រដ្ឋមន្ត្រីការពារជាតិថៃ អះអាងថា ថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាមួយនឹងកម្ពុជាឡើយ ប្រសិនបើលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ធ្នូ នេះ មិនស្របតាមគោលការណ៍ស្នូលទាំង ៥ របស់ថៃ ដែលបានត្រៀមលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។
កាសែតខៅស៊ុត របស់ថៃ រាយការណ៍សម្ដីរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាថាផន ណាក់ផានិត (Nattaphon Narkphanit) នៅថ្ងៃទី២៣ ធ្នូ នេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ក្នុងខេត្តចាន់បូរី ប្រទេសថៃ ប៉ុន្តែកិច្ចប្រជុំនេះ គឺស្ថិតនៅកម្រិតលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ប៉ុណ្ណោះ មិនមែនកម្រិតរដ្ឋមន្ត្រីការពារជាតិឡើយ។
ប្រភពដដែលលើកឡើងថា គោលការណ៍ទី១ ទាក់ទងនឹងឥរិយាបថរបស់កម្ពុជា ដែលបានបំពានលើអនុសញ្ញាអូតាវ៉ា ដោយផ្អែកលើចំណុចមួយចំនួន ដូចជា កម្ពុជាមានមីនប្រឆាំងមនុស្ស ការប្រើប្រាស់មីនប្រឆាំងមនុស្សដែលផលិតឡើងថ្មីៗ និងការបង្កប់មីនថ្មីបន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៦ ខែតុលា ជាដើម។
ចំណែកគោលការណ៍ទី២ គឺការប្រើប្រាស់ប្រាសាទបុរាណជាទីតាំងយោធា ដូចជា ប្រាសាទតាក្របី ប្រាសាទខ្នារ និងប្រាសាទព្រះវិហារ រីឯគោលការណ៍ទី៣ គឺការប្រើប្រាស់សហគមន៍ស៊ីវិលជាទីតាំងបាញ់ប្រហារមកលើកងទ័ពថៃ ហើយគោលការណ៍ទី៤ គឺការប្រើប្រាស់អគារស៊ីវិលជាទីតាំងយោធា ដោយឡែកគោលការណ៍ទី៥ គឺការប្រើប្រាស់ជនស៊ីវិលជាខែលការពារផងដែរ។
រដ្ឋមន្ត្រីការពារជាតិថៃ រូបនេះចោទថា កម្ពុជាបានប្រើប្រាស់ជនស៊ីវិលជាខែលការពារ ដើម្បីចោទប្រកាន់ប្រទេសថៃ ថាបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅពេលដែលមានមនុស្សស្លាប់ ឬរបួសកើតឡើង។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បន្ទាប់ពីមានការឯកភាពគ្នាជាឯកច្ឆន្ទក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២២ ខែធ្នូ ក្នុងបំណងផ្ទៀងផ្ទាត់បទឈប់បាញ់ និងដើម្បីស្ដារបទឈប់បាញ់ឡើងវិញ រួមទាំងការបញ្ឈប់សកម្មភាពអរិភាពនានាផងដែរ។
ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ ធ្នូ នេះថា ការចោទប្រកាន់របស់ភាគីថៃ អំពីបញ្ហាគ្រាប់មីនមកលើកម្ពុជា គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានរបស់ខ្លួនដែលកំពុងទម្លាក់គ្រាប់ក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា ប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា ថៃបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងយោធា រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ទៅលើសហគមន៍ស៊ីវិលក្នុងទឹកដីកម្ពុជា យ៉ាងព្រៃផ្សៃ។
អាជ្ញាធរមីនកម្ពុជា បញ្ជាក់ថា សកម្មភាពឈ្លានពានរបស់ថៃ ដ៏សាហាវយង់ឃ្នងនេះ បានបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួស រួមទាំងជនភៀសខ្លួនជាទ្រង់ទ្រាយធំ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអស់ជាច្រើនថែមទៀត ដូចជាផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ថ្នល់ និងអគារជាច្រើនផ្សេងទៀតផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ នេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថា កម្ពុជាបានត្រៀមគ្រប់មធ្យោបាយទាំងអស់ ទាំងទ្វេភាគី ពហុភាគី ឬការសម្របសម្រួលខាងក្រៅនោះទេ សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២៤ ធ្នូ នេះ សម្រាប់ដោះស្រាយបញ្ហា ដ្បិតកម្ពុជាមិនចង់ឱ្យសង្គ្រាមបន្តទៅមុខទៀតនោះទេ។
លោក ប្រាក់ សុខុន អះអាងថា ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាបានលើកសំណើឱ្យបញ្ឈប់ការប្រទូសរ៉ាយត្រឹមម៉ោង ១០យប់ ថ្ងៃទី២២ ខែធ្នូ ការវិលត្រឡប់ទៅរកការអនុវត្តបទឈប់បាញ់ ការវិលត្រឡប់មកវិញរបស់កម្លាំងយោធាទាំងសងខាង ទៅកាន់ទីតាំងដើមរៀងៗខ្លួន និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដោយមិនប្រើប្រាស់កម្លាំង និងដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ ដែលត្រូវបានថៃ ចាប់យកទៅដោយខុសច្បាប់ផងដែរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានលើកឡើងនៅថ្ងៃទី២៣ ធ្នូ នេះថា ជារឿងសំខាន់ណាស់ដែលភាគីទាំងពីរចូលរួមកិច្ចប្រជុំនៅថ្ងៃទី២៤ ខែធ្នូ ដោយឈរលើស្មារតីបញ្ចប់ជម្លោះនេះ។
លោក Stéphane Dujarric បញ្ជាក់ថា អង្គការសហប្រជាជាតិស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់អាស៊ាន និងតួនាទីដែលម៉ាឡេស៊ី បានបំពេញជាប្រធានអាស៊ាន និងតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការជួយឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ កាលពីចុងខែតុលា កន្លងទៅនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

