រដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចរបស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលស្នើឱ្យលុបអនុស្សរណៈយោគយល់ (MoU) ឆ្នាំ២០០០ ពាក់ព័ន្ធនឹងព្រំដែនរវាងកម្ពុជា-ថៃ ថាគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយពីច្បាប់អន្តរជាតិ និងមានចេតនាកេងចំណេញនយោបាយ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជា បានចេញសេចក្តីប្រកាសបដិសេធនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះថា អនុស្សរណៈយោគយល់ (MoU) ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដ៏សំខាន់ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ ដែលផ្តល់នូវយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។
ប្រភពដដែល លើកឡើងថា MoU ឆ្នាំ២០០០ នេះមានចរិតលក្ខណៈជាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែន ដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អះអាងថា តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃ មិនអាចលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុប MoU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ នេះបើយោងតាមមាត្រា ៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវីយែន ស្ដីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ១៩៦៩ នោះ។
ប្រភពដដែលបន្តថា MoU ឆ្នាំ២០០០ បានផ្ដល់សមត្ថកិច្ច និងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
ជាងនេះទៀត ក៏ផ្អែកលើមូលដ្ឋានផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរផងដែរ។
ជាក់ស្តែង កន្លងមក គណៈកម្មការ JBC នៃភាគីទាំងពីរសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ដូចជា ការស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងទាំង ៧៤ ការជួសជុល និងថែទាំបង្គោលព្រំដែនសម័យបារាំង ដែលបានឯកភាពគ្នា ការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ថា ការលុប MoU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍបានឡើយ។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កាសែតថៃ The Nation បានរាយការណ៍ថា គណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភា បានផ្តល់យោបល់ ឬណែនាំជាឯកច្ឆន្ទឱ្យលុបចោលកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ (MoU43) ស្តីព្រំដែនគោក និងអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU44) ស្ដីពីតំបន់សមុទ្រ ប្រេង និងឧស្ម័នជាមួយកម្ពុជា។
ប្រភពដដែល បញ្ជាក់ថា ការណែនាំឱ្យលុបអនុស្សរណៈយោគយល់នេះ បន្ទាប់ពីលោក Nappadon Inha សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកសិក្សាពីគុណសម្បត្តិនិងគុណវិបត្តិនៃការលុបអនុស្សរណៈយោគយល់ជាមួយកម្ពុជា បានដឹកនាំកិច្ចប្រជុំចំនួន ២០លើក និងចុះសិក្សាផ្ទាល់ក្នុងខេត្តចំនួន៧ នៅតាមព្រំដែនជាប់ប្រទេសកម្ពុជា រួមទាំងការពិនិត្យរបាយការណ៍លម្អិតរបស់ទីភ្នាក់ងារសន្តិសុខថៃ ជាច្រើនលើកច្រើនសាមកនោះ។
ជុំវិញបញ្ហានេះ លោក ជុំ ឈាង អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានអះអាងកាលពីពេលថ្មីៗនេះថា ផ្អែកតាមអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ អនុស្សរណៈរវាងកម្ពុជា-ថៃ គឺអាចលុបបាន តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួនដែលបានចែងក្នុងមាត្រា ៤៦ រហូតដល់មាត្រា ៦៤ នៃច្បាប់នេះ។
លោក ជុំ ឈាង បញ្ជាក់ថា មាត្រាទាំង ៣០ នៃអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ នេះបានចែងយ៉ាងច្បាស់អំពីការបដិសេធ ការលុប និងការផុតរលត់នៃច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិនានា រួមទាំងសន្ធិសញ្ញាផ្សេងៗថែមទៀត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

