30.7 C
Phnom Penh

តើ​តួអង្គ​ណា​ខ្លះ​ដែល​រុញ​ឱ្យ​ផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុត សង្គ្រាម​ដ៏​ធំ និង​គ្រោះថ្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា ត្រូវ​បាន​ផ្ទុះ​ឡើង​មែន។ អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយប្រហារ​ប្រឆាំង​នឹង​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ បន្ទាប់ពី​ភាព​តានតឹង​បាន​កើន​ឡើង​ដោយសារ​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ បាន​ធ្លាក់​ក្នុង​ភាព​បរាជ័យ​ជាបន្តបន្ទាប់ ព្រោះ​អ៊ីរ៉ង់​មិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​កម្មវិធី​មីស៊ីល​ផ្លោង​ទៅ​តាម​លក្ខខណ្ឌ​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​ស្ថានភាព​ដែល​សង្គ្រាម​កំពុង​ក្ដៅ​គគុក​នេះ មជ្ឈដ្ឋាន​ជាច្រើន​បាន​សម្លឹង​ឃើញ​តួអង្គ​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​តួអង្គ​ផ្សេង​ទៀត នោះ​គឺ​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​ព្យាយាម​បង្ហាញ​ខ្លួន​ជា​អ្នក​ជំរុញ​សន្តិភាព​ពិភពលោក ប៉ុន្តែ​បាន​ប្រកាន់​ជំហរ​យ៉ាង​តឹងរ៉ឹង​ដោយ​បាន​សហការ​គ្នា​ជាមួយ​អ៊ីស្រាអែល បើក​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋបាល​របស់​លោក ត្រាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​គាំទ្រ​កង​កម្លាំង​យោធា​អ៊ីស្រាអែល និង​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​លើ​គោលដៅ​យុទ្ធសាស្ត្រ​របស់​អ៊ីរ៉ង់ រួម​ទាំង​ទីតាំង​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ។

អំឡុង​ពេល​ការ​តវ៉ា​ដ៏​ធំ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​អ៊ីរ៉ង់ កាលពី​ខែ​មករា ឆ្នាំ​២០២៦ លោក ត្រាំ ក៏បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក​នឹង​ឆ្លើយតប “យ៉ាង​ខ្លាំង” ប្រសិនបើ​អាជ្ញាធរ​អ៊ីរ៉ង់ ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ប្រឆាំង​ពលរដ្ឋ​របស់​ខ្លួន​ដោយ​សម្លាប់​ប្រជាជន​ខ្លួនឯង។

នៅ​ក្នុង​អាណត្តិ​ដំបូង​របស់​លោក ត្រាំ ត្រូវ​បាន​គេ​ដឹង​ថា​បាន​អនុវត្ត​នូវ​គោលនយោបាយ​ដាក់​សម្ពាធ​សេដ្ឋកិច្ច និង​ការទូត​លើ​អ៊ីរ៉ង់ ជា​អតិបរមា តាមរយៈ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដើម្បី​បង្ខំ​ឱ្យ​ទីក្រុង​តេហេរ៉ង់ កាត់បន្ថយ​ឥទ្ធិពល​ក្នុង​តំបន់ ក៏ដូចជា​ការ​ពិចារណា​ឡើងវិញ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

នៅ​ឆ្នាំ​២០១៨ លោក ដូណាល់ ត្រាំ (Donald Trump) បាន​សម្រេច​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ជាមួយ​អ៊ីរ៉ង់ ដែល​គេ​ស្គាល់​ថា Joint Comprehensive Plan of Action (JCPOA)។ កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់​នូវ​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​ទីក្រុង​តេហេរ៉ង់ ជា​ថ្នូរ​នឹង​ការ​កំណត់​សកម្មភាព​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ការ​ដក​ខ្លួន​របស់​ទីក្រុង​វ៉ាស៊ីនតោន បាន​នាំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​យ៉ាង​តឹងរ៉ឹង និង​បង្កើន​ភាព​តានតឹង​យោធា​រវាង​ប្រទេស​ទាំង​ពីរ។

ប្រទេស​លោកខាងលិច និង​អ៊ីស្រាអែល បាន​ចោទប្រកាន់​អ៊ីរ៉ង់ ថា​កំពុង​ព្យាយាម​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ខណៈ​ដែល​អ៊ីរ៉ង់ បន្ត​អះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលបំណង​ស៊ីវិល ដូចជា​ការ​ផលិត​ថាមពល និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។

ទោះជាយ៉ាងណា បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង គេ​សង្កេត​ឃើញ​អ៊ីរ៉ង់ បាន​បង្កើន​កម្រិត​បំប្លែង​សារធាតុ​អ៊ុយរ៉ាញ៉ូម និង​ពង្រីក​កម្មវិធី​មីស៊ីល​ផ្លោង​របស់​ខ្លួន ដែល​បាន​បង្ក​ការ​ព្រួយបារម្ភ​ខ្លាំង​នៅ​តំបន់​មជ្ឈិមបូព៌ា។

