26.6 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា​កម្ពុជា​ដោះស្រាយ​វិវាទ​ព្រំដែន​ដោយ​សន្តិវិធី មិន​ប្រើ​កម្លាំងបាយ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គោលជំហរ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចង់​ដឹង​ថា​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ថៃ រឿង​ព្រំដែន ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើរ​ដល់​ណា​នោះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា វិញ លោក ប្រាក់ សុខុន បាន​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​រាជរដ្ឋាភិបាល​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គឺ​ដោយ​សន្តិវិធី មិន​ប្រើ​កម្លាំងបាយ គោរព​ច្បាប់​អន្តរជាតិ ហើយ​ប្រទេស​កម្ពុជា គ្មាន​បំណង​ចង់​យក​អ្វី​ដែល​មិនមែន​ជា​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​យើង​ក៏​នឹង​មិន​ទទួលយក​ការ​បាត់បង់​នូវ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ​ដែរ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ចតុភាគី​នៅ​ថ្ងៃទី​១២ ខែ​តុលា រវាង​កម្ពុជា ថៃ ម៉ាឡេស៊ី និង​សហរដ្ឋ​អាម៉េរិក ដែល​រៀបចំ​ឡើង​តាម​ការ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា បាន​ប្រកាន់​ជំហរ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី អនុលោម​យ៉ាង​ពេញលេញ​តាម​ច្បាប់​អន្តរជាតិ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ប្រទេស​កម្ពុជា មិន​ប្រើ​កម្លាំងបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ តែ​ជំនួស​ទៅវិញ គឺ​ផ្ដោត​លើ​ការ​ចរចា សម្របសម្រួល និង​គោរព​តាម​សន្ធិសញ្ញា​ដែល​មាន​កន្លង​មក ដូចជា គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) និង​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC)។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្នើ​ពី​ការងារ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន​ដែល​ភាគី​កម្ពុជា-ថៃ បាន​ឯកភាព​នា​ពេល​ថ្មីៗ​នេះ ដើម្បី​រួម​គ្នា​កាត់បន្ថយ​ភាព​តានតឹង កសាង​ទំនុកចិត្ត​ឡើងវិញ ពង្រឹង​កិច្ចសហប្រតិបត្តិការ។ កិច្ចព្រមព្រៀង​ទាំងនោះ​មាន​ការ​ដក​ចេញ​ទៅវិញ​នូវ​អាវុធ​ធុន​ធ្ងន់ ការ​ដោះ​មីន​មនុស្សធម៌ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​គ្រប់គ្រង​ការ​តាំង​ទីលំនៅ​ជនស៊ីវិល​នៅ​តាម​ព្រំដែន និង​ការ​ប្រឆាំង​ព័ត៌មាន​មិន​ពិត ជាដើម។

លោក ប្រាក់ សុខុន បាន​បញ្ជាក់​ទៀត​ថា ប្រទេស​កម្ពុជា ធ្វើការ​ជាមួយ​ប្រទេស​ថៃ ក្នុង​នាម​ជា​អ្នក​ជិតខាង​អចិន្ត្រៃយ៍ ក្នុង​ការ​បំពេញ​នូវ​ការ​ទទួល​ខុសត្រូវ​រួម​គ្នា​ដើម្បី​ស្ដារ​ប្រក្រតីភាព សន្តិភាព ស្ថិរភាព និង​វិបុលភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ។

ចំណែកឯ​តំណាង​អចិន្ត្រៃយ៍​ថៃ ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី ប្រាថាណា ឌីស៊ីយ៉ាតាត (Pratana Disyatat) បាន​និយាយ​ក្នុង​បទ​អន្តរាគមន៍​របស់​ខ្លួន​ថា ប្រទេស​កម្ពុជា បាន​ធ្វើ​របាយការណ៍​ដែល​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ហើយ​លើក​យក​សេចក្តី​រាយការណ៍​នោះ​ទៅ​បង្ហាញ​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ធំៗ ដែល​មាន​ភាគី​ច្រើន​ចូលរួម គឺ​ដើម្បី​តែ​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ។

ការ​អត្ថាធិប្បាយ​ពី​ភាគី​ថៃ យ៉ាង​ដូចនេះ ជា​ការ​ឆ្លើយតប​នឹង​បទ​អន្តរាគមន៍​របស់​លោក អ៊ិន តារា តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​បាន​លើកឡើង​ថា ថៃ​កំពុង​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅឋាន​ក្នុង​តំបន់​មាន​ជម្លោះ​តាម​ខ្សែបន្ទាត់​ព្រំដែន​ខ្មែរ និង​ថៃ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស