អ្នកឃ្លាំមើលលើកឡើងថា កម្ពុជាចាញ់ឧបាយកលថៃ ដោយទទួលយកលក្ខខណ្ឌវាស់វែងតំបន់ព្រំដែនលើដីជាក់ស្តែង ព្រោះការទទួលយកលក្ខខណ្ឌបែបនេះ គឺស្មើនឹងទទួលយកផែនទីខ្នាត ១/៥០០០០ របស់ថៃ ដែលមានន័យថា កងទ័ពថៃ បានឈ្លានពានលើកម្ពុជា និងឈរជើងនៅតំបន់ណា តំបន់នោះគឺជាកម្មសិទ្ធិរបស់ថៃ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ តុលា នេះថា ក្នុងចំណុចទី៦ ក្នុងសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការចម្រុះព្រំដែនគោក (JBC) គ្រាន់តែបានកំណត់នូវពាក្យថា វាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងប៉ុណ្ណោះ មិនកំណត់ពីការប្រើប្រាស់ផែនទីខ្នាត ១/២០០០០០ ឡើយ។
លោក ម៉ែន ណាត អះអាងថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អំពីការប្រើប្រាស់ផែនទីខ្នាត ១/២០០០០០ ដែលត្រូវថៃ ច្រានចោលនោះ ទំនងជាគាត់មានចេតនាបិទបាំងខ្លឹមសារដែលបានកំណត់ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែនគោក (JBC) ដែលកម្ពុជា ព្រមទទួលយកលក្ខខណ្ឌថៃ ដែលបង្កប់ខ្លឹមសាររបស់ផែនទីខ្នាត ១/៥០០០០ របស់ថៃ នោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រូបនេះ លើកឡើងថា បើកម្ពុជាបោះបង់ផែនទីខ្នាត ១/២០០០០០ គឺស្មើនឹងទទួលយកផែនទីខ្នាត ១/៥០០០០ របស់ថៃ ដែលនឹងធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។
លោកថា កម្ពុជាគ្មានជម្រើសណាល្អជាងការប្តឹងថៃ ទៅតុលាការអន្តរជាតិ (ICJ) ដោយប្រើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១០៩៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីបារាំងខ្នាត ១/២០០០០០ ស្ដីពីការកំណត់ព្រំដែនគោកកម្ពុជា-ថៃ នោះទេ។
លោកព្រមានថា ការប្តូរផ្តាច់ការពារសន្តិភាពដោយទទួលយកលក្ខខណ្ឌរបស់ថៃ ដែលធ្វើឱ្យបាត់បង់ទឹកដីខ្មែរ មិនមែនជាសន្តិភាពពិតឡើយ ប៉ុន្តែជាសន្តិភាពលើជ្រញ់សម្រាប់បរទេសឈ្លានពានកាប់ចិញ្ច្រាំយកទឹកដីខ្មែរប៉ុណ្ណោះ ហើយសន្តិភាពបែបនេះ ពលរដ្ឋខ្មែរនឹងអស់ទឹកអស់ដីនៅថ្ងៃអនាគត។
កាសែត The Nation របស់ថៃ បានចុះផ្សាយសម្ដីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក សិរិពង្ស អង្គកាសាគុលគីត (Siripong Angkasakulkiat) នៅថ្ងៃទី២៤ តុលា ថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែនគោក (JBC) កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា នេះ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយទាក់ទងនឹងមាត្រដ្ឋានផែនទីមាត្រដ្ឋាន ១/២០០០០០ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ តាមការអះអាងរបស់លោក ហ៊ុន ម៉ាណែត នោះឡើយ។
កាលពីថ្ងៃទី២៣ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ បានបោះមួយជំហានទៅមុខប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ព្រោះតែភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេស និងច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។
យ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា សុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