ភាព​តានតឹង​នេះ បាន​ក្លាយ​ជា​មូលហេតុ​សំខាន់​មួយ​នាំ​ទី​រក​ការ​ប្រឈមមុខ​យោធា​ចុងក្រោយ ខណៈ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ប្រឆាំង​អ៊ីរ៉ង់ បន្ទាប់ពី​ការ​ចរចា​បរាជ័យ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​របប​សាធារណរដ្ឋ​អ៊ីស្លាម។

ខណៈ​ដែល​ប្រទេស​លោកខាងលិច និង​អ៊ីស្រាអែល ចោទប្រកាន់​ថា​អ៊ីរ៉ង់​កំពុង​ព្យាយាម​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ទីក្រុង​តេហេរ៉ង់ វិញ បាន​បន្ត​អះអាង​ជាបន្តបន្ទាប់​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលបំណង​ស៊ីវិល​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា អ៊ីរ៉ង់​បាន​បង្កើន​កម្រិត​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត​ដែល​ត្រូវការ​សម្រាប់​ការ​ប្រើប្រាស់​ស៊ីវិល និង​បាន​អភិវឌ្ឍ​កម្មវិធី​មីស៊ីល​ផ្លោង​ដ៏​ធំ​មួយ ដែល​បង្ក​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

កាលពី​ខែ​កុម្ភៈ លោក ដូណាល់ ត្រាំ (Donald Trump) បាន​ព្យាយាម​បើក​ការ​ចរចា​ឡើងវិញ​ជាមួយ​អ៊ីរ៉ង់ ខណៈ​ដែល​នៅ​ពេល​ដូច​គ្នា​នោះ ក៏​បន្ត​បង្កើន​សម្ពាធ និង​ការ​ព្រមាន​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​យោធា​ទៅ​លើ​ទីក្រុង​តេហេរ៉ង់ ផង​ដែរ។

យ៉ាងណា តួអង្គ​ទី​ពីរ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សារសំខាន់ ជា​ដើមហេតុ​ធ្វើ​ឱ្យ​សង្គ្រាម​ផ្ទុះ​ឡើង នោះ​គឺ​លោក Ali Khamenei។ លោក Ali Khamenei គឺជា​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ មាន​អាយុ ៨៦​ឆ្នាំ ដែល​បាន​ដឹកនាំ​ប្រទេស​ចាប់តាំងពី​ឆ្នាំ​១៩៨៩ ហើយ​លោក​ត្រូវ​បាន​គេ​ដឹង​ថា​មាន​អំណាច​សម្រេច​ចុងក្រោយ​លើ​គោលនយោបាយ​រដ្ឋ​សំខាន់ៗ​ទាំងអស់។

លោក Ali Khamenei បាន​គាំទ្រ​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ដោយ​អះអាង​ថា​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម គឺជា​សិទ្ធិ​អធិបតេយ្យភាព​របស់​អ៊ីរ៉ង់។

ក្រោម​ការ​ដឹកនាំ​របស់​លោក Ali Khamenei ឥទ្ធិពល​របស់​អ៊ីរ៉ង់ បាន​ពង្រីក​ទៅ​កាន់​ប្រទេស​ជាច្រើន ដូចជា ទៅ​ប្រទេស​លីបង់ ស៊ីរី អ៊ីរ៉ាក់ និង​យេមែន តាមរយៈ​ការ​គាំទ្រ​ក្រុម​សម្ពន្ធមិត្ត និង​ក្រុម​ប្រដាប់​អាវុធ រួម​មាន Hezbollah និង Hamas ដែល​អ៊ីស្រាអែល ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​សន្តិសុខ​ធ្ងន់ធ្ងរ​របស់​ខ្លួន។

ក្នុង​អំឡុង​ការ​ចរចា​នុយក្លេអ៊ែរ​ឆ្នាំ​២០២៥ លោក Ali Khamenei បាន​បង្ហាញ​ការ​សង្ស័យ​ចំពោះ​ការទូត​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​អះអាង​ថា បញ្ហា​របស់​អ៊ីរ៉ង់ គួរតែ​ដោះស្រាយ​ដោយ​ខ្លួនឯង មិនមែន​ពឹង​ផ្អែក​លើ​កិច្ចព្រមព្រៀង​ក្រៅ​ប្រទេស​នោះ​ទេ។ មុន​ការ​ផ្ទុះ​សង្គ្រាម ខណៈ​ការ​ចរចា​កំពុង​ត្រូវ​បាន​បន្ត លោក Ali Khamenei បាន​ព្រមាន​ថា អ៊ីរ៉ង់​មាន​សមត្ថភាព​វាយប្រហារ​នាវាចម្បាំង​អាមេរិក ប្រសិនបើ​អាមេរិក​ប្រើប្រាស់​កម្លាំង​យោធា​វាយប្រហារ​មក​លើ​ខ្លួន។

