32 C
Phnom Penh

លោក ម៉ែន គឹមសេង ចាត់ទុក​រដ្ឋមន្ត្រី​ការបរទេស​ថៃ ពី​អ្នកជំនាញ​ការទូត​ក្លាយ​ជា​អ្នកជំនាញ​ភូត​ប្រចាំ​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សារព័ត៌មាន​ខ្មែរ​នៅ​ក្រៅ​ប្រទេស ចាត់ទុក​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ FRANCE 24 កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ ដោយ​ចោទ​ថា​ជា​សម្ដី​ភូត​កុហក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ពី​អ្នកជំនាញ​ការទូត​ប្រទេស​ថៃ បាន​ក្លាយ​ជា​អ្នកជំនាញ​ខាង​ភូត​ប្រចាំ​ប្រទេស​ថៃ ទៅវិញ។

លោក ម៉ែន គឹមសេង លើកឡើង​ថា អ្នក​សារព័ត៌មាន​នៃ​ទូរទស្សន៍​បារាំង France 24 បាន​បកអាក្រាត​ល្បិចកល​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ រូប​នេះ​គ្មាន​សល់​ជុំវិញ​ការ​សាកសួរ​អំពី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ ដែល​ធ្វើ​ឱ្យ​លោក ស៊ីហាសាក់ ភួងកេតកែវ ប្រែ​ក្លាយ​ពី​អ្នកជំនាញ​ការទូត មក​ជា​អ្នកជំនាញ​ខាង​ភូត​វិញ។

ប៉ុន្តែ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​ថៃ ប្រាប់​ពិភពលោក​ថា លោក​មាន​ភារកិច្ច​ត្រូវតែ​បកស្រាយ​បំភ្លឺ​ការពិត។

ទូរទស្សន៍​បារាំង France 24 កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បាន​ផ្សព្វផ្សាយ​បទសម្ភាសន៍​របស់​ខ្លួន​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ លើ​បណ្ដាញ YouTube របស់​ខ្លួន។

ក្នុង​បទសម្ភាសន៍​ប្រវែង​ជាង ១១​នាទី (១១,២៤​នាទី) ក្រោយ​ការ​ចោទ​សួរ​ដដែលៗ​ពាក់ព័ន្ធ​នឹង​យោធា​ថៃ កាន់កាប់​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា ដោយ​ការ​ដាក់​ទូ​កុងតឺន័រ និង​របង​លួស​បន្លា​លើ​ទីតាំង​ដែល​ថៃ ធ្លាប់​ទទួលស្គាល់​ថា​ជា​របស់​កម្ពុជា​តាំងពី​យូរ​មក​ហើយ​នោះ លោក ស៊ីហាសាក់ ភួងកេតកែវ ឆ្លើយ​ថា តំបន់​ទាំងនេះ គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ ហើយ​គឺជា​តំបន់​ដែល​ប្រទេស​កម្ពុជា បាន​បំពាន​យក​អស់​រយៈពេល​ជា​យូរ​មក​ហើយ តាំងពី​សម័យ​ជម្លោះ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ជនភៀសខ្លួន​ខ្មែរ​បាន​ចូល​ទៅ​រស់នៅ​ក្នុង​ប្រទេស​ថៃ នោះ។

រដ្ឋមន្ត្រី​ការបរទេស​ថៃ រូប​នេះ​អះអាង​ថា ការ​ចូល​ទៅ​កាន់កាប់​នៅ​តំបន់​ទាំងនោះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​កងទ័ព​ថៃ ត្រូវ​ស្ថិត​នៅ​នឹង​កន្លែង​ដែល​ខ្លួន​ឈរជើង នៅ​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន។

ចំណែកឯ​កាសែត​អាមេរិកាំង The New York Times ផ្សាយ​បទ​វិចារណកថា​កាលពី​ថ្ងៃទី​២០ កុម្ភៈ ដោយ​ដាក់​ចំណងជើង​ថា «តាម​ការ​ស៊ើបអង្កេត​ថ្មី គឺ​រក​ឃើញ​ថា ថៃ​រំលោភបំពាន​លើ​ច្បាប់​អន្តរជាតិ» ខណៈ​សង្គ្រាម​ជាមួយ​កម្ពុជា ក៏​ត្រូវ​បាន​រក​ឃើញ​ថា ថៃ​បាន​ប្រើ​ជា​ល្បែង​នយោបាយ​សម្រាប់​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​កាលពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ​ផង​ដែរ។

យ៉ាងណាមិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ យោធា​ថៃ នៃ​យោធភូមិភាគ​ទី​២ ប្រាប់​កាសែត​ថា ទាហាន​ខ្មែរ​បាន​បាញ់​គ្រាប់​រ៉ុក្កែត ៤០​មិល្លីម៉ែត្រ ឬ M79 ទៅ​លើ​ទាហាន​ថៃ ៨​នាក់​ដើរ​ល្បាត​តាម​ព្រំដែន​ក្នុង​ដី​ថៃ ចម្ងាយ ២​គីឡូម៉ែត្រ​ពី​ភូមិ​ផ្លាន ហ៊ិន ប៉ែតកន ស្រុក​កន្ថារ៉ាឡាក់ ខេត្ត​ស៊ីសាកេត ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មាន​ទាហាន​ស្លាប់ ឬ​របួស​ទេ។ ទាហាន​ថៃ បាន​បាញ់​តប​វិញ​ក្នុង​ទ្រង់ទ្រាយ​ដូច​គ្នា ដើម្បី​បញ្ឈប់​សកម្មភាព​បាញ់​ផ្តក់​បែប​នោះ​តទៅទៀត។ យោធភូមិភាគ​ទី​២ ថៃ ប្រាប់​កាសែត​ថា ទាហាន​ខ្មែរ​បង្ហាញ​ទម្លាប់​ធ្វើ​អ៊ីចឹង​ពី​មុន​ពីរ​លើក​ហើយ។

មួយ​ថ្ងៃ​មុន នាយ​ទាហាន​ជាន់ខ្ពស់​អាមេរិកាំង ឧត្ដមសេនីយ៍ឯក (Lt. Gen.) កងទ័ព​ជើងគោក Matthew Mc Farlane បាន​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ Pana Klaewplodtook ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក និង​ការ​ប្រគល់​អំណោយ​រថពាសដែក​កង់​កៅស៊ូ​ប្រភេទ Stryker ចំនួន ១៧​គ្រឿង សម្រាប់​គាំទ្រ​ប្រតិបត្តិការ​ថ្នាក់​កងពលតូច​ថ្មើរជើង។

រថពាសដែក Stryker ប្រើប្រាស់​ដោយ​កងទ័ព​ជើងគោក​អាមេរិកាំង ដែល​មួយ​គ្រឿង​តម្លៃ ៥​លាន ៥​សែន​ដុល្លារ រត់​ល្បឿន ៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ក្នុង​ស្ថានការណ៍​ពង្រាយ​កម្លាំង​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​សឹក​បន្ទាន់​ភ្លាមៗ៕

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​បារាំង France 24 ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​បារាំង France 24 ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស