32.7 C
Phnom Penh

ក្រសួង​ការបរទេស​កម្ពុជា​នាំ​អង្គទូត​ទៅ​មើល​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដែល​ថា​ថៃ​យក​ដី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅតែ​បន្ត​ពោល​ចោទប្រកាន់​យោធា​ថៃ ថា​បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ចំនួន ៣​តំបន់ ដែល​មាន ២០​ទីតាំង ដោយ​ដាក់​ពង្រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ​ជាង ១០០​ទូ (១០៥​ទូ) ដែល​គិត​ជា​ផ្ទៃដី​សរុប​ជិត ៨០០​ហិកតា (៧៦៣​ហិកតា)។

កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នកស្រី អ៊ាត សោភា រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការបរទេស​កម្ពុជា បាន​នាំ​អង្គទូត និង​តំណាង​ភ្នាក់ងារ​អង្គការ​អន្តរជាតិ​ប្រចាំ​កម្ពុជា ចុះ​ពិនិត្យ​ទីតាំង​នៅ​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ និង​តំបន់​បឹងត្រកួន ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​កងទ័ព​ថៃ បាន​កាន់កាប់​ដោយ​អាវុធ ហើយ​បន្ត​ដាក់​ពង្រាយ​ទូ​កុងតឺន័រ និង​លួស​បន្លា​រហូត​មក​នោះ។

ក្រសួង​ការបរទេស បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទាំងអស់​តាម​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​ពាក់ព័ន្ធ ព្រមទាំង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ។

ភាគី​ថៃ ក៏​និយាយ​ថា​ចង់បាន​ដូច​គ្នា​ដូច​ដែល​រដ្ឋមន្ត្រី​កិច្ចការ​បរទេស ស៊ីហាសាក់ ភួងកេតកែវ ប្រាប់​ពិភពលោក​ក្នុង​កិច្ចសម្ភាសន៍​ថា ការ​ចរចា​គ្នា​នៅ​មាន​ច្រក​នៅឡើយ ប៉ុន្តែ​គេ​មិន​អាច​ចរចា​គ្នា​ក្នុង​ស្ថានភាព​មាន​ការ​ដាក់​សម្ពាធ​នោះ​ទេ។

គណបក្ស​ប្រឆាំង​អះអាង​ក្រោយ​សង្គ្រាម ២១​ថ្ងៃ ថា​ថៃ​បាន​កាន់កាប់​ទឹកដី​កម្ពុជា​ទាំង​ខុស​ច្បាប់​ជាង ៤០​តំបន់ (៤៥)​តំបន់ ដោយ​ការ​ដាក់​ពង្រាយ​លួស​បន្លា ទូ​កុងតឺន័រ ជីក​ប្រឡាយ ជីក​លេណដ្ឋាន និង​ធ្វើ​សកម្មភាព​ជាច្រើន​ផ្សេង​ទៀត៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស