រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតាផុន ណាក់ផានិច (Natthaphon Narkphanit) ព្រមានថា ប្រសិនបើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយកម្ពុជា ត្រូវបរាជ័យ នោះកិច្ចព្រមព្រៀងសន្តិភាពរវាងថៃ និងកម្ពុជា ក៏ទំនងជាមិនអាចកើតមានបានដែរ។
លោក ណាតាផុន ណាក់ផានិច (Natthaphon Narkphanit) អះអាងនៅថ្ងៃទី២១ តុលា នេះថា រដ្ឋាភិបាលថៃ នឹងមិនខ្ជះខ្ជាយលុយជាតិលើការប្រជុំនានាជាមួយនឹងកម្ពុជា ទៀតទេ ប្រសិនបើកិច្ចប្រជុំ GBC និងកិច្ចប្រជុំ JBC គ្មានការវិវត្តទៅមុខជាផ្លែផ្កានោះ។
មន្ត្រីជាន់ខ្ពស់ថៃ រូបនេះ អះអាងថា ប្រសិនបើកម្ពុជាបរាជ័យក្នុងកិច្ចសហប្រតិបត្តិការលើលក្ខខណ្ឌទាំងបួនដែលថៃ បានទាមទារ រួមមាន ការដោះមីនមនុស្សធម៌ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ និងការគ្រប់គ្រងព្រំដែនរួមគ្នា វាក៏អាចនឹងប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ានដែរ។
ប្រភពដដែលអះអាងថា គោលនយោបាយរបស់រដ្ឋាភិបាលថៃ មិនមែនសំដៅតែលើការរក្សាសន្តិភាពមួយមុខនោះទេ ប៉ុន្តែក៏អនុវត្តតាមគោលការណ៍អន្តរជាតិដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា ភាគីថៃ ព្យាយាមដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យទទួលយកលក្ខខណ្ឌរបស់ថៃ ទាំងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែន JBC។
លោកបន្តថា ភាគីកម្ពុជា មិនត្រូវប្រញាប់ចង់បានសន្តិភាពទាំងអយុត្តិធម៌ និងមិនស្មើភាពតាមបំណងរបស់ថៃ នោះទេ។ លោកថា រដ្ឋាភិបាលកម្ពុជា គួរតែត្រូវរក្សាជំហរម៉ឺងម៉ាត់ ស្របតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងការពារបូរណភាពទឹកដីស្របតាមផែនទីបារាំង ខ្នាត ១/២០០០០០ ឲ្យបាន។
លោក ម៉ែន ណាត អះអាងថា រដ្ឋាភិបាលកម្ពុជា ត្រូវតែប្រញាប់ដាក់ពាក្យបណ្ដឹងផ្លូវការទៅកាន់តុលាការអន្តរជាតិ (ICJ) នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលា នេះ ពីព្រោះក្នុងស្ថានភាពនេះមានតែតុលាការអន្តរជាតិទេដែលអាចជឿជាក់ថានឹងផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២១ តុលា នេះថា កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះ នៅខេត្តចន្ទបុរី ដែលភាគីថៃ ធ្វើជាម្ចាស់ផ្ទះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា សមាសភាពកម្ពុជាដែលចូលរួមកិច្ចប្រជុំនេះមានរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ លោក ឡាំ ជា រួមទាំងសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ផងដែរ។
ចំណែកសមាសភាពភាគីថៃ គឺលោក ប្រាសាស ប្រាសាសវីននិច្ចឆៃ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធដទៃទៀត។
រីឯក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ តុលា នេះថា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះគឺជាថ្ងៃទីពីរនៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ប្រភពដដែល អះអាងថា នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្រិតថ្នាក់រដ្ឋមន្ត្រីលើកទី១ ត្រូវបានធ្វើឡើងនៅខេត្តកោះកុង ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ ដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាតាផុន ណាក់ផានិច (Nattaphon Narkphanit)៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

