យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រជាជនអ៊ីរ៉ង់ បានចេញតាមដងផ្លូវនៅក្នុងទីក្រុងយ៉ាងហោចណាស់ ១១១ទីក្រុង នៅទូទាំងខេត្តចំនួន ៣១ ដែលជាការផ្ទុះការតវ៉ាផ្ដើមពីការប្រឆាំងការរំលំសេដ្ឋកិច្ចឈានដល់ការតវ៉ាទម្លាក់របបដឹកនាំនៃរដ្ឋាភិបាលសាធារណរដ្ឋឥស្លាម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍អំពីការតវ៉ាលើកដំបូងនៅក្នុងទីក្រុងមួយចំនួននៅក្នុងខេត្តអ៊ីឡាំ កាលពីល្ងាចថ្ងៃពុធ ហើយចូលដល់ថ្ងៃព្រហស្បតិ៍ ទី៨ មករា គឺជាថ្ងៃទី១២ នៃការផ្ទុះបាតុកម្មដ៏មហាធំធេងនៃប្រជាជនក្នុងប្រទេសមានប្រជាជនជាង ៨០លាននាក់។
ភាពចលាចលបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅពេលដែលប្រាក់រីយ៉ាល់អ៊ីរ៉ង់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ធៀបនឹងប្រាក់ដុល្លារអាមេរិក។ អាជ្ញាធរបានព្យាយាមប្រើវិធីសាស្ត្រពីរយ៉ាង ដើម្បីបន្ថយកំហឹងរបស់អ្នកតវ៉ា គឺទទួលស្គាល់វិបត្តិសេដ្ឋកិច្ច និងផ្តល់ការសន្ទនាជាមួយក្រុមបាតុករ ខណៈការផ្ទុះការប្រឆាំងរដ្ឋាភិបាលកាន់តែខ្លាំង និងក៏ផ្ទុះហិង្សាវាយបកវិញលើកម្លាំងសន្តិសុខ។
រដ្ឋាភិបាលអ៊ីរ៉ង់ នៅក្រោមការដឹកនាំរបស់សង្គ្រាជឥស្លាម Ayatollah Ali Khamenei បានចោទប្រកាន់មហាអំណាចបរទេសថាជាអ្នកជំរុញឱ្យមានការតវ៉ា ជាពិសេសចោទទៅលើរដ្ឋការលោក ដូណាល់ ត្រាំ។
ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលអ៊ីរ៉ង់ ទទួលស្គាល់ការទាមទារពីអ្នកតវ៉ា តែស្របពេលជាមួយគ្នានេះ ក៏បានព្រមានប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសផងដែរ។
តាមប្រភពព័ត៌មានសកម្មជនសិទ្ធិមនុស្សដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាឱ្យកងទ័ពសន្តិសុខកុំវាយប្រហារដៅទៅលើក្រុមបាតុករដោយសន្តិវិធី ខណៈដែលអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ៣៨នាក់។
ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលទទួលរបាយការណ៍ពីបណ្ដាញសកម្មជនរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានកត់ត្រាថា កងទ័ពសន្តិសុខព្យាយាមបំបែកក្រុមបាតុករដោយប្រើកាំភ្លើងបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែកវាយប្រហារលើបាតុករ។
កាលពីថ្ងៃពុធ សង្គ្រាជ Ayatollah Ali Khamenei ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាកំពុងរុញរលកកំហឹងប្រជាជនជាមួយនឹងការបញ្ជូនចារកម្មចូលក្នុងហ្វូងបាតុករ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសបរទេសថាជាអ្នកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបានព្យាយាមញុះញង់អំពើហិង្សា និងភាពចលាចលនៅក្នុងទីក្រុងតេហេរ៉ង់។
លោក Ayatollah Ahmad Jannati លេខាធិការក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់ បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះការប្រើភាសាអាណិតអាសូរប្រជាជនអ៊ីរ៉ង់ តែជាការពិត រុញប្រជាជនអ៊ីរ៉ង់ ឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធជាមួយកងសន្តិសុខរបស់ខ្លួនទៅវិញ។
សេដ្ឋកិច្ចអ៊ីរ៉ង់ កំពុងស្ថិតនៅក្រោមសម្ពាធជាបន្តបន្ទាប់ដោយសារទណ្ឌកម្មអន្តរជាតិ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ជាមួយនឹងការហក់ឡើងតម្លៃទំនិញលើទីផ្សារ បានធ្វើឱ្យប្រាក់អ៊ីរ៉ង់បាត់បង់តម្លៃជាងមួយភាគបីធៀបនឹងប្រាក់ដុល្លារ ខណៈដែលទិន្នន័យផ្លូវការបង្ហាញថា អតិផរណាប្រចាំឆ្នាំលើសពី ៥០ភាគរយ គឺជាការទាញសញ្ញាអាសន្នថាសេដ្ឋកិច្ចអ៊ីរ៉ង់ ជិតក្រឡាប់ហើយ។
ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅពេលនេះ បានបង្ហាញការគាំទ្រចំពោះការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទីក្រុងវ៉ាស៊ីនតោន គំរាមអន្តរាគមន៍ ប្រសិនបើរដ្ឋអំណាចនៅទីក្រុងតេហេរ៉ង់ បង្ក្រាបបាតុកម្មដោយបាញ់សម្លាប់បាតុករគ្មានត្រាប្រណី។
កាលពីសប្តាហ៍មុន លោក ត្រាំ បានព្រមានថា លោកកំពុងតាមដានយ៉ាងដិតដល់ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ ចាប់ផ្តើមសម្លាប់មនុស្សដូចដែលពួកគេធ្លាប់ធ្វើកាលពីអតីតកាល លោក ត្រាំ ព្រមានថា សហរដ្ឋអាមេរិកត្រូវចូលជួយបាតុករ។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានសម្ដែងសាមគ្គីភាពជាមួយក្រុមបាតុករអ៊ីរ៉ង់។
របបដឹកនាំបែបធម្មាធិបតេយ្យ ដែលលោកខាងលិចចាត់ទុកជារបបផ្ដាច់ការបន្តពីបដិវត្តន៍ផ្តួលរបបសេរីនិយមនៃស្តេច ស្ហា ព្រះចៅ Muhammad Reza Pahlavi នាឆ្នាំ១៩៧៩ ក្រោមមេដឹកនាំមានគោរមងារថា Ayatollah ឬប្រែថា អច្ឆរិយបុគ្គល គឺពី Ayatollah Rohulllah Khmomeini ដល់ Ayatollah Ali Khamenei មានអាយុកាល ៤៦ឆ្នាំ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