លោក Ali Khamenei បាន​បដិសេធ​យ៉ាង​ច្បាស់​ថា អ៊ីរ៉ង់​មិន​បោះបង់​កម្មវិធី​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ឡើយ ហើយ​ក៏​មិន​យល់ព្រម​ចូលរួម​ពិភាក្សា​អំពី​កម្មវិធី​មីស៊ីល​ផ្លោង​ផង​ដែរ។ លោក​ព្រមាន​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​សង្គ្រាម ប្រតិបត្តិការ​នោះ​អាច​បម្លែង​ទៅ​ជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់ ដែល​នឹង​បង្ក​អស្ថិរភាព​យ៉ាង​ធ្ងន់ធ្ងរ​នៅ​មជ្ឈិមបូព៌ា។

ទី​បី តួអង្គ​ដ៏​សំខាន់​មួយ​ទៀត គឺ​លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ លោក​តែងតែ​ព្រមាន​ថា មហិច្ឆតា​នុយក្លេអ៊ែរ កម្មវិធី​មីស៊ីល និង​ការ​គាំទ្រ​ក្រុម​ប្រដាប់​អាវុធ​របស់​អ៊ីរ៉ង់ គឺជា​គ្រោះថ្នាក់​ដល់​ការ​រស់រាន​មាន​ជីវិត​របស់​អ៊ីស្រាអែល។

លោក​បាន​ជំរុញ​ឱ្យ​មាន​សកម្មភាព​យោធា​ជា​មុន​ក្នុង​អំឡុង​សង្គ្រាម​រយៈពេល ១២​ថ្ងៃ​កាលពី​ឆ្នាំ​មុន ហើយ​បាន​បន្ត​អះអាង​ថា អ៊ីស្រាអែល​នឹង​ធ្វើ​សកម្មភាព​វាយប្រហារ​អ៊ីរ៉ង់ ម្ដង​ទៀត ប្រសិនបើ​អ៊ីរ៉ង់ ព្យាយាម​ស្ដារ​សមត្ថភាព​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើងវិញ។

កាលពី​ខែ​មករា លោក Netanyahu បាន​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជាជន​អ៊ីរ៉ង់ ដោយ​បង្ហាញ​ក្តី​សង្ឃឹម​ថា ប្រជាជន​អ៊ីរ៉ង់ នឹង​ត្រូវ​បាន​ដោះលែង​ពី​ការ​គ្រប់គ្រង​នៃ​របប​ផ្ដាច់ការ។ កាលពី​ខែ​កុម្ភៈ នេះ លោក Netanyahu ក៏បាន​ព្រមាន​ថា ប្រសិនបើ​មេដឹកនាំ​សាសនា​អ៊ីរ៉ង់ វាយប្រហារ​អ៊ីស្រាអែល ពួកគេ​នឹង​ប្រឈម​នឹង​ការ​ឆ្លើយតប​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ស្មាន​ដល់​បាន។

លោក​ក៏បាន​អំពាវនាវ​ជាបន្តបន្ទាប់​ឱ្យ​ប្រជាជន​អ៊ីរ៉ង់ ផ្លាស់ប្ដូរ​របប​ដឹកនាំ និង​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដូច​មុន​ពេល​ការ​កើតមាន​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់។

សម្រាប់​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​មើល​ឃើញ​ព្រះអង្គម្ចាស់ Reza Pahlavi កូនប្រុស​របស់​ស្តេច​ចុងក្រោយ​នៃ​អ៊ីរ៉ង់ ជា​តួអង្គ​ទី​៤ ដ៏​មាន​សក្ដានុពល​សម្រាប់​ការ​ផ្លាស់ប្ដូរ​ទៅ​របប​ប្រជាធិបតេយ្យ ទោះបីជា​ព្រះអង្គ​មិន​បាន​វិលត្រឡប់​មក​កាន់​ទឹកដី​អ៊ីរ៉ង់ ចាប់តាំងពី​មុន​បដិវត្តន៍​ឆ្នាំ​១៩៧៩ ក៏ដោយ។

ក្នុង​អំឡុង​ការ​តវ៉ា​ដ៏​ធំ​កាលពី​ខែ​មករា ពាក្យស្លោក​ដែល​លើកឡើង​ថា Pahlavi នឹង​ត្រឡប់​មក​វិញ” បាន​លេច​ឡើង​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់។ ព្រះអង្គម្ចាស់ Pahlavi ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​បុគ្គល​មួយ​រូប​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បើក​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់។

