តាមរបាយការណ៍របស់សារព័ត៌មាន Bloomberg លោក Witkoff បានកំពុងពង្រឹងការឃោសនារបស់លោក ត្រាំ ក្នុងអឺរ៉ុប ខណៈដែលលោក ត្រាំ ផ្ទាល់ បាននិយាយជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុន័រវែស គឺលោក Jens Stoltenberg ដែលធ្លាប់ជាអគ្គលេខាធិការអង្គការណាតូ និងជានាយករដ្ឋមន្ត្រីន័រវែស ដែលលោក ត្រាំ ចង់ដឹងថា តើគណៈកម្មាធិការណូបែលសន្តិភាពនៅន័រវែស អាចមើលឃើញការខិតខំរបស់លោកដែរឬទេ។
Kristian Berg Harpviken នាយកវិទ្យាស្ថានណូបែលន័រវែស បានប្រាប់ Bloomberg ថា «គណៈកម្មាធិការមិនទទួលរងសម្ពាធនយោបាយឡើយ។»
ប្រវត្តិសាស្ត្របង្ហាញថា ការខិតខំប្រឹងប្រែងណាមួយដែលប៉ះពាល់ដល់ការជ្រើសរើសបេក្ខជនពានរង្វាន់ណូបែល មិនមែនជារឿងថ្មីទេ ដែលជាក់ស្ដែងមុនពេលប្រគល់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០១០ អ្នកសិទ្ធិមនុស្សប្រឆាំងរបបកុម្មុយនីស្តចិន ត្រូវបានព្រមានពីរាជរដ្ឋាភិបាលចិន។ ទោះជាយ៉ាងណា នៅចុងក្រោយ លោក Liu Xiaobo ដែលជាសកម្មជនសិទ្ធិមនុស្សនៅចិន ក៏នៅតែមានឈ្មោះជាជ័យលាភីនៃពានរង្វាន់ណូបែលសន្តិភាព។ ការប្រកាសនេះ បានបណ្តាលឲ្យមានការប៉ះទង្គិចនយោបាយ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសចិន និងន័រវែស រយៈពេលប្រាំមួយឆ្នាំ។
ចំពោះការខិតខំប្រឹងប្រែងរបស់លោក ត្រាំ ផ្ទុយពីវិធីសាស្ត្រស្ថិតស្ថេរ និងឯករាជ្យរបស់គណៈកម្មាធិការណូបែលសន្តិភាព។
Hilde Eliassen Restad សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Oslo Nye University College បាននិយាយថា វប្បធម៌របស់លោក ត្រាំ គឺខុសពីរបៀបវាយតម្លៃរបស់ប្រទេសន័រវែស។
រដ្ឋមន្ត្រីការបរទេសន័រវែស Espen Barth Eide អះអាងថា «វាអាស្រ័យលើគណៈកម្មាធិការណូបែលប៉ុណ្ណោះ តែវាជារឿងសំខាន់ដែលត្រូវចងចាំថាគណៈកម្មាធិការណូបែលជាស្ថាប័នឯករាជ្យ។»
សម្រាប់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ មានបេក្ខជនចំនួន ៣៣៨នាក់ ក្នុងនោះ ៩៤នាក់មកពីអង្គការអន្តរជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

