27.1 C
Phnom Penh

ប្រជាជន​អ៊ុយក្រែន​ភាគច្រើន​ទាត់​ចោល​ការ​ទាមទារ​ឱ្យ​អ៊ុយក្រែន កាត់​ទឹកដី​ដូរ​យក​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័ន​ស្ទង់មតិ​មួយ​នៅ​ទីក្រុង​គៀវ បាន​ប្រកាស​ថា ប្រជាជន​អ៊ុយក្រែន ៣​ភាគ​៤ បាន​បង្ហាញ​ការ​ជំទាស់​ចំពោះ​ការ​សម្បទាន​ធំៗ​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ណា​មួយ​ជាមួយ​រុស្ស៊ី ខណៈ​លោក ត្រាំ សង្ឃឹម​ថា​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន នឹង​ដល់​កិច្ចព្រមព្រៀង​ឆាប់ៗ​នេះ​ហើយ។

លទ្ធផល​នេះ​បង្ហាញ​ពី​ការ​គាំទ្រ​ជំហរ​របស់​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​អំពី​ការស្ទង់មតិ​របស់​វិទ្យាស្ថាន​សង្គមវិទ្យា​អន្តរជាតិ​គៀវ ដែល​រក​ឃើញ​ថា ៧២% នៃ​ប្រជាជន ត្រៀម​ខ្លួន​ទទួលយក​កិច្ចព្រមព្រៀង​ដែល​ព្យួរ​ការ​ប្រយុទ្ធ​នៅ​ជួរមុខ តែ ៧៥% ចាត់ទុក​ផែនការ​ដែល​តម្រូវ​ឱ្យ​កាត់​ទឹកដី ឬ​កម្រិត​ទំហំ​កងទ័ព​ដោយ​គ្មាន​ការ​ធានា​សន្តិសុខ​ច្បាស់លាស់ ថា​ជា​បញ្ហា​មិន​អាច​ទទួលយក​បាន​ឡើយ។

ជាមួយ​គ្នា​នេះ ការស្ទង់មតិ​បាន​បង្ហាញ​ចំពោះ​ការ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​លោក ហ្សេឡេនស្គី នៅតែ​មាន​កម្រិត​ខ្ពស់ គឺ ៦១% ប៉ុន្តែ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ទំនុកចិត្ត​លើ​សម្ពន្ធមិត្ត ជាពិសេស​ទៅ​លើ​សហរដ្ឋ​អាមេរិក ដោយ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២១% ដែល​កាលពី​ឆ្នាំ​មុន​មាន ៤១% និង​លើ​អង្គការ​ណាតូ​ធ្លាក់​មក​ត្រឹម ៣៤%។

ទាក់ទង​នឹង​ការ​បោះឆ្នោត មាន​តែ ៩% ប៉ុណ្ណោះ​នៃ​ប្រជាជន​អ៊ុយក្រែន ដែល​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​ពេល​សង្គ្រាម​បញ្ចប់ ទោះបីជា​លោក ត្រាំ ជំរុញ​ឱ្យ​មាន​ក៏ដោយ។ ផ្ទុយទៅវិញ ៦៣% នៃ​ប្រជាជន អះអាង​ថា ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បន្ត​ការ​ប្រយុទ្ធ។

លោក ហ្សេឡេនស្គី និយាយ​ថា លោក​នឹង​ស្នើ​ឱ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​សភា និង​ប្រធានាធិបតី ក្រោយពី​ប្រទេស​ស្ថិត​ក្នុង​សន្តិភាព​នៃ​ការ​អនុវត្ត​បាន​ពេញលេញ​នៃ​បទ​ឈប់​បាញ់​នៅ​ទូទាំង​ប្រទេស។

ការ​បោះឆ្នោត​ប្រធានាធិបតី ក៏​មាន​នៅ​ក្នុង​ផែនការ​សន្តិភាព​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែរ។ ចំពោះ​ការ​ចូល​ជា​សមាជិក​ណាតូ​វិញ លោក ហ្សេឡេនស្គី បាន​ប្រកាស​ថា អ៊ុយក្រែន បាន​សម្រេច​ចិត្ត​លះបង់​មហិច្ឆតា​ក្នុង​ការ​ចូល​ជា​សមាជិក​សម្ពន្ធ​យោធា​ណាតូ ដើម្បី​ប្តូរ​យក​ការ​ធានា​សន្តិសុខ​ពី​លោកខាងលិច ដែល​ជា​ការ​សម្របសម្រួល​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី។

លោក ហ្សេឡេនស្គី ឱ្យ​ដឹង​ថា បញ្ហា​ញ​នេះ ដោយសារ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​មិន​គាំទ្រ​សមាជិកភាព​របស់​អ៊ុយក្រែន ប៉ុន្តែ​លោក​ថា​ការ​ធានា​សន្តិសុខ​ទ្វេភាគី​ពី​អាមេរិក អឺរ៉ុប កាណាដា អូស្ត្រាលី និង​ជប៉ុន ដូច​នឹង «មាត្រា​៥» របស់​ណាតូ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ជា​ថ្មី​ម្ដង​ទៀត។

ការ​ប្រកាស​នេះ ធ្វើឡើង​មុន​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ប៊ែរឡាំង ដែល​មាន​ការ​ចូលរួម​ពី​ប្រេសិត​អាមេរិក លោក ស្ទីវ វីតកុហ្វ ដើម្បី​ពិភាក្សា​លើ​ផែនការ​សន្តិភាព ២០​ចំណុច​របស់​សហរដ្ឋ​អាមេរិក។

ជាមួយ​នឹង​ក្ដី​សង្ឃឹម​ពី​សន្តិភាព លោក ដូណាល់ ត្រាំ ថា​កិច្ចព្រមព្រៀង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ជិត​សម្រេច​បាន​ហើយ។

លោក ត្រាំ ថា​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន កាន់តែ​ខិត​ជិត​មក​ដល់​ហើយ ខណៈ​បណ្តា​មេដឹកនាំ​អឺរ៉ុប បាន​លើក​សំណើ​ឱ្យ​មាន​ការ​ដាក់​ពង្រាយ «កម្លាំង​ពហុ​ជាតិ​សាសន៍» ដើម្បី​តាមដាន​ការ​អនុវត្ត ទោះបី​ក្រៅ​ប្រទេស​អឺរ៉ុប​ក៏ដោយ។

លោក ត្រាំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​បាន​ពិភាក្សា​ល្អ​ណាស់​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី រួម​ទាំង​មេដឹកនាំ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ណាតូ។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ឯ​ការ​ចរចា​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ មេដឹកនាំ​អឺរ៉ុប បាន​ស្នើ​ឱ្យ​មាន​កងកម្លាំង​ជា​ផ្នែក​មួយ​នៃ «ការ​ធានា​សន្តិសុខ​រឹងមាំ» គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ដែល​មាន​បំណង​ធានា​ថា រុស្ស៊ី​នឹង​មិន​អាច​រំលោភ​លើ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​បាន​ឡើយ។

នេះ​ជា​ការ​កត់សម្គាល់​ដ៏​វិជ្ជមាន​នៅ​ពេល​ដែល​ប្រទេស​មហាអំណាច​ធំៗ​នៅ​អឺរ៉ុប បាន​ជួប​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប៊ែរឡាំង កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ជាមួយ​លោក ហ្សេឡេនស្គី ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​សង្គ្រាម។

នៅ​ក្នុង​ផែនការ​សន្តិភាព ២០​ចំណុច​របស់​លោក ត្រាំ មាន​បញ្ជាក់​ពី​ការ​ទុក​តំបន់​ដុនបាស់ ដែល​រុស្ស៊ី កំពុង​វាយ​កាន់កាប់ ជា​តំបន់​គ្មាន​កងទ័ព និង​ជា​ដែនដី​រដ្ឋបាល​ស្វយ័ត​ពី​រុស្ស៊ី និង​អ៊ុយក្រែន។ មាន​ន័យ​ថា ទាំង​រុស្ស៊ី និង​អ៊ុយក្រែន ពុំ​មាន​កងទ័ព កង​សន្តិសុខ​របស់​ខ្លួន​ឡើយ។ តែ​យ៉ាងណា អ្នក​សង្កេតការណ៍​យល់​ថា ទីក្រុង​មូស្គូ អាច​មិន​យល់ព្រម​ចំពោះ​ការ​ឱ្យ​រុស្ស៊ី ដក​ទ័ព​ចេញពី​តំបន់​ដុនបាស់។

តំបន់​ដុនបាស់ មាន​ខេត្ត​ចំណុះ​ពីរ គឺ​ខេត្ត​ដូណែត និង​ខេត្ត​លូហ្គាន់ ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។ តំបន់​នេះ​មាន​ផ្ទៃដី​ជាង ៥​ម៉ឺន ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ ដែល​រុស្ស៊ី បង្ក​សង្គ្រាម ដោយ​បង្កើត​កម្លាំង​ឧទ្ទាម​វាយ​យក​ជា​តំបន់​អបគមន៍​ពី​រដ្ឋាភិបាល​អ៊ុយក្រែន តាំងពី​ឆ្នាំ​២០១៤៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស