26.3 C
Phnom Penh

ទាហាន​ថៃ វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​នៅ​ក្នុង​ភូមិ​ជោគជ័យ ដោយ​មិន​ជូនដំណឹង​ជា​មុន​ទៅ​អាជ្ញាធរ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលរង និង​ជា​អ្នក​នាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អះអាង​ថា យោធា​ថៃ បាន​ប្រើ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ វាយ​កម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ខ្នង នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​បាន​ជូនដំណឹង​ជា​មុន​មក​អាជ្ញាធរ​ខ្មែរ​នោះ​ឡើយ។

លោក លី សុវណ្ណារិទ្ធ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៥ នៅ​ម៉ោង​ប្រមាណ ២​រសៀល យោធា​ថៃ បាន​វាយ​ខ្ទេច​ផ្ទះ​របស់​ពលរដ្ឋ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ស័ង្កសី ដោយ​មិន​បាន​ជូនដំណឹង​ជា​មុន​មក​អាជ្ញាធរ​កម្ពុជា នោះ​ទេ។ លោក​ថា លោក​មិន​បាន​ដឹង​ថា​ទាហាន​ថៃ ប្រើ​កម្លាំង​ប៉ុន្មាន​នាក់​នោះ​ឡើយ។

ប្រភព​ដដែល​អះអាង​ថា ទីតាំង​ដែល​បាន​វាយ​បំផ្លាញ​នោះ គឺជា​ទីតាំង​ដែល​យោធា​ថៃ រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ​តាំងពី​ថ្ងៃទី​១២ ខែ​សីហា មក​ម្ល៉េះ។

លោក លី សុវណ្ណារិទ្ធ បន្ត​ថា នេះ​ជា​ទង្វើ​នៃ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​តាមរយៈ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ។ លោក​ថា ក្រុម​ការងារ​ខេត្ត​បន្ទាយមានជ័យ កំពុង​បញ្ជូន​របាយការណ៍​នេះ​ទៅ​ថ្នាក់លើ។

កម្ពុជា ធ្លាប់​ព្រមាន​ថា សកម្មភាព​ទន្ទ្រាន​កាន់កាប់​ទឹកដី​ខ្មែរ​ដោយ​ឯកតោភាគី​ពី​សំណាក់​យោធា​ថៃ តាមរយៈ​ការ​រាយ​បន្លា​លួស​សំណាញ់ រនាំង និង​ដាក់​សម្បក​កង់ឡាន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ជាបន្តបន្ទាប់​ក្នុង​ពេលនេះ គឺជា​ការ​រំលោភ​លើ​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) របស់​ភាគី​កម្ពុជា ប្រឆាំង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​រំលោភ​បំពាន​របស់​យោធា​ថៃ ដែល​បាន​រាយ​បន្លា​លួស សំណាញ់ រនាំង និង​ដាក់​កង់ឡាន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤៦ ដល់​លេខ​៤៧ ស្ថិត​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២ សីហា កន្លង​ទៅ​នេះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ព្រំដែន​កម្ពុជា-ថៃ គឺជា​ព្រំដែន​អន្តរជាតិ​រវាង​រដ្ឋ និង​រដ្ឋ ដែល​ត្រូវ​បាន​កំណត់​ដោយ​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​ខ្នាត ១/២០០០០០ និង​បង្គោល​ព្រំដែន​ចំនួន ៧៤​បង្គោល ដែល​ត្រូវ​បាន​បោះ​តាំងពី​ជាង ១០០​ឆ្នាំ​មុន​មក​ម្ល៉េះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កន្លង​មក​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ដាក់​ញត្តិ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅឋាន​កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​បំណង​ជំរុញ​ឱ្យ​ភាគី​ថៃ រើ​បន្លា​លួស និង​កង់ឡាន​ដែល​បាន​ដាក់​ពង្រាយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា ចេញ​វិញ។

ជាង​នេះ​ទៀត លោក​ថា​ក៏​ដើម្បី​ធានា​ការ​ប្រគល់​ទ្រព្យសម្បត្តិ និង​ស្រែចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ត្រូវ​បាន​ភាគី​ថៃ រំលោភ​យក​ដែរ និង​ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង ១៣​ចំណុច​នៃ​កិច្ចប្រជុំ GBC ព្រមទាំង​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ក្នុង​ការ​ស៊ើបអង្កេត និង​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ និង​អ្នក​ពាក់ព័ន្ធ​ចំពោះ​អំពើ​រំលោភ​បំពាន​នេះ​ថែមទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស