26.8 C
Phnom Penh

ប្រធាន​អាស៊ាន​ប្ដូរ​វេន​បារម្ភ​ថា​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ភាគី​ថៃ សុំ​ពន្យារ​ពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​និយាយ​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​ថា កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ជុំវិញ​សង្គ្រាម​ថៃ-កម្ពុជា ដែល​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ធ្នូ នេះ ត្រូវ​បាន​លើក​ពេល ខណៈ​លោក​បារម្ភ​កាន់តែ​ខ្លាំង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។

តាម​សារព័ត៌មាន Malay Mail ឱ្យ​ដឹង​ថា ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង ១១​ប្រទេស ត្រូវ​ជួប​គ្នា​នៅ​ទីក្រុង​កូឡាឡាំពួរ។ តាម​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ការ​លើក​ពេល​ប្រជុំ​ធ្វើឡើង​តាម​សំណើ​របស់​ប្រទេស​ថៃ និង​កម្ពុជា ដោយ​ស្នើ​ពន្យារ​ពេល​បន្តិច។

យ៉ាងណា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅតែ​សន្យា​ថា​នឹង​សម្របសម្រួល​ឱ្យ​មាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ឱ្យ​បាន ធ្វើឡើង​ឆាប់ៗ​នេះ ហើយ​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) ត្រឡប់​ទៅ​រក​ការ​បញ្ឈប់​ប្រយុទ្ធ​គ្នា។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បាន​អំពាវនាវ​សុំ​ឱ្យ​ភាគី​ទាំង​ពីរ​នេះ ត្រូវ​រក​ពេល​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ឱ្យ​ឆាប់​បំផុត ដោយ​មិន​ត្រូវ​បង្ក​ផលវិបាក​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ទេ។ លោក​ក៏បាន​សន្យា​ថា រៀបចំ​ឱ្យ​មាន​ក្រុម​ឃ្លាំមើល​បទ​ឈប់​បាញ់​គ្នា​ទៅ​កាន់​តំបន់​ជម្លោះ ក្រោយពី​ភាគី​ទាំង​ពីរ​ព្រម​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ដែល​លោក​ថា សន្តិភាព​កើតមាន​ម្ដង តែ​ត្រូវ​បាន​ភាគី​បំពាន​ដោយ​ភាគី​ទាំង​ពីរ​បាន​ចោទ​ដាក់​គ្នា​ទៅវិញ​ទៅមក គឺ​បំពាន​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​២៦ តុលា ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក៏​ជា​ភាគី​ហត្ថលេខី​មួយ​ដែរ។

ការ​ប្រយុទ្ធ​គ្នា​ចាប់ផ្ដើម​ពី​ថ្ងៃទី​៧ ធ្នូ ដែល​បង្ក​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​រស់នៅ​តាម​ព្រំដែន​រួម​គ្នា​ជាង ៥០​ម៉ឺន​នាក់ រត់​ភៀស​ខ្លួន ហើយ​មក​ដល់​ពេលនេះ ភាគី​ទាំង​ពីរ​នេះ​នៅតែ​បន្ត​បាញ់​ផ្លោង​ដាក់​គ្នា តែ​ភាគី​ថៃ ឈាន​ដល់​ការ​បាញ់​ប្រហារ​ដោយ​យន្តហោះ​ចម្បាំង​ទៅ​លើ​ទីប្រជុំជន​ស៊ីវិល និង​ប្រាង្គ​ប្រាសាទ​ប្រទេស​កម្ពុជា។

ឥឡូវ​នេះ ប្រទេស​ថៃ ព្រមាន​ពី​ការ​ហ៊ុមព័ទ្ធ​លំហ​សមុទ្រ​ក្នុង​ឈូងសមុទ្រ​ថៃ ដែល​ជា​ការ​រាំង​ខ្ទប់​ការ​ធ្វើ​នាវាចរ​ដឹកនាំ​ចេញ និង​ចូល​ប្រទេស​កម្ពុជា។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ព្រមាន​ថា ការ​ហ៊ុមព័ទ្ធ​លំហ​សមុទ្រ នឹង​នាំ​ឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់ ដែល​ចាំបាច់​ត្រូវតែ​មាន​ជំនួប ទោះជា​ទ្វេភាគី ឬ​ពហុភាគី​ក៏ដោយ។

បើ​តាម​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ថៃ​ជា​អ្នក​ស្នើសុំ​ពន្យារ​ពេល​កិច្ចប្រជុំ ដោយ​កាលបរិច្ឆេទ​ថ្មី​គឺ​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ។ ជាមួយ​គ្នា​នេះ ប្រទេស​ចិន ក៏បាន​ទាមទារ​ថា កម្ពុជា និង​ថៃ គួរតែ​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា ហើយ​ចាត់​វិធានការ​ទាំងអស់​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ដោយ​បន្ថយ​ភាព​តានតឹង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Guo Jiakun នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥។

លោក Guo Jiakun បាន​បន្ថែម​ថា ចិន​នឹង​បន្ត​តាមដាន និង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជំរុញ​ការ​ចរចា​ដើម្បី​សន្តិភាព និង​ដើរ​តួនាទី​ស្ថាបនា​តាម​របៀប​របស់​ចិន ដើម្បី​នាំមក​នូវ​បទ​ឈប់​បាញ់ និង​ការ​ស្ដារ​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ប្រទេស​ចិន បាន​អំពាវនាវ​ឲ្យ​កម្ពុជា និង​ថៃ អនុវត្ត​ការ​អត់ធ្មត់ និង​ការពារ​ការ​កើន​ឡើង​នៃ​ជម្លោះ​បន្ថែម​ទៀត។

ខណៈ​ការ​ប្រយុទ្ធ​គ្នា​កំពុង​ផ្ទុះ​ឡើង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ ធ្នូ ថា ប្រទេស​ថៃ នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ លោក អនុធីន ឆានវីរៈគុល នឹង​បន្ត​ដឹកនាំ​រដ្ឋបាល​បណ្ដោះអាសន្ន​រហូត​ដល់​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង។

មុន​នេះ​ដែរ លោក Narong Klanwarin ប្រធាន​គណៈកម្មការ​បោះឆ្នោត​ជាតិ​ថៃ បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន តែ​លោក​ប្រកាស​ច្រានចោល​នូវ​ក្តី​ព្រួយបារម្ភ​ដែល​ថា គណៈកម្មការ​បោះឆ្នោត​ជាតិ​ថៃ មួយ​នេះ អាច​មាន​ភាព​លម្អៀង​ទៅ​រក​បក្ស​នយោបាយ​ណា​មួយ​នៅ​ក្នុង​កាលៈទេសៈ​ប្រទេស​ថៃ ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ផ្ទុះ​ជម្លោះ​ប្រដាប់​អាវុធ​នៃ​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​កម្ពុជា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស