អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ទម្លាយថា ភាគីថៃ ប្រើរយៈពេល ៧២ម៉ោងដែលត្រូវបានកំណត់ជាពេលវេលានៃការគោរពបទឈប់បាញ់នេះ ទៅពង្រឹងស្ថានភាពកងទ័ពថៃ យ៉ាងសកម្ម ក្នុងនោះ ទាហានថៃ ក៏បានបាញ់សម្លាប់ទាហានកម្ពុជា មួយចំនួនផងដែរ ខណៈរដ្ឋការក្រុងភ្នំពេញមិនហ៊ានចោទថៃ ពីការល្មើសនឹងបទឈប់បាញ់នេះឡើយ។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ ធ្នូ នេះថា រយៈពេល ៧២ម៉ោងដែលត្រូវបានកំណត់ជារយៈពេលនៃការគោរពបទឈប់បាញ់ បែរជាទាហានថៃ មិនបានគោរពទៅវិញ ព្រោះក្នុងរយៈពេល ៣ថ្ងៃ ២យប់នេះ យោធាថៃ បានធ្វើសកម្មភាពយ៉ាងខ្លាំងតាមបណ្តោយព្រំដែនជាមួយកម្ពុជា។
ប្រភពដដែលលើកឡើងថា ថៃ បានប្រើពេលវេលានេះធ្វើបច្ចុប្បន្នភាពទាំងលើអាកាស និងលើដី ដូចជា ការធ្វើបច្ចុប្បន្នភាពផែនទី លេណដ្ឋាន និងការរៀបចំយន្តហោះចម្បាំងឡើងវិញ ជាដើម។ ជាក់ស្តែង លេណដ្ឋានដែលយោធាថៃ បានប្រើប្រាស់ គឺជាប្រភេទស៊ីម៉ងត៍ដែលចាក់ជាពុម្ពរួចជាស្រេចដើម្បីការពារពីការបាញ់ផ្លោងគ្រាប់រ៉ុក្កែត BM-21 ពីយោធាកម្ពុជា។
លោកបន្តថា ការសាងសង់លេណដ្ឋានទាំងនេះ មានន័យថា ថៃ នឹងមិនបញ្ឈប់សង្គ្រាមជាមួយកម្ពុជាទេ។
លោក សុខ សុគន្ធ បញ្ជាក់ថា ការរៀបចំរបស់ថៃ ក្នុងរយៈពេល ៧២ម៉ោងនេះ គឺមានផែនការវាយលុកកម្ពុជា ដើម្បីកុំឱ្យយោធាកម្ពុជា អាចផ្តុំ BM-21 វាយប្រហារលើកងទ័ពថៃ ដូចមុន ដូច្នេះបើថៃ វាយប្រហារលើកទី៣ លើកម្ពុជា នោះប្រហែលជាមានប្រសិទ្ធភាពខ្ពស់ជាងមុន។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជារូបនេះ គូសបញ្ជាក់ថា ក្រោយការប្រយុទ្ធគ្នាលើកទី២ នេះ ថៃបានរកឃើញវិធីបំផ្លាញអាវុធប្រភេទគ្រាប់រ៉ុក្កែត BM-21 របស់កម្ពុជា ដោយមិនចាំរហូតដល់អាវុធទាំងនេះចូលទៅក្បែរព្រំដែនដូចមុនឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរយៈពេលនៃបទឈប់បាញ់ ៧២ម៉ោងបានផុតកំណត់ត្រឹមម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃទី៣០ ខែធ្នូ នេះ ប៉ុន្តែកម្ពុជា អះអាងថា ភាគីថៃ មិនបានគោរពបទឈប់បាញ់នេះឡើយ។
ទាក់ទងនឹងការអះអាងនេះ ភាគីថៃ និយាយផ្សេង។ តាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ និងសារព័ត៌មានមួយចំនួនរបស់ថៃ ដូចជា The Nation បាងកកប៉ុស្តិ៍ ខៅស៊ុត ជាដើម បានរាយការណ៍សម្ដីអ្នកនាំពាក្យយោធភូមិភាគទី២ ថៃ នៅថ្ងៃទី៣០ ធ្នូ នេះថា បទឈប់បាញ់តាមបណ្តោយព្រំដែនថៃ-កម្ពុជា កំពុងអនុវត្តបានយ៉ាងល្អ ព្រោះមិនមានការបាញ់ប្រហារដោយអាវុធធុនធ្ងន់រវាងភាគីទាំងពីរឡើយ ប៉ុន្តែថៃ បានរកឃើញសកម្មភាពយោធាខាងប្រទេសកម្ពុជាក្នុងតំបន់ជាច្រើន ជាពិសេសការផ្គត់ផ្គង់សម្ភារៈ និងការប្រើដ្រូនសម្រាប់ស៊ើបការណ៍ចំនួន ២៥០គ្រឿងរំលោភដែនអាកាសថៃ។
ប្រភពដដែលចោទថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏ភាគីកម្ពុជា បានបង្កើនការប្រើប្រាស់យានអាកាសគ្មានមនុស្សបើកប្រមាណជា ៩០គ្រឿង នៅតាមតំបន់សំខាន់ៗដើម្បីស៊ើបការណ៍ និងដើម្បីតាមដានការផ្លាស់ទី និងទីតាំងកងទ័ពថៃ នៅតំបន់មួយចំនួនដែរ ដូចជា ខេត្តសុរិន្ទ និងខេត្តបូរីរាំ ជាដើម។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ធ្នូ នេះ ដោយបដិសេធទាំងស្រុង។ អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ ដែលថាខ្លួនរកឃើញយានគ្មានមនុស្សបើក (UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជា ចូលរំលោភក្នុងដែនអធិបតេយ្យរបស់ថៃ គឺជាការប្រតិដ្ឋដើម្បីចោទប្រកាន់លើប្រទេសកម្ពុជាតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ (GBC) បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយមាន ១៦ចំណុច ដោយប្រកាសឱ្យមានបទឈប់បាញ់គ្នាក្នុងរយៈពេល ៧២ម៉ោង គិតចាប់ពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ដល់វេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ទោះជាយ៉ាងណា មុនកិច្ចចរចាឱ្យមានបទឈប់បាញ់គ្នាចូលធរមានបញ្ញត្តិ យន្តហោះចម្បាំងថៃ F-16 ទម្លាក់គ្រាប់បែកលើអគារកាស៊ីណូតាមព្រំដែន ដែលគេចោទថាជាកន្លែងប្រើជាបញ្ជាការដ្ឋានបង្ហោះដ្រូន និងស្តុកអាវុធ។
លិខិតដដែលបញ្ជាក់ថា ប្រសិនបើការអនុវត្តបទឈប់បាញ់នេះមានប្រសិទ្ធភាពក្នុងរយៈពេល ៧២ម៉ោងនេះ ទាហានកម្ពុជា ទាំង ១៨នាក់ ក៏នឹងត្រូវបានដោះលែងឱ្យទៅប្រទេសកម្ពុជា វិញ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ។ ភាគីថៃ និយាយថា គេត្រូវពិចារណាអំពីការដោះលែងទាហានខ្មែរ ១៨នាក់ឡើងវិញ ពីព្រោះមានការបំពានដែនអាកាសថៃ ពីកងទ័ពខ្មែរ។
មានពលរដ្ឋខ្មែរលេងហ្វេសប៊ុកមួយចំនួនបានថ្កោលទោសមេដឹកនាំខ្មែរ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថាធ្វើចម្បាំងឲ្យបាត់ដីទៅខាងថៃ ព្រោះថាប្រជាពលរដ្ឋខ្មែរដែលភៀសសឹកមិនអាចវិលត្រឡប់ទៅលំនៅភូមិឋានចាស់ ដោយសារទាហានថៃ កាន់កាប់ថាជាទឹកដីរបស់គេ។
យ៉ាងណាក៏ដោយ អភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ ធ្នូ នេះដែរថា គិតចាប់ពីម៉ោង ១២:២០ថ្ងៃត្រង់ទី៣០ ធ្នូ នេះ អាជ្ញាធរកម្ពុជា មិនទាន់ទទួលបានព័ត៌មានពីយុទ្ធជនទាំង ១៨រូបនោះនៅឡើយទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

