មេដឹកនាំប្រឆាំងនៅវេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado ដែលឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ អំពាវនាវឱ្យមានការគាំទ្រដ៏ខ្លាំងក្លា ដើម្បីបញ្ឈប់អ្វីដែលអ្នកស្រីហៅថាជា “សង្គ្រាម” លើប្រទេសរបស់អ្នកស្រី ដែលបង្កឡើងដោយប្រធានាធិបតី Nicolás Maduro។
ក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មាន CNN កាលពីថ្មីៗនេះ អ្នកស្រី Machado បានសរសើររដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ដែលហៅលោក Maduro ថាជាមេខ្លោង “បណ្ដាញឧក្រិដ្ឋកម្ម និងគ្រឿងញៀន” ហើយបានស្នើឱ្យលោក ត្រាំ ផ្តល់ “ជំនួយបន្ថែម” ដើម្បីដកលោក Maduro ចេញពីអំណាច។
អ្នកស្រីក៏បាននិយាយថា លោក ត្រាំ “សមនឹង” ទទួលបានរង្វាន់ណូបែលសន្តិភាពផ្ទាល់ខ្លួន ពីព្រោះកិច្ចខិតខំប្រឹងប្រែងដ៏ “អស្ចារ្យ” របស់លោក ត្រាំ ក្នុងការចរចាសន្តិភាពនៅមជ្ឈិមបូព៌ា។
កងទ័ពអាមេរិក បានវាយប្រហារលើកាណូតនៅតំបន់ឆ្នេរសមុទ្រវេណេហ្ស៊ុយអេឡា ដែលរដ្ឋបាលលោក ត្រាំ បានពិពណ៌នាថាជាកាណូត “ដឹកគ្រឿងញៀន” ដោយសម្លាប់ភេរវករគ្រឿងញៀនបាន ២៧នាក់។
ទោះជាយ៉ាងណា ទាំងលោក ត្រាំ និងរដ្ឋបាលរបស់លោក មិនបានផ្តល់ភស្តុតាងច្បាស់ថាកាណូតទាំងនេះពិតជាមានគ្រឿងញៀននោះទេ ប៉ុន្តែហេតុការណ៍នេះបានបង្កើតចំណាត់ថ្នាក់ផ្លូវច្បាប់ដើម្បីកំណត់គោលដៅទាំងនោះត្រូវតែកម្ទេច។ នេះបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារទៅលើក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ និងអ្នកជួញដូរដែលអាមេរិកចោទថាលោក Maduro ជាមេខ្លោង។
កាលពីសប្ដាហ៍មុន លោក ត្រាំ បានបញ្ជាឱ្យក្រុមភ្នាក់ងារចារកម្មអាមេរិក CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីទប់ស្កាត់អ្វីដែលគាត់ហៅថា ការបង្ហូរចូលនូវគ្រឿងញៀនខុសច្បាប់ចូលសហរដ្ឋអាមេរិក ហើយបង្ហាញថាយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកអាចបន្តនៅលើទឹកដីវេណេហ្ស៊ុយអេឡា បើចាំបាច់។
ខណៈដែលរដ្ឋបាលលោក ត្រាំ ពិពណ៌នាថាកំពុងកំណត់គោលដៅអ្នកជួញដូរគ្រឿងញៀន ទីក្រុង Caracas បានចោទប្រកាន់សហរដ្ឋអាមេរិកថាព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់ប្រជាជនវេណេហ្ស៊ុយអេឡា។
សហរដ្ឋអាមេរិក ចោទលោក Maduro ថាជាមេបណ្ដាញជួញដូរគ្រឿងញៀន បានប្រកាសផ្តល់រង្វាន់ ៥០លានដុល្លារសម្រាប់ជនណា ឬក្រុមណាដែលអាចនាំផ្លូវទៅរកការចាប់ខ្លួនបុរសខ្លាំងវេណេហ្ស៊ុយអេឡារូបនេះ។
អ្នកស្រី Machado ដែលបានលាក់ខ្លួនបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន អ្នកស្រីបានស្វាគមន៍សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិក ដោយចាត់ទុកជាការកាត់ផ្ដាច់ការគាំទ្រដល់របបលោក Maduro។ អ្នកស្រីក៏ចោទប្រកាន់លោក Maduro ថាបានប្រែក្លាយប្រទេសវេណេហ្ស៊ុយអេឡា ទៅជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
អ្នកស្រីបានប្រាប់អ្នកសារព័ត៌មាន CNN ថា ក្នុងករណីលោក Maduro និងបណ្ដាញភេរវករគ្រឿងញៀនរបស់គាត់ជួញដូរគ្រឿងញៀន អាវុធ និងមនុស្សចូលវេណេហ្ស៊ុយអេឡា យើងត្រូវរួមគ្នាប្រឆាំង។
អ្នកស្រីបាននិយាយថា ការផ្លាស់ប្ដូររបបនឹងត្រូវតែមានការអនុវត្តច្បាប់នូវការប្រឆាំងសកម្មភាពឧក្រិដ្ឋកម្មដែលត្រូវបញ្ឈប់ “សង្គ្រាម” របស់លោក Maduro លើប្រទេសវេណេហ្ស៊ុយអេឡា។ តែប្រជាជនវេណេហ្ស៊ុយអេឡា ត្រូវការជំនួយពីប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្គ្រាមនេះ ព្រោះវាប៉ះពាល់ជីវិតមនុស្ស។
នៅពេលឆ្លើយសំណួរអំពីការវាយប្រហារថ្មីៗរបស់កងទ័ពអាមេរិក អ្នកស្រី Machado ហាក់ស្ទាក់ស្ទើរ តែអ្នកស្រីបែរជាអំពាវនាវឱ្យពិភពលោកជួយគាំទ្រលោក ត្រាំ បញ្ចប់សង្គ្រាមរបស់លោក Maduro។
អ្នកស្រីចង់ឃើញឥទ្ធិពលរបស់រុស្ស៊ី ចិន គុយបា និងអ៊ីរ៉ង់ ត្រូវបានកាត់បន្ថយទៅលើរបបលោក Maduro ដោយបញ្ជាក់ថា វេណេហ្ស៊ុយអេឡា គឺជាទីលំនៅសុវត្ថិភាពសម្រាប់ប្រជាជនវេណេហ្ស៊ុយអេឡា មិនមែនសម្រាប់អង្គការភេរវកម្មនោះទេ។
លោក ត្រាំ ត្រូវបានអ្នកស្រី Machado ចាត់ទុកថា “ជាឥស្សរជនសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព”។ ចំណែកអ្នកស្រី Machado ត្រូវបានផ្ដល់រង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ២០២៥ ព្រោះតែសម្រាប់ការរក្សា “ពន្លឺនៃលទ្ធិប្រជាធិបតេយ្យ” នៅពេលដែលភាពងងឹតកាន់តែខ្លាំងនៅវេណេហ្ស៊ុយអេឡា។
គណៈកម្មាធិការណូបែលន័រវែស ចាត់ទុកអ្នកស្រី Machado ជា “ឧទាហរណ៍ដ៏អស្ចារ្យនៃភាពក្លាហានស៊ីវិលនៅអាមេរិកឡាទីន” ក្នុងរយៈពេលថ្មីៗនេះ និងសំខាន់សម្រាប់ការផ្លាស់ប្ដូររបបពីឧក្រិដ្ឋកម្មទៅរបបប្រជាធិបតេយ្យ។
អ្នកស្រី Machado បាននិយាយថា អ្នកស្រីបានឧទ្ទិសពានរង្វាន់របស់អ្នកស្រីទៅលោក ត្រាំ ព្រោះមានភាពយុត្តិធម៌ ហើយជាអ្វីដែលប្រជាជនវេណេហ្ស៊ុយអេឡា យល់ព្រម និងគាំទ្រសម្រាប់ការសម្រេចចិត្តរបស់លោក ត្រាំ បញ្ចប់របបលោក Maduro។
អ្នកស្រីបានបន្ថែមថា លោក ត្រាំ កំពុងផ្ញើសារទៅកាន់ប្រជាជនវេណេហ្ស៊ុយអេឡា អំពីសង្គ្រាមគ្រឿងញៀនឆ្ពោះទៅផ្ដួលលោក Maduro។
ទោះបីអ្នកស្រី Machado នៅតែលាក់ខ្លួនក៏ដោយ ក៏ត្រូវបានគេដឹងថាអ្នកស្រីជាប្រជាជនវេណេហ្ស៊ុយអេឡា មួយរូប ដែលបានកើតនៅទីក្រុង Caracas រដ្ឋធានីប្រទេសវេណេហ្ស៊ុយអេឡា ក្នុងឆ្នាំ១៩៦៧។
អ្នកស្រីទទួលបានការបណ្តុះបណ្តាលជាវិស្វករឧស្សាហកម្ម មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។ ក្នុងឆ្នាំ២០០២ អ្នកស្រីបានបង្កើតអង្គការ Súmate ជាក្រុមស្ម័គ្រចិត្តលើកកម្ពស់សិទ្ធិនយោបាយ និងឃ្លាំមើលការបោះឆ្នោតនៅវេណេហ្ស៊ុយអេឡា។
កាលពីឆ្នាំមុន អ្នកស្រី Machado បានព្យាយាមឈរឈ្មោះប្រឆាំងនឹងលោក Maduro ក្នុងការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែបេក្ខភាពរបស់អ្នកស្រីត្រូវបានរារាំងដោយរបបលោក Maduro។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា រដ្ឋាភិបាលលោក Maduro បាន “សម្លាប់ ធ្វើទារុណកម្ម ឃុំខ្លួន និងចាប់ពង្រត់មនុស្សដោយបង្ខំ ដែលពួកគេស្វែងរកការផ្លាស់ប្ដូរទៅរកលទ្ធិប្រជាធិបតេយ្យ”។
នៅពេលអ្នកកាសែតសួរថា តើអ្នកស្រីជឿថាលោក Maduro នឹងហ៊ានធ្វើទារុណកម្មលើអ្នកស្រីឋានៈជាជ័យលាភីរង្វាន់ណូបែលសន្តិភាពឬទេ?
អ្នកស្រី Machado បានឆ្លើយតបយ៉ាងត្រង់ថា “ខ្ញុំបានប្រឈមមុខនឹងការគំរាមកំហែងជាច្រើនលើកមកហើយពីសំណាក់រដ្ឋអំណាចរបស់លោក Maduro”។ តាមអ្នកស្រី រដ្ឋអំណាចរបស់លោក Maduro បានធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាអំណាច ប៉ុន្តែនៅចុងបញ្ចប់ របបផ្ដាច់ការនេះនឹងត្រូវតែបានផ្ដួលរំលំ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