គង់​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ព្រះអង្គម្ចាស់ Pahlavi បាន​អំពាវនាវ​ឱ្យ​ប្រជាជន​អ៊ីរ៉ង់ បន្ត​ការ​តវ៉ា និង​បាន​ជំរុញ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន ធ្វើ​អន្តរាគមន៍​ដើម្បី​គាំទ្រ​ប្រជាជន​ដែល​ស្វែងរក​ការ​ផ្លាស់ប្ដូរ​នយោបាយ។

ក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាលពី​ខែ​កុម្ភៈ ព្រះអង្គ​បាន​បញ្ជាក់​ថា គោលដៅ​របស់​ទ្រង់ គឺ​ធានា​ការ​ផ្លាស់ប្ដូរ​ទៅ​រក​អនាគត​ប្រជាធិបតេយ្យ​សម្រាប់​អ៊ីរ៉ង់។

ព្រះអង្គម្ចាស់ Reza Pahlavi បាន​ប្រកាស​ថា «វា​ដល់​ពេល​ហើយ​ដើម្បី​បញ្ចប់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់» ជាមួយ​នឹង​ការ​អំពាវនាវ​របស់​ព្រះអង្គ​ឱ្យ​លោក ដូណាល់ ត្រាំ (Donald Trump) ជួយ​គាំទ្រ​ការ​ផ្លាស់ប្ដូរ​នយោបាយ​នៅ​អ៊ីរ៉ង់។

ទោះជា​យ៉ាងណា មិនមែន​គ្រប់​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​អ៊ីរ៉ង់ គាំទ្រ​ព្រះអង្គ​នោះ​ឡើយ។ អ្នកវិភាគ​ខ្លះ​ចាត់ទុក​ព្រះអង្គ​ជា​ជម្រើស​សម្រាប់​អនាគត​ប្រជាធិបតេយ្យ ខណៈ​អ្នក​ផ្សេង​ទៀត​រិះគន់​ចំពោះ​ការ​គាំទ្រ​របស់​ព្រះអង្គម្ចាស់​ដែល​មាន​និន្នាការ​ទៅ​រក​ប្រទេស​អ៊ីស្រាអែល រួម​ទាំង​ដំណើរ​ទស្សនកិច្ច​ដែល​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​កាន់​អ៊ីស្រាអែល របស់​ព្រះអង្គ​កាលពី​ក្នុង​ឆ្នាំ​២០២៣។

ទោះបី​តែងតែ​រិះគន់​ការ​គាបសង្កត់​ក្រោម​របប​បច្ចុប្បន្ន​ក៏ដោយ ព្រះអង្គម្ចាស់ Pahlavi ក៏​ត្រូវ​បាន​រំលឹក​ជា​ញឹកញាប់​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​សម័យ​រជ្ជកាល​របស់​បិតា​ព្រះអង្គ មុន​ពេល​កើតមាន​បដិវត្តន៍​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។

ចំណែក​តួអង្គ​សំខាន់​មួយ​ទៀត គឺជា​តួអង្គ​ទី​៥ គឺ​ព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទ និង​អ្នក​គ្រប់គ្រង​យ៉ាង​ពិតប្រាកដ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

អារ៉ាប៊ីសាអ៊ូឌីត និង​បណ្តា​ប្រទេស​ឈូងសមុទ្រ​ផ្សេងៗ មាន​ទស្សនៈ​ជា​យូរ​មក​ហើយ​ថា ការ​ចុះ​ខ្សោយ​របស់​អ៊ីរ៉ង់ អាច​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សន្តិសុខ ប៉ុន្តែ​ក៏​មាន​ការ​ព្រួយបារម្ភ​ថា អស្ថិរភាព​ក្នុង​ប្រទេស​អ៊ីរ៉ង់ អាច​បង្ក​ភាព​ចលាចល​ទូទាំង​តំបន់​មជ្ឈិមបូព៌ា។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ភាគច្រើន​កាន់​សាសនា​មូស្លីម​និកាយ​ស៊ុននី មាន​ការ​ប្រកួតប្រជែង​យូរ​អង្វែង​ជាមួយ​អ៊ីរ៉ង់ ដែល​ដឹកនាំ​ដោយ​និកាយ​ស៊ីអ៊ីត នៅ​តំបន់​ឈូងសមុទ្រ។

បន្ទាប់ពី​ក្លាយ​ជា​រាជទាយាទ​ក្នុង​ឆ្នាំ​២០១៧ ព្រះអង្គម្ចាស់ Mohammed bin Salman ធ្លាប់​បាន​ប្រៀបធៀប​លោក Ali Khamenei ទៅ​នឹង​លោក អាឌុល ហ៊ីត្លែរ នៃ​មជ្ឈិមបូព៌ា ដែល​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ បាន​កើន​ឡើង​ខ្លាំង​តាំងពី​ពេល​នោះ​មក៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស