26.6 C
Phnom Penh

រុស្ស៊ី អះអាង​ថា​ដណ្ដើម​បាន​ទីក្រុង Pokrovsk របស់​អ៊ុយក្រែន នៅ​មុន​ជំនួប​ជាមួយ​ប្រេសិត​លោក ត្រាំ នៅ​ទីក្រុង​មូស្គូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយសេនាធិការ​កងទ័ព​រុស្ស៊ី ប្រាប់​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែ​ធ្នូ ថា កងកម្លាំង​រុស្ស៊ី វាយ​ដណ្ដើម​កាន់កាប់​បាន​ទីក្រុង Pokrovsk ដែល​លោក ពូទីន ចាត់ទុក​ថា​ជា​ជោគជ័យ​សំខាន់​មួយ។

តាម​សារព័ត៌មាន​អ៊ុយក្រែន Kyiv Post លោក ពូទីន បាន​ដាក់​បទបញ្ជា​ឱ្យ​វាយ​យក​ទីក្រុង Pokrovsk ពី​ដៃ​កងទ័ព​អ៊ុយក្រែន ឱ្យ​បាន​នៅ​ត្រឹម​ថ្ងៃទី​១៥ វិច្ឆិកា តែ​ត្រូវ​បាន​នាយសេនាធិការ​កងកម្លាំង​រុស្ស៊ី ឧត្ដមសេនីយ៍ Valery Gerasimov អះអាង​ប្រាប់​លោក ពូទីន ថា​វាយ​យក​បាន​ទាំងស្រុង​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។ បន្ថែម​លើស​ពី​នេះ ឧត្ដមសេនីយ៍ Valery Gerasimov អះអាង​ថា​ទីក្រុង Vovchansk នៅ​តំបន់ Khakive ក៏​វាយ​ដណ្ដើម​យក​បាន​ដែរ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ក៏បាន​បង្ហាញ​វីដេអូ​កងទ័ព​រុស្ស៊ី ដោត​ទង់ជាតិ​រុស្ស៊ី នៅ​ឯ​ទីលាន​មួយ​ស្ថិត​នៅ​កណ្ដាល​ទីក្រុង Pokrovsk។

ឧត្ដមសេនីយ៍ Valery Gerasimov ថែមទាំង​ប្រាប់​លោក ពូទីន ទៀត​ថា កងកម្លាំង​រុស្ស៊ី បាន​ប្ដេជ្ញាចិត្ត​វាយ​ដណ្ដើម​យក​តំបន់​ដុនបាស់ ទាំងមូល ដែល​មាន​ខេត្ត Donetsk និង Luhansk។

លោក ពូទីន សាទរ​ជ័យជម្នះ​របស់​កងទ័ព​រុស្ស៊ី។ លោក​ប្រធានាធិបតី​រុស្ស៊ី ចាត់ទុក​ថា៖ «នេះ​ជា​ទិសដៅ​ដ៏​មាន​សារសំខាន់​មួយ។ យើង​ទាំងអស់​គ្នា​ពិត​ជា​ដឹង​ថា​វា​មាន​សារសំខាន់​កម្រិត​ណា។»

យ៉ាងណា កងទ័ព​អ៊ុយក្រែន ចាត់ទុក​ថា​ជា​ប្រកាស​ជ័យជម្នះ​ក្លែងក្លាយ ព្រោះ​ទីក្រុង Pokrovsk នៅតែ​ធ្លាក់​ក្នុង​សមរភូមិ​នៅឡើយ។

ការ​ប្រកាស​ពី​ការ​វាយ​ដណ្ដើម​បាន​ទីក្រុង​ទាំង​ពីរ​នេះ ធ្វើឡើង​នៅ​មុន​បេសកជន​ពិសេស​របស់​លោក ដូណាល់ ត្រាំ គឺ​លោក Steve Witkoff ត្រូវ​ជួប​លោក ពូទីន ក្នុង​ទីក្រុង​មូស្គូ ដើម្បី​ពិភាក្សា​អំពី​ផែនការ​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ក៏​ចំ​ពេល​គណៈប្រតិភូ​អ៊ុយក្រែន ទៅ​ជួប​ចរចា​ជាមួយ​គណៈប្រតិភូ​អាមេរិក​នៅ​រដ្ឋ​ផ្លរីដា ផង​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី និយាយ​ថា បញ្ហា​លំបាក​មួយ​ចំនួន​នៅតែ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ បន្ទាប់ពី​កិច្ចចរចា​អាមេរិក-អ៊ុយក្រែន នៅ​រដ្ឋ​ផ្លរីដា។ ការ​លើកឡើង​នេះ ធ្វើឡើង​ខណៈ​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​សម្ពន្ធមិត្ត ហើយ​បេសកជន​លោក ត្រាំ ទៅ​កាន់​ទីក្រុង​មូស្គូ ជួប​លោក ពូទីន ម្ដង​ទៀត។

លោក ហ្សេឡេនស្គី បាន​ទៅ​ដល់​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ចន្ទ ទី​១ ធ្នូ ដើម្បី​ជួប​សមភាគី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង និង​មេដឹកនាំ​អឺរ៉ុប ដោយ​ពិភាក្សា​អំពី​ការ​កសាង​កម្លាំង​ដើម្បី​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន។

ទីក្រុង​គៀវ និង​សម្ពន្ធមិត្ត កំពុង​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន កែសម្រួល​ផែនការ​សន្តិភាព​ដែល​ពី​ដំបូង តម្រូវ​ឱ្យ​អ៊ុយក្រែន កាត់​ទឹកដី កាត់បន្ថយ​កងទ័ព និង​បោះបង់​បំណង​ចូលរួម​ជាមួយ​អង្គការ​ណាតូ ដែល​អ៊ុយក្រែន ចាត់ទុក​ថា​ជា​ការ​ប្រកាស​ឱ្យ​អ៊ុយក្រែន ចុះចាញ់​សត្រូវ។

យ៉ាងណា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio ទទួលស្គាល់​ថា​ស្ថានការណ៍​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​លោក​នៅតែ​មាន​សុទិដ្ឋិនិយម។

នៅ​ថ្ងៃ​អង្គារ ទី​២ ធ្នូ នេះ ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គឺ​លោក Steve Witkoff និង​កូនប្រសា​របស់​លោក ត្រាំ គឺ​លោក Jared Kushner ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បី​ពិភាក្សា​អំពី​ការ​ត្រូវ​បញ្ចប់​សង្គ្រាម​ដែល​កំពុង​អូស​បន្លាយ​ជិត ៤​ឆ្នាំ​មក​ហើយ​នេះ។

លោក ត្រាំ តែងតែ​លើកឡើង​ថា រូបលោក​ចង់​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន ឱ្យ​បាន​ឆាប់ ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ កិច្ចប្រឹងប្រែង​របស់​លោក​មិន​ទាន់​ជួយ​សម្រេច​បាន​សន្តិភាព​នៅឡើយ។

ផែនការ​សន្តិភាព ២៨​ចំណុច​របស់​រដ្ឋបាល​លោក ត្រាំ ដែល​ត្រូវ​បញ្ចេញ​ឡើង​កាលពី​សប្តាហ៍​មុន បាន​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​អ៊ុយក្រែន រួម​ទាំង​មេដឹកនាំ​អឺរ៉ុប ដោយ​ចាត់ទុក​ផែនការ​សន្តិភាព​នេះ ធ្វើឡើង​តាម​លក្ខខណ្ឌ​របស់​រុស្ស៊ី ដូចជា​តម្រូវ​ឱ្យ​អ៊ុយក្រែន សន្យា​មិន​ចូល​អង្គការ NATO ដាក់​កំហិត​ទំហំ​កងទ័ព ហើយ​លះបង់​ទឹកដី​បន្ថែម រួម​ទាំង​ទទួលស្គាល់​តំបន់​គ្រីមៀរ ជា​ដែនដី​ស្រប​ច្បាប់​របស់​រុស្ស៊ី។ ប៉ុន្តែ​ក្រុម​មេដឹកនាំ​អឺរ៉ុប បាន​ដាក់​ចេញ​សំណើ​តបត​វិញ​របស់​ពួកគេ សម្រាប់​សន្តិភាព​នៅ​អ៊ុយក្រែន។

ភាគី​អាមេរិក និង​អ៊ុយក្រែន បាន​និយាយ​ថា ពួកគេ​បាន​ឯកភាព​គ្នា​លើ​គ្រោង​ផែនការ​សន្តិភាព​មួយ ដែល​ត្រូវ​បាន​កែលំអ​ឱ្យ​កាន់តែ​ប្រសើរ​ដើម្បី​បញ្ចប់​សង្គ្រាម។

លោក ពូទីន បាន​អះអាង​ថា រូបលោក​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជជែក​អំពី​សន្តិភាព​ដែល​កែសម្រួល ប៉ុន្តែ​លោក ពូទីន នៅតែ​ព្រមាន​ថា ប្រសិនបើ​អ៊ុយក្រែន មិន​ព្រម​ទទួលយក​កិច្ចព្រមព្រៀង​មួយ​ដែល​តាម​ការ​ទាមទារ​របស់​រុស្ស៊ី លោក​ថា​កងកម្លាំង​របស់​រុស្ស៊ី នឹង​បន្ត​វាយលុក​ឆ្ពោះ​ទៅ​មុខ ហើយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន បន្ថែម​ទៀត។ លោក ពូទីន សន្យា​ថា​ធ្វើ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន រហូត​ដល់​ឆ្នាំ​២០៣៦។

បច្ចុប្បន្ន កងកម្លាំង​របស់​រុស្ស៊ី គ្រប់គ្រង​ប្រហែល ២០​ភាគរយ​នៃ​ទឹកដី​របស់​អ៊ុយក្រែន នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ ក្នុង​នោះ​រាប់​ទាំង​ដែនដី​តំបន់​គ្រីមៀរ ដែល​រុស្ស៊ី ឱបក្រសោប​បាន​ពី​អ៊ុយក្រែន ដោយ​មិន​បាច់​ផ្ទុះ​សង្គ្រាម​នៅ​ឆ្នាំ​២០១៤៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស