អាជ្ញាធរមីន ចាត់ទុកការប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីនពីសំណាក់ភាគីថៃ ដោយចោទប្រកាន់គ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ គឺជាចេតនាវាយប្រហារដើម្បីឈ្លានពានមកលើកម្ពុជា ដែលជាហេតុបង្កការរងគ្រោះដល់ប្រជាជនកម្ពុជា ក្នុងតំបន់ព្រំដែនបន្តទៀត។
លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងក្នុងព្រឹត្តិការណ៍អមស្ដីពីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈការអភិវឌ្ឍសមត្ថភាព ដើម្បីពិភពលោកមួយគ្មានមីន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា កម្ពុជាមានការសោកស្ដាយយ៉ាងខ្លាំងនូវទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ចំពោះគោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីនៃអនុសញ្ញានេះ។
លោក លី ធុជ លើកឡើងថា ក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជាជឿជាក់ថាមានតែកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នាប៉ុណ្ណោះ ទើបអាចធ្វើឱ្យសម្រេចបានគោលដៅមនុស្សធម៌របស់អនុសញ្ញាអូតាវ៉ា។
មន្ត្រីអាជ្ញាធរមីនរូបនេះបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងធានាបានសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន ដោយសារកម្ពុជាយល់ច្បាស់អំពីទុក្ខលំបាកដែលបង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនោះ។
ចាប់តាំងពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ អស់រយៈពេលជាច្រើនខែមកនេះ គេសម្គាល់ឃើញថាភាគីថៃ បានលើកយកបញ្ហាគ្រាប់មីនមកចោទប្រកាន់កម្ពុជា ជាបន្តបន្ទាប់ តាមរយៈបណ្ដាញសារព័ត៌មានថៃ ដូចជា Khaosod, The Nation Thailand និង Thai Enquirer ជាដើម។
ជាក់ស្តែង ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃ ចំនួន ៣នាក់បានរងរបួសដោយសារមីនក្នុងខេត្តអ៊ុប៊ុន ប្រទេសថៃ ដែលក្នុងនោះ ទាហានម្នាក់បានបាត់បង់ជើងម្ខាង ខណៈថ្ងៃទី៩ ខែសីហា ទាហានចំនួន ៣នាក់ផ្សេងទៀតបានរងរបួសដោយសារមីនដែរនៅខេត្តស៊ីសាកេត ដែលក្នុងនោះ ទាហានម្នាក់បានបាត់បង់ជើងឆ្វេង ក្នុងពេលដែលពួកគេរាយលួសបន្លានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា។
ជាងនេះទៀត នៅថ្ងៃទី១២ ខែសីហា អនុរក្សយោធភូមិភាគថៃ ម្នាក់បានបាត់បង់ជើងម្ខាងផងដែរ បន្ទាប់ពីជាន់មីននៅជិតប្រាសាទតាមាន់ធំ និងនៅថ្ងៃទី២៧ ខែសីហា ទាហានម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជើងខាងស្តាំក្នុងឧបទ្ទវហេតុផ្ទុះមីនមួយករណីទៀតនៅជិតប្រាសាទតាក្របី។
លុះដល់ទី១០ ខែវិច្ឆិកា ទាហានថៃ ម្នាក់បានរងរបួសធ្ងន់ធ្ងរត្រង់ជើងខាងស្ដាំ ក្រោយដើរជាន់មីននៅតំបន់ហួយតាម៉ារៀ (Huai Ta Maria) ទល់មុខប្រាសាទព្រះវិហាររបស់កម្ពុជា។ បន្ថែមពីនេះ នៅថ្ងៃទី២ ខែធ្នូ កងទ័ពភូមិភាគទី២ របស់ថៃ អះអាងថាមានគ្រាប់មីនប្រភេទ PMN-2 ចំនួន ១គ្រាប់បានផ្ទុះនៅតំបន់ហួយតាម៉ារៀ ដែលភាគីកម្ពុជាបានដាក់សម្រាប់រារាំងកងទ័ពថៃ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ទាហានថៃ ដែលរងរបួសដោយគ្រាប់មីន គឺដោយសារពួកគេដើរល្បាតចូលក្នុងទឹកដីកម្ពុជាប៉ុណ្ណោះ ដែលទង្វើនេះគឺជាការរំលោភបំពានលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ផង និងជាការរំលោភលើទឹកដីដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា ផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

