អ្នកឃ្លាំមើលសង្គមសម្ដែងការព្រួយបារម្ភពីសន្តិភាពរបស់កម្ពុជា បន្ទាប់ពីត្រូវបានប្រទេសថៃ យកសន្តិភាពមកដាក់លើតុ បង្ខំឱ្យកម្ពុជាបញ្ចប់ជម្លោះព្រំដែនជាមួយខ្លួន ដែលជាទង្វើគំរាមកំហែងមកលើកម្ពុជា។
អ្នកផ្តល់ប្រឹក្សាយោបល់ខាងផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មីនា នេះថា សន្តិភាពមិនអាចមានន័យបានឡើយសម្រាប់ប្រទេសកម្ពុជា ប្រសិនបើមានការបង្កហេតុ ឬការគំរាមដោយប្រើកម្លាំងពីប្រទេសថៃ នោះ ព្រោះសន្តិភាពពិតប្រាកដមិនអាចស្ថិតក្រោមសកម្មភាពណាដែលអាចនាំទៅរកជម្លោះ ឬរំលោភអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជានោះទេ។
លោក សេក សុជាតិ លើកឡើងថា ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយស្មើភាព ត្រឹមត្រូវ និងយុត្តិធម៌ ភាគីថៃ ត្រូវបញ្ឈប់សកម្មភាពបង្កហេតុ និងការគំរាមប្រើកម្លាំងមកលើកម្ពុជាបន្តទៀត ដោយភាគីទាំងពីរបើកការចរចាទ្វេភាគីតាមយន្តការដែលមានស្រាប់ ខណៈភាគីថៃ ក៏ត្រូវបញ្ឈប់ប្រើលេសផ្សេងៗដែលនាំទៅភាពតានតឹងផងដែរ។
ជាងនេះទៀត ភាគីទាំងសងខាងត្រូវប្រើយន្តការទំនាក់ទំនងបន្ទាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT “Hotline” និងក្រុមការងារពិនិត្យការពិតរួម ដើម្បីទប់ស្កាត់ការយល់ច្រឡំ និងហេតុការណ៍ចៃដន្យណាមួយ ព្រមទាំងប្រើយន្តការអាស៊ាន ឬភាគីទីបីជាអព្យាក្រឹតផងដែរ បើស្ថិតក្នុងករណីចាំបាច់ និងបន្ទាន់ណាមួយនោះ។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជារូបនេះ អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់គោរពច្បាប់អន្តរជាតិ រក្សាភាពអត់ធ្មត់ និងរួមចំណែករក្សាសន្តិភាពពិតប្រាកដ ដើម្បីសុវត្ថិភាព និងអនាគតល្អរបស់ប្រជាជនប្រទេសទាំងពីរ ព្រោះការគំរាមរបស់ភាគីថៃ ដែលបង្ខំឱ្យកម្ពុជាទទួលយកសន្តិភាពក្រោមការគំរាមកំហែងនោះ ទាំងពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជា សុទ្ធតែមិនអាចទទួលយកបានឡើយ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កាសែតថៃ The Nation បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ដោយគំរាមថា តើកម្ពុជាចង់បានសន្តិភាព ឬចង់ឈ្លោះគ្នាជាមួយថៃ បន្តទៀត ទើបកម្ពុជារុញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរមកលើឆាកអន្តរជាតិបែបនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ រូបនេះ បានបដិសេធការចោទប្រកាន់ដែលថា ថៃកំពុងកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់ ដោយលោកអះអាងថា តាមការពិត គឺភាគីទាំងពីរបានយល់ព្រមឲ្យកងទ័ពនៅទីតាំងដដែលក្នុងពេលមានបទឈប់បាញ់ ដើម្បីរង់ចាំការដោះស្រាយតាមការចរចាទ្វេភាគីនោះ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា វត្តមានកងកម្លាំងថៃ នៅទឹកដីកម្ពុជា បានប៉ះពាល់ដល់ពលរដ្ឋខ្មែរយ៉ាងខ្លាំង។
លោក ប្រាក់ សុខុន បញ្ជាក់ថា វត្តមានរបស់កងកម្លាំងថៃ លើទឹកដីខ្មែរនេះ គឺជាឧបសគ្គដ៏ចម្បងចំពោះការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់លំនៅឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ហើយទង្វើរបស់ថៃ បែបនេះ ក៏កំពុងរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជាដែរ ដោយសារការបង្កសង្គ្រាមឈ្លានពានកាន់កាប់យ៉ាងជ្រៅចូលក្នុងទឹកដីកម្ពុជាសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់អង្គទូត និងអង្គការអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា យោធាថៃ បានរាយលួសបន្លាព័ទ្ធយកដីខ្មែរក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៣តំបន់ ដែលមាន ២០ទីតាំង ដោយដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រជាង ១០០ទូ (១០៥ទូ) ដែលគិតជាផ្ទៃដីសរុបទំហំជិត ៨០០ហិកតា (៧៦៣ហិកតា)៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

