26.9 C
Phnom Penh

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​ថៃ មក​លើ​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កំពុង​រស់នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។

សមាគម​សំឡេង​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ និង​វត្ត​សាមគ្គី​រតនារ៉ាម ក្នុង​ទីក្រុង​តាកូម៉ា រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​ចេញ​ថ្លែងការណ៍​អំពី​ការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ថៃ នៅ​ថ្ងៃទី​១៨ ធ្នូ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​សកលលោក​ទាំងអស់ ចូលរួម​ក្នុង​មហា​បាតុកម្ម​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា។

ប្រភព​ដដែល​អះអាង​ថា មហា​បាតុកម្ម​នេះ​មិនមែន​ដើម្បី​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បី​បក្ស​នយោបាយ អង្គការ សមាគម​ណា​មួយ​ឡើយ គឺ​ដើម្បី​ជាតិ​ខ្មែរ​ទាំងមូល ដើម្បី​ប្រជាជន​ខ្មែរ​គ្រប់​រូប មិន​ថា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីណា ឬ​ប្រទេស​ណា​ឡើយ ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ ព្រោះ​ទឹកដី​ដែល​ថៃ ឈ្លានពាន​នេះ គឺជា​ទឹកដី​របស់​ជនជាតិ​ខ្មែរ​គ្រប់​គ្នា។

លិខិត​ដដែល​នេះ​បញ្ជាក់​ថា មហា​បាតុកម្ម​ប្រឆាំង​ថៃ ឈ្លានពាន​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង ១១ និង ០០​នាទី​ព្រឹក រហូត​ដល់​ម៉ោង ០៣ និង ០០​នាទី​រសៀល នៅ​វិមាន​រដ្ឋ​អូឡាំពារ ក្នុង​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

មហា​បាតុកម្ម​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​ប្រទេស​នានា​បាន​ក្រោក​ឡើង​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រទេស​ថៃ ជុំវិញ​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា នា​ពេលនេះ។

ចំណែក​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន Washington D.C. និង​ទីក្រុង Philadelphia មាន​គម្រោង​នាំគ្នា​ធ្វើ​ធម្មយាត្រា​សុំ​សុខ​សន្តិភាព​ខ្មែរ-ថៃ តាម​កាលបរិច្ឆេទ​ដូច​តទៅ៖

  • ទី​១ ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង New York ពី​ម៉ោង 12:00pm – 2:00pm
  • ទី​២ ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ Philadelphia ពី​ម៉ោង 1:00pm – 3:00pm
  • ទី​៣ ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ Washington, D.C ពី​ម៉ោង 1:00pm – 3:00pm

សមាគម​ព្រះសង្ឃ​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក អំពាវ​នាវ​ឱ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ចូលរួម​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស